វិស័យសុខាភិបាល

អ្នកជំនាញស្នើឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់កំណើនអ្នកកើតជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលកំពុងវាយប្រហារជីវភាព និងសេដ្ឋកិច្ចជាតិ


ជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ខូចតម្រង់នោម និងលើសសម្ពាធឈាមជាដើម កំពុងក្លាយជាឃាតករលាក់មុខ និងគំរាមកំហែងដល់សុខភាពមនុស្សគ្រប់វ័យចាប់ពីកុមាររហូតដល់មនុស្សចាស់។ អ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា ការទម្លាប់បរិភោគអាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់អាចបណ្ដាលឱ្យកើតផលវិបាកធ្ងន់ធ្ងរហូតឈានដល់ការខូចតម្រងនោម និងតម្រូវឱ្យលាងឈាមជាប្រចាំអស់មួយជីវិត។
វិស័យសុខាភិបាល
ដោយ

អ្នកជំនាញបានអំពាវនាវឱ្យមហាជនផ្លាស់ប្តូរទម្លាប់រស់នៅដោយកាត់បន្ថយការបរិភោគអាហារ ឬភេសជ្ជៈមានជាតិស្ករខ្ពស់ បង្កើនការញ៉ាំទឹកស្អាត និងហាត់ប្រាណឱ្យបានទៀងទាត់ ខណៈស្ថាប័នពាក់ព័ន្ធត្រូវតែបង្កើនការអប់រំផ្នែកសុខភាព ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច ធនធានមនុស្ស និងសុខុមាលភាពសង្គមនាពេលអនាគត។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌ បានលើកឡើងថា ជំងឺទឹកនោមផ្អែមកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ ដោយវាបានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សគ្រប់វ័យ។ បញ្ហានេះទាមទារឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់លើរបបអាហារប្រចាំថ្ងៃ ដោយត្រូវកាត់បន្ថយការបរិភោគអាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជាទឹកអំពៅ និងភេសជ្ជៈកំប៉ុងជាដើម ហើយងាកមកពិសាទឹកស្អាតឱ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីការពារតម្រងនោម។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល និងរដ្ឋាភិបាលធ្លាប់បានអំពាវនាវ និងបានដាក់ចេញវិធានការហាមឃាត់ការលក់ភេសជ្ជៈកំប៉ុងក្នុងបរិវេណសាលារៀនរួចមកហើយ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះបានព្រមានថា ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តធ្វេសប្រហែសនោះជំងឺទឹកនោមផ្អែមនឹងអាចវិវត្តទៅជាជំងឺខូចតម្រងនោមរ៉ាំរ៉ៃ ដែលតម្រូវឱ្យលាងឈាមជាប្រចាំ និងបង្កជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធសុខាភិបាលសាធារណៈ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានកត់សម្គាល់ថា ក្រសួងសុខាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ រួមទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មរង្វាន់លើភេសជ្ជៈកំប៉ុង និងការលក់ភេសជ្ជៈក្នុងសាលារៀន ដើម្បីការពារសុខភាពកុមារ និងយុវជន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សុខភាពសាធារណៈគឺជាគ្រឹះនៃអភិវឌ្ឍន៍។

ប្រសិនបើពលរដ្ឋរងការគំរាមកំហែងពីជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត វានឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់គុណភាពធនធានមនុស្ស កម្លាំងពលកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាពឱ្យបានទូលំទូលាយដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹងស្វ័យការពារ និងកែប្រែទម្លាប់ហូបចុកឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការខ្វះចំណេះដឹងអំពីបញ្ហានេះអាចធ្វើឱ្យប្រជាពលរដ្ឋបន្តប្រឈមនឹងគ្រោះថ្នាក់សុខភាពដោយមិនដឹងខ្លួន។

គួរបញ្ជាក់ថា កាលពីកន្លងទៅប្រទេសក្បែរខាងកម្ពុជា ដូចជាវៀតណាម និងម៉ាឡេស៊ី ជាដើម បានដំឡើងពន្ធប្រមាណ១០% លើភេសជ្ជៈមានជាតិស្ករ ដើម្បីកាត់បន្ថយអត្រាអ្នកកើតជំងឺទឹកនោមផ្អែម និងបញ្ហាធាត់ជ្រុល និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងលើចំណីអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺទឹកនោមផ្អែម។

ជាមួយគ្នានេះកាលពីពេលថ្មីៗ ប្រទេសឥណ្ឌាកំពុងពិចារណាឱ្យអ្នកផលិតចំណីអាហារបិទស្លាកព្រមានលើអាហារ និងភេសជ្ជៈដែលមានជាតិស្ករ ប្រៃ និងខ្លាញ់លើសកម្រិត ដើម្បីបង្ការ និងទប់ស្កាត់កំណើនអ្នកកើតជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជាជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមជាដើម។ បើក្រឡេកមកមើលប្រទេសកម្ពុជាវិញ អ្នកជំនាញបានគូសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកកើតជំងឺមិនឆ្លងដូចជាទឹកនោមផ្អែម និងលើសសម្ពាធឈាមជាដើមកើនឡើងគួរឱ្យកត់សម្គាល់ ដែលទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការទប់ស្កាត់បន្ថែមទៀត៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុសផុល និងបន្តធ្វើពហិការទំនិញថៃ

ទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ជាច្រើន បានងាកមកជួយគាំទ្រផលិតផលក្នុងស្រុកយ៉ាងគំហុក បន្ទាប់ពីការធ្វើពហិការទំនិញថៃ ក៏ដោយ ប៉ុន្តែកត្តាស្ត…

​តើរូបិយប័ណ្ណឌីជីថល ឬគ្រីប.តូ អាចជួញដូរនៅកម្ពុជា បានដែរឬទេ?

និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពី គោលការណ៍គ្រប់គ្រងរូបិយប័ណ្ណឌីជីថល និងក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ