លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ការបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជា ពីអត្រា ៥% មកនៅត្រឹម ៤,២% នៅឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីការថមថយល្បឿន នៃតម្រូវការខាងក្រៅ និងការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ គួបផ្សំការងើបឡើងវិញយឺតជាងការរំពឹងទុករបស់វិស័យអចលនទ្រព្យ និងសំណង់។ លើសពីនេះ បញ្ហាវិបត្តិថាមពលសកល ដែលបន្តអូសបន្លាយកំពុងដាក់សម្ពាធដល់សេដ្ឋកិច្ចកម្ពុជា ដោយជំរុញឱ្យតម្លៃទំនិញ និងការដឹកដឹកជញ្ជូនកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់កម្លាំងទិញរបស់ពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កម្ពុជា ត្រូវធ្វើពិពិធកម្មផលិតកម្មនាំចេញ ដែលមានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមធុរកិច្ច និងបង្កើនការគាំទ្រសហគ្រាសក្នុងស្រុក។ បន្ថែមលើនេះ រដ្ឋាភិបាលត្រូវពន្លឿនការឆ្លើយតបឱ្យទាន់ពេល ប្រសិនបើវិបត្តិថាមពលសកលបន្តអូសបន្លាយពេលយូរ តាមរយៈការវិនិយោគលើថាមពលស្អាត ការធានាឱ្យបាននូវការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងបន្ថែមកញ្ចប់អន្តរាគមន៍លើវិស័យដឹកជញ្ជូន និងកសិកម្ម។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានចាត់ទុកការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនេះថា ធ្វើឡើងស្របតាមបរិបទនៃភាពមិនប្រាកដប្រជានៃបញ្ហាភូមិសាស្រ្តនយោបាយសកល ពិសេសសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងខ្លាំងដល់ការកើនឡើងតម្លៃប្រេងឥន្ធនៈ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើបញ្ហានេះបន្តអូសបន្លាយពេលយូរ នោះវានឹងជំរុញឱ្យសម្ពាធអតិផរណាកើនឡើងខ្ពស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយរបស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។
យោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជា ត្រូវបានបន្ទាបកំណើនពី ៥% មកនៅត្រឹម ៤,២% នៅឆ្នាំ២០២៦។ ការបន្ទាបការព្យាករនេះផ្អែកលើការកើនឡើងថ្លៃប្រេងឥន្ធនៈ ឥទ្ធិពលសាយភាយពីបញ្ហាព្រំដែន កម្ពុជា-ថៃ និងផលប៉ះពាល់ក្នុងរយៈពេលខ្លី នៃការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកលើសេដ្ឋកិច្ច។ ក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា សភាពការណ៍សកល និងតំបន់បច្ចុប្បន្ននេះ មានការវិវត្តយ៉ាងរហ័ស និងមិនអាចប៉ាន់ស្មានបាន។ តែទោះយ៉ាងណា កម្ពុជា នៅបន្តពង្រឹង និងពង្រីកខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រមចំនួន២ គឺវិធានការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ចំពោះមុខ និងក្នុងរយៈពេលខ្លី ដោយផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរក្សាលំនឹងជីវភាព និងនិរន្តរភាពសកម្មភាពសង្គម-សេដ្ឋកិច្ច និងវិធានការគោលនយោបាយរយៈពេលមធ្យម និងវែងខាងមុខ៕