កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា​-ចិន

ជំនួបដំបូងរវាងតំណាងកម្ពុជា និងចិន អំពីដំណើរការ​ចរចា​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី បញ្ចប់ទៅដោយស្ងប់ស្ងាត់ មែនទេ?


ដូចការគ្រោងទុកមែន នៅថ្ងៃទី ៤ ខែធ្នូកន្លងទៅថ្មីៗនេះ តំណាងកម្ពុជា និងភាគីចិន បានជួបប្រជុំគ្នារួចហើយនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាពដើម្បីឆ្ពោះទៅរកកិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ប៉ុន្ដែ ជំនួបនេះត្រូវបានបញ្ចប់ទៅដោយមិនមានការប្រកាសព័ត៌មានផ្លូវការណាមួយពីភាគីទាំងពីរនៅឡើយទេ គិតមកទល់នឹងថ្ងៃទី ០៦ ខែធ្នូនេះ។ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ជំនួបដំបូងនេះគ្រាន់តែជាការជួបពិភាក្សាគ្នាដើម្បីសិក្សាពីលទ្ធភាព ដើម្បីធ្វើការងារបន្តប៉ុណ្ណោះ និងមិនទាន់មានកចរចាគ្នានៅឡើយទេ។
តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?

លោក ឡុង កែមវិចិត្រ​មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ឲ្យដឹងថា តំណាង​ពីកម្ពុជា បានជួបជាមួយនឹង​​តំណាង​ភាគីចិន រួចហើយ កាលពីថ្ងៃទី០៤ ធ្នូ កន្លងទៅនេះ ដោយបាន​ជួប​ជជែកគ្នា​ ដើម្បីសិក្សា​ពី​លទ្ធភាព​ធ្វើកិច្ចការងារ​បន្តទៀត លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ។ លោក កែមវិចិត្រ​ បន្ថែមទៀតថា ក្នុងជំនួប​ដំបូងនេះ គឺគ្រាន់តែជាការ​ជួប​ជជែកគ្នា សិក្សាជាមុន ដើម្បី​អាចបន្ត​នីតិវិធីទៅមុខទៀត។ ដូច្នេះ ក្នុងដំណាក់កាល​នេះ មិនទាន់មាន​ការចរចា ឬចុះហត្ថលេខា​លើអនុស្សារណៈ​ណាមួយ​នៅឡើយទេ។

«អត់មាន​ការចរចាអីទេ នៅពេលនេះ ដូចជម្រាបជូនអញ្ចឹង យើងគ្រាន់តែទៅពិភាក្សាគ្នា ដើម្បីធ្វើការសិក្សាទេ! ការចរចាទាំងឡាយ គឺអត់ទាន់​ចាប់ផ្ដើមទេនៅពេលនេះ។» នេះជា​ប្រសាសន៍លើកឡើង​​របស់លោក ឡុង កែមវិចិត្រ។

យ៉ាងណាក៏ដោយចុះ មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មរូបនេះ បាន​បញ្ជាក់ថា ចំពោះនីតិវិធី នឹងនៅតែ​បន្តទៅមុខ ដូច្នេះហើយ ភាគីទាំងពីរ​អាចនឹង​បន្តជួបគ្នា​ជាបន្ដទៀត ប៉ុន្ដែ សម្រាប់​ពេលវេលា​ជាក់លាក់​ថា ថ្ងៃណានោះ គឺនៅមិនទាន់​ដឹងនៅ​ឡើយទេ។

សម្ដេច ហ៊ុន សែន កាលពី ថ្ងៃទី ១៦ វិច្ឆិកា​កន្លងទៅ បាន​ប្រកាស​ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ គឺជាការ​ចាប់ផ្ដើម​បើក​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាងកម្ពុជា និងប្រទេសចិន។ សម្ដេច ហ៊ុន សែន ក៏មានភាពជឿជាក់​ថា​កិច្ចព្រមព្រៀងនេះ នឹងអាច​សម្រេចបាន​នៅពេល​ដ៏ខ្លី​ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់​បានគូសបញ្ជាក់ថា ពេលណាកម្ពុជា​មានពាណិជ្ជកម្មសេរីជាមួយចិន នោះទីផ្សារចិន នឹងបើកចំហរ​ទីផ្សារសម្រាប់​ផលិតផលកម្ពុជា ដែលវាជាផល​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏សំខាន់។

គួរបញ្ជាក់ដែរថា ក្រៅអំពី​កំពុង​សិក្សាពីលទ្ធភាព​កិច្ចចរចា​ពាណិជ្ជកម្មសេរី​ជាមួយប្រទេសចិន ហើយនោះ នាពេលថ្មីៗនេះ កម្ពុជា​ក៏​កំពុង​សិក្សាលើ​កិច្ចចរចា​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ។

បើតាមក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា នាំចេញទៅចិន គឺមានផលិតផល​កសិកម្ម​​តែប៉ុន្មាន​មុខប៉ុណ្ណោះ ដូចជា អង្ករ ដំឡូង ពោត និងចេក ជាដើម។ ហើយថ្មីៗនេះ កម្ពុជា​ក៏គ្រោង​នឹង​មាន​កិច្ចព្រមព្រៀង​ជាមួយ​ភាគីចិន ដើម្បី​នាំចេញស្វាយ ទៅកាន់ទីផ្សារចិន​ផងដែរ។

គួរបញ្ជាក់ថា របាយការណ៍ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា គិតត្រឹម៩ខែ ដំបូងនៅឆ្នាំ២០១៩នេះ បើនិយាយពីទីផ្សារចិនតែមួយ គឺមានចំណែក​ទីផ្សារតែ​ប្រមាណ ៧% ប៉ុណ្ណោះ នៃការនាំចេញ​សរុប​របស់កម្ពុជា ប៉ុន្ដែ បើក្រឡេក​ទៅមើល​ការនាំចូលវិញ ប្រទេសចិន គឺជាប្រទេស​នាំចូលធំបំផុត​មកកាន់កម្ពុជាដែលមានចំណែកទីផ្សារ ៣៩% នៃការនាំចូលសរុបរបស់កម្ពុជា។

របាយការណ៍ពីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ៧.៤០០លានដុល្លារអាមេរិក នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ប្រមាណ ១.៤០០ លានដុល្លារអាមេរិក កើនឡើង ៣៧% ខណៈដែលចិននាំចូលមកកម្ពុជាវិញ មានប្រមាណ ៦ពាន់លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។  ប្រទេសទាំងពីរក៏ធ្លាប់មានគោលដៅ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ ពាន់លានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២៣ខាងមុខ៕

None



អត្ថបទបន្ទាប់


កម្ពុជា​កំពុង​ចរចា​ជាមួយ​អាមេរិក នាំ​ស្វាយ​ចេញ​ទៅ​ទីផ្សារ​អាមេរិក

មន្រ្តី​កសិកម្ម​ជាន់​ខ្ពស់​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​ធ្នូ​នេះ ថា​ កម្ពុជា​បាន​រៀបចំ​ឯកសារ​បច្ចេកទេស​ ចរចា​ជាមួយ​សហរដ្ឋ…

និស្សិតចិន កំពុងពេញនិយមបន្តការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីរកការងារបានតំណែងខ្ពស់

កំណើនសាលាពាណិជ្ជកម្មនៅប្រទេសចិន កំពុងពង្រីកខ្លួនកាន់តែច្រើន ជាមួយនឹងកំណើនអ្នកនិស្សិតចុះឈ្មោះចូលរៀនផ្នែកនេះ ក៏មានកាន់តែច្រើនដែរ ដើម្បីជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ