ថ្នាក់ដឹកនាំ RMA Cambodia រំពឹងទុកថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ នឹងអាចដំឡើងរថយន្តបានចន្លោះពី១ពាន់ទៅ១ពាន់៥រយគ្រឿងនៅឆ្នាំ២០២២ នេះ។
លោក ងន សាំង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជា និងទើបបង្កើតរោងចក្រដំឡើងរថយន្ដនេះនៅក្នុងខេត្តពោធិ៍សាត់ផងដែរនោះ បានលើកឡើងថា ក្រោយដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ដ Ford បានជាងពីរសប្តាហ៍កន្លងមកនេះ រោងចក្រនេះបានដំឡើង រថយន្ដបានប្រមាណ៥០គ្រឿងហើយសម្រាប់ដាក់លក់នៅលើទីផ្សារ។ ជុំវិញតម្លៃរថយន្តដំឡើងនៅក្នុងស្រុក និងនាំចូល ថ្នាក់ដឹកនាំរូបនេះអះអាងថា រថយន្ត Ford ដែលដំឡើងនៅកម្ពុជាហាក់មានតម្លៃធូរថ្លៃជាងរថយន្តនាំចូលពីប្រទេសជិតខាងផងដែរ។
ធូរថ្លៃជាង ក៏ដោយសាររថយន្តដំឡើងនៅកម្ពុជាទទួលបានជួយសម្រួល និងបន្ធូរបន្ថយពន្ធមួយចំនួនលើការនាំចូលគ្រឿងបង្គុំនានា។ នេះបើតាមការបញ្ជាក់របស់លោក ងន សាំង តែយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតទេថា តម្លៃរថយន្តដំឡើងក្នុងស្រុកធូរថ្លៃជាងរថយន្តនាំចូលប៉ុន្មាននោះទេ។ ថ្នាក់ដឹកនាំក្រុមហ៊ុន RMA រំពឹងថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ខាងលើនឹងអាចដំឡើងរថយន្តបានចន្លោះពី១ពាន់គ្រឿងទៅ១ពាន់៥រយគ្រឿងនៅឆ្នាំ២០២២ នេះ។
ពាក់ព័ន្ធទីផ្សាររថយន្តថ្មីនៅកម្ពុជានេះដែរ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានគូសបញ្ជាក់កាលពីពេលថ្មីៗថា ទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងមានភាពល្អប្រសើរជាងមុន ប្រសិនបើក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តថ្មីៗនៅក្នុងស្រុកទទួលបានការជួយជ្រោមជ្រែង និងបន្ធូរបន្ថយពន្ធពីរាជរដ្ឋាភិបាល។ តែឯកឧត្តម ជឿជាក់ថា បើគ្មានការជួយបន្ធូរបន្ថយពន្ធទេនោះតម្លៃរថយន្តហ្វតដែលដំឡើងនៅកម្ពុជានៅតែមានតម្លៃខ្ពស់ដដែលបើធៀបនឹងតម្លៃរថយន្តដែលដំឡើងនៅប្រទេសក្បែរដូចជាថៃ និងវៀតណាមជាដើម។ ខ្ពស់ជាងក៏ដោយសាររោងចក្រនៅកម្ពុជាត្រូវនាំចូលគ្រឿងបង្គុំសំខាន់ៗមួយចំនួនពីប្រទេសដទៃដោយឆ្លងកាត់របាំងពន្ធ ដើម្បីយកមកផ្គុំ និងដំឡើង ខុសពីថៃ និងវៀតណាម ដែលគេមានរោងចក្រផលិតគ្រឿងបង្គុំ និងបន្លាស់ស្រាប់៕