សេដ្ឋកិច្ចពិភពលោក-គ្រោះមហន្ដរាយធម្មជាតិ

សេដ្ឋកិច្ចពិភពលោកនឹងខាតបង់ជាង ៥ទ្រីលានដុល្លារ ដោយសារគ្រោះមហន្ដរាយធម្មជាតិនៅត្រឹមឆ្នាំ២០៥០


បើតាមរបាយការណ៍ពីស្ថាប័នជំនាញស្រាវជ្រាវផ្នែកបរិស្ថាន GHD របស់អង់គ្លេស បានរកឃើញថា វិបត្តិគ្រោះរាំងស្ងួត ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងបណ្តានានា ពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួនរបស់ពិភពលោក អាចបណ្តាលឱ្យសេដ្ឋកិច្ចសកលខាតបង់ប្រាក់ដល់ទៅជាង ៥,៦ ទ្រីលានដុល្លារអាមេរិកឯណោះនៅត្រឹមឆ្នាំ២០៥០។
ទឹកជំនន់ឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ជាង៥ទ្រីលានដុល្លារ!

នៅក្នុងឆ្នាំ២០២២នេះ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងកាលពីដើមឆ្នាំបានបង្កជាទឹកជំនន់ ជន់លិចទីក្រុងនានាក្នុងប្រទេសចិន និងចុងក្រោយថ្មីៗនេះនៅកូរ៉េខាងត្បូង ប៉ាគីស្ថាន និងប្រទេសថៃជាដើម។ ក៏ប៉ុន្ដែនៅប្រទេសមួយចំនួន បែរជាមានរលកកំដៅបានរំខានដល់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ខណៈដែលគ្រោះរាំងស្ងួតបានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលរបស់កសិករនៅទូទាំងទ្វីបអឺរ៉ុប។

ក្នុងមួយឆ្នាំៗគ្រោះមហន្តរាយធម្មជាតិបែបនេះធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រាក់រាប់រយពាន់លានដុល្លារ។ ជាក់ស្តែងគ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះខ្លាំងកាលពីឆ្នាំ២០២១ នាំឱ្យពិភពលោកខាតបង់ជាង ២២៤ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យ ដោយមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះមហន្តរាយដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិច។

ប៉ុន្តែដោយសារការប្រែប្រួលអាកាសធាតុកើតមានកាន់តែខ្លាំង និងញឹកញាប់ជាងមុនដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ដូចនេះនៅប៉ុន្មានទសវត្សរ៍ខាងមុខការចំណាយ និងផលប៉ះពាល់សេដ្ឋកិច្ចនឹងកើនឡើងច្រើនជាងនេះថែមទៀត។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រុមហ៊ុនជំនាញប្រឹក្សាផ្នែកបរិស្ថានឈ្មោះ GHD ។

អ្នកជំនាញផ្នែកទឹករបស់ក្រុមហ៊ុន GHD បាននិយាយថា គ្រោះមហន្តរាយធម្មជាតិ ដែលពាក់ព័ន្ធនឹងទឹក រួមមានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត អាចជាគ្រោះធម្មជាតិដែលបំផ្លិចបំផ្លាញខ្លាំងជាងគេបំផុត ដែលពិភពលោកអាចជួបប្រទះ។

ស្ថាប័ន GHD បានវាយតម្លៃហានិភ័យនៃគ្រោះធម្មជាតិបង្កឡើងដោយទឹកនៅក្នុងប្រទេសចំនួន៧ដែលមានឱ្យលក្ខខណ្ឌសេដ្ឋកិច្ច និងអាកាសធាតុផ្សេងៗគ្នាដូចជា សហរដ្ឋអាមេរិក ចិន កាណាដា ចក្រភពអង់គ្លេស ហ្វីលីពីន អេមីរ៉ាតអារ៉ាប់រួម និងអូស្ត្រាលី។ ក្នុងចំណោមប្រទេសទាំង៧ ក្រុមការងាររបស់ GHD បានប៉ាន់ប្រមាណថវិកានៃការខាតបង់ ការចំណាយរបស់រដ្ឋនៅពេលជួបមហន្តរាយ ក៏ដូចជាផលប៉ះពាល់សេដ្ឋកិច្ចទាំងមូល។

នៅសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ការខាតបង់អាច មានដល់៣,៧ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៥០ ហើយGDPរបស់អាមេរិកអាចធ្លាក់ចុះប្រហែល ០,៥% ក្នុងមួយឆ្នាំៗ។ ដោយឡែកប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោក ប្រឈមនឹងការខាតបង់សរុបប្រហែល ១,១ ទ្រីលានដុល្លារត្រឹមឆ្នាំ២០៥០ផងដែរ។

ក្នុងចំណោមវិស័យដែលមានសារៈសំខាន់បំផុតទាំង៥សម្រាប់សេដ្ឋកិច្ចពិភពលោក ការផលិត និងការផ្គត់ផ្គង់ នឹងរងផលប៉ះពាល់ខ្លាំងជាងគេពីគ្រោះមហន្តរាយធម្មជាតិ ជាមួយទឹកប្រាក់ ៤,២ ទ្រីលានដុល្លារ។ វិស័យកសិកម្មដែលងាយរងគ្រោះដោយភាពរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង អាចខាតបង់ប្រាក់ចំនួន ៣៣២ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៥០។ វិស័យផ្សេងទៀតដែលប្រឈមមុខនឹងបញ្ហាដែរ នោះគឺការលក់រាយ ធនាគារ និងវិស័យថាមពល។

សូមជម្រាបថា របាយការណ៍ដោយឡែកមួយចេញផ្សាយកាលពីថ្ងៃចន្ទដូចគ្នា បានទាញសញ្ញាអាសន្នពីការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលបង្កឡើងជាចម្បងដោយការរលាយផ្ទាំងទឹកកកនៅតំបន់ Greenland ប្រទេសដាណាម៉ាក ក្បែរទ្វីបអង់តាក់ទិក។ កំដៅផែនដីដែលបន្តកើនឡើង នឹងធ្វើឱ្យទឹកកកនៅ Greenland ៣,៣%បន្ថែមទៀតរលាយ ហើយជំរុញឱ្យកម្ពស់ទឹកសមុទ្រកើនប្រមាណ២៧សង់ទីម៉ែត្រទៀត៕




អត្ថបទបន្ទាប់


រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង៥រយលានដុល្លារ នៅឆមាសទី១ ដោយសារកំណើនផលិតកម្មក្នុងស្រុក

កំណើននៃផលិតកម្មក្នុងស្រុកសំខាន់ៗ មួយចំនួនបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្…

ឥណ្ឌូនេស៊ីក្លាយជាសមាជិកចុងក្រោយគេមួយនៃកិច្ចព្រមព្រៀង RCEP ក្រោយសភាអនុម័តផ្ដល់សច្ចាប័ន

សភាជាតិឥណ្ឌូនេស៊ីនៅថ្ងៃអង្គារទី៣០សីហា បានផ្តល់សច្ចាប័នជាស្ថាពរហើយ លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា R…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ