លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ទើបដំឡើងរថយន្តបានជាង២ពាន់គ្រឿងប៉ុណ្ណោះក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤នេះ។ តាមរយៈចំនួននេះអាចវាយតម្លៃបានថា ការដំឡើងរថយន្តហ្វតនៅឆ្នាំនេះទំនងជាមិនអាចគ្រប់តាមផែនការនោះទេ ខណៈកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះដំឡើងរថយន្តបានរហូតជាង៤ពាន់គ្រឿង។ ការថយចុះចំនួននៃការដំឡើងរថយន្តនេះ ត្រូវបានអគ្គនាយកក្រុមហ៊ុន RMA អះអាងថា ដោយសារតែក្រុមហ៊ុនបានកែសម្រួលខ្សែច្រវាក់ផលិតកម្មមួយចំនួនកាលពីដើមឆ្នាំនេះ ពោលគឺមិនបង្កឡើងដោយបញ្ហាសេដ្ឋកិច្ចណាមួយនោះទេ។
គួរកត់សម្គាល់ថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើនប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានេះត្រូវបានអ្នកជំនាញក្នុងវិស័យនេះអះអាងថា គឺដោយសារពលរដ្ឋមានការយល់ដឹងកាន់តែច្រើនពីគុណសម្បត្តិនៃការប្រើប្រាស់រថយន្ត កំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីនៅកម្ពុជា គួបផ្សំរថយន្តថ្មី និងរថយន្តមួយទឹកបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលគ្នា។
គួរបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់ បាន សម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំ និងដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បើផលិតពេញសមត្ថភាព និងអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ សម្រាប់ដំណើរការខ្សែច្រវាក់ផលិតកម្ម៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន