ម្ហូប​អាហារ-​ភេសជ្ជៈ

អ្នក​ជំនួញ​ក្នុង​វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​កំពុង​សម្លឹង​យ៉ាង​មុត​ក្នុង​ទីផ្សារ​កម្ពុជា


កម្ពុជា បច្ចុប្បន្ន ត្រូវ​បាន​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​កំពុង​តែ​សម្លឹង​យ៉ាង​មុត​ស្រួច​ក្នុង​ការ​បោះទុន​វិនិយោគ​ទៅ​លើ​វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ ទាំង​ការ​ផលិត​ក្នុង​ស្រុក និង​ទាំង​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស នូវ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ល្អ​ប្រណីតៗ​ជា​ច្រើន​រយ​មុខ។ សួរ​​ថា ហេតុអ្វី​បាន​ជា​អ្នក​ជំនួញ​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ​និង​​ភេសជ្ជៈ​នាំ​គ្នា​សម្រុក​រក​ស៊ី​ក្នុង​វិស័យ​នេះ​ខ្លាំង​ម្ល៉េះ?
លោក Vicent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំ​ចេញ​នាំចូល Auskhmer
ដោយ

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ជំនួញ​និង​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ បាន​លើក​ឡើង​ថា ទីផ្សារ​នៃ​ផ្នែក​ម្ហូប​អាហារ​និង​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ទំហំ​ធំ​ក្នុង​ចំណោម​ប្រជាជន​ថ្នាក់​កណ្តាល និង​ប្រជាជន​ថ្នាក់​ខ្ពស់ ស្រប​ពេល​ការ​កើន​ឡើង​នៃ​ទំនោរ​របស់​អតិថិជន​ទម្លាប់​ខ្លួន​ទៅ​នឹង​ជីវិត​រស់នៅ​បែប​បស្ចិម​ប្រទេស ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​ច្រើន​ទៅ​លើ​ម្ហូប​អាហារ​ ភេសជ្ជៈ ដែល​មាន​ស្តង់ដារ​អនាម័យ ប្រណីត​ភាព និង​មាន​ភាព​ស៊ីវិល័យ។ 

ថ្លែង​ក្នុង​ពិព័រណ៍​វិស័យ​ម្ហូប​អាហារ​និង​សណ្ឋាគារ CAMFOOD AND HOTEL ប្រចាំ​ឆ្នាំ​២០១៨ រយៈពេល​៣​ថ្ងៃ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​និង​សាទរ​យ៉ាង​ខ្លាំ​ង​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ និង​ក្រុមហ៊ុន ដែល​បាន​ចូលរួម អ្នក​ជំនាញ​និង​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ​ធំៗ​មួយ​ចំនួន​ សុទ្ធតែ​បាន​លើក​ឡើង​ថា ប្រជាជន​ថ្នាក់​កណ្តាល​និង​ថ្នាក់​ខ្ពស់​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ ២០០ ទៅ ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ទៅ​លើ​ម្ហូប​អាហារ និង​ផលិតផល​ទាក់ទង​នឹង​ម្ហូប​អាហារ​ ភេសជ្ជៈ និង​ការ​ចំណាយ​លើ​ការ​បរិភោគ​តាម​ភោជនីយដ្ឋាន ផ្សារ​ទំនើប ជាដើម។ 

ជាទូទៅ ការ​ចំណាយ​របស់​ប្រជាជន​​ថ្នាក់​កណ្តាល​និង​ថ្នាក់​ខ្ពស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​​មួយ​​ថ្ងៃ សម្រាប់​ម្ហូប​អាហារ​និង​ភេសជ្ជៈ​មាន​ទំហំ​ប្រមាណ​ច្រើន​ជាង ១,៥​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក អ៊ឹង វីនស៊ិន (VINCENT) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AusKhmer Import and Export បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​តែ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ដែល​ធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​ម្ហូប​អាហារ និង​ភេសជ្ជៈ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​ពិព័រណ៍​នេះ​​ក៏​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មាន​ឱកាស​ចាប់​យក​អតិថិជន និង​ជួយ​ដល់​អាជីវកម្ម​របស់​ពួកគាត់​ផង​ដែរ។

លោក វីន​ស៊ីន បាន​បន្ត​ថា ដោយសារ​មើល​ឃើញ​ពី​ទំហំ​ទីផ្សារ​ម្ហូម​អាហារ​និង​ភេសជ្ជៈ​បច្ចុប្បន្ន មាន​តម្រូវការ​ខ្ពស់ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ AusKhmer របស់​លោក ដែល​មាន​បទ​ពិសោធន៍​ជាង​១៥​ឆ្នាំ​ លើ​ផ្នែក​នេះ បាន​ផ្គត់ផ្គង់​ប្រភេទ​ស្រា​ប្រណីតៗ ប្រមាណ​ជាង ៣​ពាន់​ប្រភេទ​ផ្សេងៗ​គ្នា ប្រភេទ​គ្រឿង​ទេស និង​សាច់ សម្រាប់​ម្ហូប​អឺរ៉ុប​ជា​ច្រើន​មុខ ទៅ​កាន់​ភោជនីយដ្ឋាន​ធំៗ ភោជនីយដ្ឋាន​បែប Fast Food សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​ជា​ច្រើន​ផង​ដែរ។

លោក វីនស៊ីន បញ្ជាក់​បន្ថែម​ថា ពិព័រណ៍ CAMFOOD AND HOTEL 2018 បាន​ចូលរួម​លើក​កម្ពស់​វិស័យ​ម្ហូប​អាហារ​និង​សណ្ឋាគារ​ក្នុង​ស្រុក ឲ្យ​កើន​ឡើង​មួយ​កម្រិត​ទៀត ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​បើក​ឱកាស​ឲ្យ​ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក បាន​ផ្សព្វ​ផ្សាយ​ពី​ផលិតផល ក៏​ដូចជា​អភិវឌ្ឍ​ជំនាញ​ពាក់ព័ន្ធ​នឹង​ម្ហូប​អាហារ និង​បដិសណ្ឋារកិច្ច ជា​ពិសេស គឺ​មាន​ឱកាស​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​កម្ពុជា។

ចំណែក​អ្នក​នាង គា ម៉ារ៉ា នាយក​ប្រតិបត្តិ​ទីផ្សារ​ក្រុមហ៊ុន L.S.H Cambodia បាន​លើក​ឡើង​ដែរ​ថា តម្រូវការ​ទីផ្សារ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​នៅ​ប្រទេស​កម្ពុជា ពិត​ជា​មាន​ការ​កើន​ឡើង ខណៈ​ការ​ផ្គត់ផ្គង់​ទៅ​កាន់​អតិថិជន​របស់​ក្រុមហ៊ុន​កើន​ឡើង​ជាង ២០​ភាគរយ​ក្នុង​ឆ្នាំ​នេះ។ តាមរយៈ​ពិព័រណ៍​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន ចាប់​យក​អតិថិជន​ថ្មីៗ ព្រមទាំង​សហការ​ជាមួយ​ដៃគូ​បន្ថែម​ទៀត​ផង។

គួរ​ជម្រាប​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​ក្រុមហ៊ុន AMB Tarsus Events Group បាន​រៀបចំ​ពិព័រណ៍​វិស័យ​ម្ហូប​អាហារ​និង​សណ្ឋាគារ​ខ្នាត​អន្តរជាតិ នៅ​ប្រទេស​កម្ពុជា ហើយ​នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ទៀត នៅ​ឆ្នាំ​ក្រោយៗ​ផង​ដែរ។ យ៉ាង​ណា​មិញ ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ៣៥០​ក្រុមហ៊ុន ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក មក​ពី ៩​ប្រទេស ដូចជា បារាំង អាមេរិក ចិន ថៃ សិង្ហ​បុរី តៃវ៉ាន់។ល៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​អចលន​ទ្រព្យ FURI ទិញ​អគារ​ការិយាល័យ​ក្នុង​គម្រោង The Peak កម្ពស់ ៥៥​ជាន់

ក្រុមហ៊ុន​អចលន​ទ្រព្យ FURI រៀល អេស្ទេត បាន​សម្រេច​ចិត្ត​ទិញ​អគារ​ការិយាល័យ​ស្ថិត​នៅ​ក្នុង​គម្រោង The Peak ដែល​ជា​ការ​វិនិយោគ​របស់​ក្រុ…

ទីបំផុត ផែនការដំឡើងពន្ធលើប្រេងឥន្ធនៈរបស់វៀតណាម នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំក្រោយហើយ!

នៅទីបំផុត ផែនការដំឡើងពន្ធបន្ថែមលើប្រេងឥន្ធនៈ របស់រដ្ឋាភិបាលវៀតណាម ដែលធ្លាប់ប្រកាសនាពេលកន្លងមក ហើយក៏ធ្លាប់ត្រូវបានតវ៉ាយ៉ាងចម្រូងចម្រាសពីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ