
បើតាមការប្រកាសឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន ជីប ម៉ុង នឹងដាក់ឲ្យដំណើរការសណ្ឋាគារ ផ្កាយ៥ លំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលស្ថិតនៅចំបេះដូងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច នៅកម្ពុជា ។
នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំពិធីក្រុងពាលីតាមប្រពៃណី ដើម្បីបួងសួងសុំសេចក្តីសុខ និងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវបានបើកដំណើរការជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ។
បើតាមគេហទំព័ររបស់សណ្ឋាគារ ពីឥឡូវនេះ អតិថិជនឬភ្ញៀវអាចធ្វើការកក់បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារលំដាប់ពិភពលោក ផ្កាយ៥ ដ៏ថ្មីសន្លាងនេះបានហើយ ពោលគឺសម្រាប់ការស្នាក់នៅពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តទៅ ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មាន ២៤៧បន្ទប់ វិនិយោគអស់ទឹកប្រាក់ជិត ១៨០លានដុល្លារអាមេរិក និងមានម្ចាស់ជាក្រុមគ្រួសារមហាសេដ្ឋី "ជីប ម៉ុង គ្រុប" ដែលលោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាម្ចាស់ ៕