នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuter។ ក្រុមហ៊ុន Ford Motor គ្រោងកាត់បន្ថយការងារដល់ចំនួន ៣២០០កន្លែងនៅទូទាំងតំបន់អឺរ៉ុប ហើយនឹងគ្រោងរើការងារផ្នែកអភិវឌ្ឍផលិតកម្មទៅទឹកដីអាមេរិកវិញ។ ក្នុងនោះ ប្រទេសអាល្លឺម៉ង់ នឹងរងផលប៉ះពាល់ជាងគេ ដោយសហជីពរបស់ប្រទេសមួយនេះ គឺសហជីព IG Metall បានហៅគម្រោងនេះថា ជាសកម្មភាពដែលបង្កការអាក់ខានដល់ Ford នៅទូទាំងអឺរ៉ុប ប្រសិនបើពិតជាកាត់បន្ថយការងារនេះមែន។ ទោះយ៉ាងណាក្រុមហ៊ុន Ford មិនបានចេញមកប្រតិកម្ម បញ្ជាក់ច្បាស់អ្វីពីផែនការនេះនៅឡើយ។
បើតាមសហជីព IG Metall បានឱ្យដឹងថា ក្រុមហ៊ុន Ford ចង់កាត់បន្ថយការងារ ២៥០០កន្លែងនៅក្នុងផ្នែកអភិវឌ្ឍផលិតផល និងការងារ៧០០កន្លែង សម្រាប់មុខតំណែងរដ្ឋបាល ក្នុងនោះទីតាំងរោងចក្រនៅអាល្លឺម៉ង់ គឺនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
ក្រុមអ្នកវិភាគលើកឡើងថា ការឡើងថ្លៃនូវគ្រឿងបង្គុំសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី និងការព្យាករពីកំណើនសេដ្ឋកិច្ចយឺតនៅអាមេរិក និងអឺរ៉ុប កំពុងដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតរថយន្ត ឱ្យកាត់បន្ថយការចំណាយរបស់ពួកគេ។ លើសពីនេះអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ សង្គ្រាមតម្លៃរថយន្តអគ្គិសនី ដែល Tesla បានលក់បញ្ចុះតម្លៃរថយន្តថ្មីៗនេះ កាន់តែបង្កើនសម្ពាធខ្លាំងថែមទៀត ចំពោះគូប្រជែងដូចជា Ford ជាដើម។
អ្នកនាំពាក្យម្នាក់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Ford ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិកបាននិយាយថា ការពិភាក្សាជាមួយក្រុមប្រឹក្សាការងារអាល្លឺម៉ង់ កំពុងបន្តធ្វើឡើង ហើយថាក្រុមហ៊ុន Ford នឹងត្រូវប្រកួតប្រជែងកាន់តែច្រើន ខណៈដែលខ្លួនផ្លាស់ប្តូរទៅផ្តោមលើការផលិតរថយន្តអគ្គិសនី។
សូមរំលឹកថា កាលពីឆ្នាំមុន Ford បានប្រកាសថា នឹងវិនិយោគទឹកប្រាក់២ពាន់លានដុល្លារ ដើម្បីពង្រីកផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងកូឡូញ (Cologne) ប្រទេសអាល្លឺម៉ង់ ដើម្បីផលិតប្រភេទរថយន្តអគ្គិសនីសម្រាប់ទីផ្សារដ៏ធំនេះ។ បច្ចុប្បន្នរោងចក្រនេះ បានផលិតរថយន្ត Ford Fiesta ព្រមទាំងម៉ាស៊ីន និងប្រអប់លេខរបស់វារួចហើយ៕
អត្ថបទ ៖ នៅ សំភី