យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលនេសាទដាយតី្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្រេចបានបរិមាណ ១៤៨១ តោន។ ប្រភេទត្រីដែលនេសាទបានពីដាយត្រីក្នុងរដូវនេសាទនេះដោយភាគច្រើនជាប្រភេទត្រីរៀល ត្រីស្លឹកឫស្សី ត្រីខ្នងវែង និងត្រីជាច្រើនប្រភេទទៀត។
ក្រសួងកសិកម្មចាត់ទុកថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា នៅពេលដែលផលត្រីកើនឡើង ប្រជានេសាទ និងប្រជាពលរដ្ឋនៅសហគមន៍ មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។ចំណែកប្រជាពលរដ្ឋដែលមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ ៨ពាន់នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។
សូមជម្រាបថា នៅរយៈពេល ១០ខែ ឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញផលនេសាទស្រស់សរុប ចំនួន ២ ៣៦២ តោន ស្មើនឹងជិត ៣០% នៃផែនការចំនួន ៨ពាន់តោន ខណៈផលនេសាទកែច្នៃនាំចេញសរុបរយៈពេល១០ខែឆ្នាំ២០២ មានចំនួន ៤១តោន ស្មើនឹងជាង ២% នៃផែនការចំនួន ២ពាន់តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕