ប្រតិកម្មរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឡើងបន្ទាប់ពីលេចឮព័ត៌មានពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កិច្ចព្រមព្រៀងនាំចេញអង្ករទៅបង់ក្លាដែសត្រូវបានលុបចោល។
ថ្លែងប្រាប់ ខេមបូណូមីស តាមទូរស័ព្ទឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការនាំចេញអង្ករទៅ បង់ក្លាដែស នៅដំណាក់កាលដំបូងសម្រាប់ឆ្នាំនេះ បានមានភាពយឺតយ៉ាវ មិនអាចឈានទៅសម្រេចកិច្ចសន្យា ដោយសារតែកម្ពុជាមិនមានអង្ករគ្រប់គ្រាន់ដើម្បីនាំចេញទៅតាមការចង់បានរបស់ប្រទេសបង់ក្លាដែស។
លោកបន្ថែមថា ការតម្រូវឲ្យនាំអង្ករទៅប្រទេសបង់ក្លាដែស គឺមានរយៈពេលខ្លី ខណៈដែលរដូវប្រមូលផលមិនទាន់ចូលមកដល់ ហើយកម្ពុជាត្រូវការពេលវេលាដើម្បីរៀបចំ។ ណាមួយទៀត នេះគឺជាការនាំចេញអង្ករទៅទីផ្សារអន្តរជាតិទ្រង់ទ្រាយធំមួយសម្រាប់កម្ពុជា ដែលចាំបាច់ត្រូវមានទំនាក់ទំនងបន្ថែមរវាងប្រទេសទាំងពីរ ការសិក្សាពីនីតិវិធីក្នុងការនាំចេញនិងការចរចាដ៏ត្រឹមត្រូវជាដើម។
ហេតុនេះហើយ ទើបធ្វើឲ្យកម្ពុជាខកខានក្នុងការនាំចេញទៅបង់ក្លាដែសនៅដំណាក់កាលដំបូងនេះ។ ទោះយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថា ការនាំចេញទៅបង់ក្លាដែសនេះ ត្រូវធ្វើឡើងទៅតាមដំណាក់កាល ហើយកម្ពុជាកំពុងស្ថិតនៅក្នុងចំណុចចាប់ផ្ដើមនៅឡើយ ដូច្នេះ វាទាមទារឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារនេះបន្តទៀត។
ជាមួយគ្នានេះដែរ លោកឧកញ៉ា គឹម សាវុធ នាយកប្រតិបត្តិក្រុមហ៊ុន Khmer Food ធ្លាប់បានលើកឡើងដែរថា ជាទូទៅ នៅដើមឆ្នាំនៃរដូវប្រមូលផលស្រូវ កម្ពុជាច្រើនតែត្អូញត្អែរពីការខ្វះទីផ្សារ តែពេលចុងឆ្នាំ តែងតែខ្វះអង្ករដើម្បីលក់ទៅឲ្យទីផ្សារវិញ។ ជាក់ស្ដែង កាលពីពេលកន្លងទៅថ្មីៗនេះ ខាងសហព័ន្ធស្រូវអង្ករក៏ធ្លាប់បានមកទាក់ទងទិញអង្ករពីក្រុមហ៊ុនលោក ដើម្បីធ្វើការនាំចេញទៅបង់ក្លាដែសដែរ ប៉ុន្ដែ ក្រុមហ៊ុនលោកមិនមានអង្ករគ្រប់គ្រាន់សម្រាប់លក់ជូន ដូច្នេះហើយទើបធ្វើឲ្យភាគីកម្ពុជាមិនអាចឈានទៅសម្រេចបានតាមកិច្ចសន្យា ឬការចង់បានរបស់បង់ក្លាដែស។
បើតាមឧកញ៉ា ហ៊ុន ឡាក់ ធ្លាប់បានលើកឡើងថា កន្លងមក កម្ពុជាធ្លាប់បានចរចាជាមួយបង់ក្លាដែសពីតម្លៃសម្រាប់លក់ចេញផងដែរ ពោលគឺមានតម្លៃប្រមាណជាង ៤០០ដុល្លារក្នុងមួយតោន ដែលការនាំចេញនេះ ជាប្រភេទអង្ករសធម្មតា មិនមែនអង្ករចំហុយនោះឡើយ។
ទោះយ៉ាងណា ការឈានទៅសម្រេចកិច្ចការនាំចេញទៅបង់ក្លាដែស ២៥ម៉ឺនតោនក្នុងដំណាក់កាលដំបូងនេះ ពុំបានសម្រេចតាមការរំពឹងទុកនោះទេ។
ជុំវិញព័ត៌មានដែលថា កិច្ចព្រមព្រៀងនាំចេញអង្ករទៅបង់ក្លាដែស ត្រូវបានលុបចោលនេះដែរ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រា បានអះអាងថា រហូតមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន គ្រីន ត្រេដ នៅតែបន្តជំរុញកិច្ចចរចានាំអង្ករទៅបង់ក្លាដែស ដដែល ហើយគម្រោងនេះនៅតែមានជាផ្លូវការ និងមិនមានការលុបចោលកិច្ចព្រមព្រៀងនោះទេ ហើយខាងក្រុមហ៊ុន គ្រីនត្រេដ ក៏កំពុងតែបន្តធ្វើកិច្ចការងារនេះដដែល។
យ៉ាងណាក៏ដោយ លោកមិនដឹងថា ដំណើរការចរចានេះកំពុងឈានមកដល់ដំណាក់កាលណានៅឡើយទេ ដោយទំនួលខុសត្រូវ គឺជាកាត្វកិច្ចរបស់ក្រុមហ៊ុន គ្រីន ត្រេដ។ ខេមបូណូមីស បានហៅទូរស័ព្ទជាច្រើនដងទៅកាន់នាយកគ្រប់គ្រងក្រុមហ៊ុន គ្រីន ត្រេដ លោក ចាន់ សុខទី តែមិនអាចទាក់ទងបាន។
សូមបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងប្រទេសបង់ក្លាដែស ក្នុងការនាំចេញអង្ករឲ្យបាន១លានតោន ក្នុងរយៈពេល៥ឆ្នាំនេះ ត្រូវបានចុះហត្ថលេខាព្រៀមព្រៀងគ្នាកាលពីដើមខែសីហា កន្លងទៅ។ ក្នុងនោះ កម្ពុជារំពឹងថា ក្នុងមួយឆ្នាំដំបូងនេះ នឹងអាចធ្វើការនាំចេញអង្ករទៅបង់ក្លាដែស បាន ២៥ម៉ឺនតោន។ ប៉ុន្ដែ បើតាមការអះអាងពីអ្នកជំនាញ ការរំពឹងនេះត្រូវបានខកខានដោយសារតែពេលវេលាសម្រាប់ការនាំចេញមានខ្លី ខណៈដែលអង្ករកម្ពុជានៅក្នុងស្ដុកមានមិនគ្រប់គ្រាន់នៅឡើយ៕