រដ្ឋមន្ត្រីការបរទេស BRICS

រដ្ឋមន្ត្រីការបរទេស BRICS បង្ហាញភាពរឹងមាំនៃប្លុកនេះ ខណៈដីកាចាប់ខ្លួនលោក ពូទីន កាន់តែខិតជិតមកដល់


រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៥ (BRICS) កាលពីថ្ងៃព្រហស្បតិ៍បានអះអាងជាថ្មីអំពីមហិច្ឆិតារបស់ក្រុមនេះ ក្នុងការប្រកួតប្រជែងជាមួយមហាអំណាចលោកខាងលិច។ ប៉ុន្តែកិច្ចពិភាក្សារបស់ពួកគេនៅអាហ្វ្រិកខាងត្បូងត្រូវបានគ្របដណ្ដប់ដោយសំណួរថា តើប្រធានាធិបតីរុស្ស៊ីនឹងត្រូវចាប់ខ្លួនឬទេ ប្រសិនបើលោកចូលរួមកិច្ចប្រជុំកំពូលក្នុងខែសីហាខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេស BRICS បង្ហាញភាពរឹងមាំនៃប្លុកនេះ ខណៈដីកាចាប់ខ្លួនលោក ពូទីន កាន់តែខិតជិតមកដល់
ដោយ

រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង លោកស្រី ណាល្លីឌី ផានដ័រ (Naledi Pandor) បាននិយាយថា ប្រទេសលោកស្រីដែលធ្វើជាម្ចាស់ផ្ទះ កំពុងពិចារណាលើជម្រើសថាតើ​គួចាប់ខ្លួនលោក ពូទីន ដែរ ឬយ៉ាងណា បើលោក ពូទីន មកចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហានណេសប៊ឺកនាខែសីហា នៅពេលដែលលោកមានឈ្មោះក្នុងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

ក្នុងនាមជាសមាជិក ICC, អាហ្រ្វិកខាងត្បូងមានកាតព្វកិច្ចអនុវត្តតាមដីកាតុលាការអន្តរជាតិនេះ ដើម្បីចាប់ខ្លួនលោកពូទីន។ នៅក្នុងកិច្ចប្រជុំបឋមថ្នាក់រដ្ឋមន្ត្រីក្រុមប្រទេស BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនដែរ, លោកស្រី ផានដ័រ បានឱ្យដឹងថា ចម្លើយគឺអាស្រ័យលើប្រធានាធិបតិ លោក ស៊ីរីល រ៉ាម៉ាហ្វូស្សា (Cyril Ramaphosa) ដែលជាអ្នកសម្រេចចុងក្រោយអំពីជំហររបស់អាហ្វ្រិកខាងត្បូង។

គួរជម្រាបថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចោទប្រកាន់លោក ពូទីន កាលពីខែមីនាកន្លងទៅ ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបទជម្លៀសកុមារអ៊ុយក្រែនរាប់ពាន់នាក់ចេញពីទឹកដីដែលខ្លួនកាន់កាប់ក្នុងប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ​ ចំពោះលិខិតអញ្ញើញកាលពីខែមករាឱ្យចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែសីហាខាងមុខនោះ លោក ពូទី​ន មិនទាន់បានបញ្ជាក់ពីផែនការរបស់លោកថា នឹងចូលរួមឬអត់ទេ​ តែវិមានក្រឹមឡាំងគ្រាន់តែនិយាយថា ភាគីរុស្ស៊ីនឹងចូលរួមក្នុង«កម្រិតសមស្រប»។

លោក ស៊ូប្រាម៉ានីយ៉ាំ ចៃសានការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយអំពីការប្រមូលផ្តុំអំណាចសេដ្ឋកិច្ច ជាអ្វីដែលលោកថ្លែងថា បាន«ទុកឱ្យប្រទេសជាច្រើនត្រូវពឹងផ្អែកលើសេចក្ដីអាណិតអាសូររបស់ប្រទេសមហាអំណាចមួយចំនួនតូច។ លោក ចៃសានការ ក៏បានលើកឡើងអំពីសេចក្ដីត្រូវការកែទម្រង់យន្តការនៃការសម្រេចចិត្តកម្រិតសកល ក្នុងនោះមានទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។

ទន្ទឹមនឹងនេះ លោកស្រី​ ផានដ័រ រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង បានប្រាប់ថា នាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារដែលត្រូវបានបង្កើតឡើងដោយក្រុមប្រទេស BRICS កាលពីឆ្នាំ ២០១៥ បានជូនដំណឹងមករដ្ឋមន្ត្រីនានាអំពីលទ្ធភាពប្រើប្រាស់រូបិយប័ណ្ណជំនួសឱ្យរូបិយប័ណ្ណអន្តរជាតិដែលកំពុងជួញដូរបច្ចុប្បន្ន។ ការធ្វើបែបនេះ បើតាមលោកស្រី គឺដើម្បីធានាថា ក្រុមប្រទេសកំពុងអភិវឌ្ឍមិនក្លាយជាជនរងគ្រោះដោយសារទណ្ឌកម្មដែលមានឥទ្ធិពលបន្ទាប់បន្សំមកលើពួកគេដែលមិនមានការពាក់ព័ន្ធក្នុងបញ្ហាដែលនាំទៅដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីទាំងនោះ។

លោកស្រី ផានដ័រ បានបន្ថែមថា ការពិភាក្សាក៏បានផ្តោតលើការបើកទ្វារសម្រាប់ទទួលប្រទេសផ្សេងៗទៀតឱ្យចូលជាសមាជិកក្រុមប្រទេស BRICS ដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូស្សេន អាមៀ អាប់ដុល្លាហៀន (Hossein Amir-Abdollahian) និងសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វេស្សាល់ ប៊ិន ហ្វាហាន អាល់ សាអ៊ូត (Faisal bin Farhan Al Saud) ក៏មានវត្តមាននៅទីក្រុង ខេប ថោន (Cape Town) ដើម្បីចូលរួមក្នុងកិច្ចប្រជុំ BRICS ដែលបន្តធ្វើនៅថ្ងៃសុក្រ ទី២ ខែមិថុនា។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសទាំងពីរនេះ រួមជាមួយប្រទេសវេណេហ្ស៊ុយអេឡា អាហ្សង់ទីន អាល់ហ្សេរី និងអេមីរ៉ាត់អារ៉ាប់រួម ស្ថិតក្នុងចំណោមប្រទេសដែលបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយក្រុមប្រទេស BRICS ឬបានបង្ហាញចំណាប់អារម្មណ៍ចំពោះក្រុមនេះ។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ចៅហ្ស៊ូ (Ma Zhaoxu) បាននិយាយថា ប្រទេសរបស់លោកសប្បាយចិត្តចំពោះលទ្ធភាពដែលបណ្តាប្រទេសជាច្រើនទៀតអាចចូលរួមជាមួយក្រុមប្រទេស BRICS ព្រោះថា វានឹងបង្កើនឥទ្ធិពលនៃក្រុមប្រទេសកំពុងអភិវឌ្ឍមួយនេះ ក៏ដូចជាផ្តល់អំណាចបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍលើសកលលោក៕




អត្ថបទបន្ទាប់


តម្លៃប្រេងកើនឡើង បន្ទាប់ពីសភាអាមេរិកអនុម័តច្បាប់ស្ដីពីកម្រិតបំណុល

តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃសុក្រទី០២មិថុនានេះ ស្របពេលដែលទំនុកចិត្តអ្នកវិនិយោគកើនឡើង បន្ទាប់ពីការអនុម័តសេចក្ដីក្ដីព្រាងច្បាប់ស្ដីពីកម្រិតព…

កត្តាអ្វីជំរុញឲ្យវិនិយោគិនបរទេសបានដកភាគហ៊ុនចេញពីចិនច្រើនឡើងនៅខែឧសភា?

ការលក់ភាគហ៊ុនរបស់ក្រុមវិនិយោគិនបរទេសនៅក្នុងខែឧសភាមានសម្ទុះកើនឡើង នៅពេលដែលតម្រូវការក្នុងស្រុកខ្សោយ និងការប្រឈមមុខនឹងប្រាក់ចំណូលសាជីវកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ