
បើតាមសេចក្តីជូនដំណឹងដដែល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ សណ្ឋាគារអណ្តែតទឹក 4 Rivers ដ៏ល្បីត្រូវបានបំផ្លាញដោយសារទឹកឡើងខ្លាំងភ្លាមៗ ព្រោះក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន។ ក្រុមហ៊ុនគ្រប់គ្រងវារីអគ្គិសនីស្ទឹងតាតៃបាននិយាយថា ពួកគេមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងជាមុននោះទេ ព្រោះបរិមាណទឹកភ្លៀងឡើងលឿនពេក។
សណ្ឋាគារអណ្តែតទឹក 4 Rivers គឺជាសណ្ឋាគារបែបតង់អណ្តែតទឹកដំបូងគេបង្អស់លើពិភពលោក និងបានបណ្តែតខ្លួនអស់រយៈពេលជាង ៩ឆ្នាំដោយមិនមានបញ្ហា។ ទឹកភ្លៀងរដូវវស្សាមិនដែលបង្កជាក្តីបារម្ភនោះទេនាពេលកន្លងមក។ គ្រោងសណ្ឋាគារទាំងមូលត្រូវបានរចនាដោយយកចិត្តទុកដាក់ដើម្បីអាចប្រែប្រួលតាមភាពឡើងចុះនៃកម្រិតទឹកនៅរដូវវស្សារហូតដល់កម្ពស់ ២ម៉ែត្រ ដូចនេះអាចធានានូវសុវត្ថិភាពទាំងស្រុងគ្រប់ពេល។ ជារៀងរាល់ឆ្នាំ ក្រុមបច្ចេកទេសរបស់សណ្ឋាគារអណ្តែតទឹក 4 Rivers តែងចុះពិនិត្យលម្អិតរាល់គ្រោង បណ្តែតទឹកក្នុងខែឧសភា និងមិថុនា និងបានរឹតបន្តឹងប្រព័ន្ធខ្សែលួសចងភ្ជាប់នឹងច្រាំង។

ប៉ុន្ដែ នៅវេលាម៉ោង ៦ព្រឹកនៃថ្ងៃទី១៧ ខែកក្កដា រលកទឹកដ៏ខ្លាំងហូរចេញពីវារីអគ្គិសនីស្ទឹងតាតៃនាំយកមកជាមួយនូវដើមឈើងាប់ធំៗ និងបានបុកទង្គិចនឹងគ្រោងសណ្ឋាគារអណ្តែតទឹក 4 Rivers តែម្តង ដែលធ្វើឲ្យ ប្រព័ន្ធខ្សែលួសដែលចងភ្ជាប់សណ្ឋាគារអណ្តែតទឹក 4 Rivers ទៅនឹងច្រាំងបានដាច់ គ្រោងត្រូវរមួលត្រគួញ និងខូចខាតជា៦បំណែកដាច់ពីគ្នា។
ផ្នែកខ្លះនៃសណ្ឋាគារដោយមានវត្តមានបុគ្គលិក មនុស្សពេញវ័យ និងកុមារ៤០នាក់រួមទាំងភរិយា និងកូនប្រុសរបស់ម្ចាស់សណ្ឋាគារផង ត្រូវបានចរន្តទឹកបញ្ជូនរហូតដល់ចម្ងាយជាង៨គីឡូម៉ែត្រពីទីតាំងដើម ធ្វើឲ្យគ្រោងសណ្ឋាគាររហែកពីគ្នានិងរសាត់តាមព្រែករហូតដល់កោះស្មាច់។ យ៉ាងណាក៏ដោយ បើតាមសេចក្តីសេចក្តីជូនដំណឹងនេះ ពុំមានមនុស្សណាម្នាក់ស្លាប់នៅក្នុងគ្រោះមហន្តរាយនេះទេ ដោយសារតែមានកិច្ចអន្តរាគមន៍យ៉ាងលឿនតាមរយៈអូប័រពីសំណាក់អ្នកជិតខាងក្នុងភូមិតាតៃ។

សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងទៀតថា ការវាយតម្លៃប៉ាន់ប្រមាណអំពីការខូចខាត គឺប្រហែលរាប់សិបពាន់ដុល្លាអាមេរិក។ សណ្ឋាគារអណ្តែតទឹក 4 Rivers ស្ថិតក្នុងស្ថានភាពមិនអាចដំណើរការបានទាំងស្រុង ហើយសណ្ឋាគារនេះ ក៏បានលប់ចោលរាល់ការកត់បន្ទប់រហូតដល់ចុងខែតុលា៕