ស្ថិតិពីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ចំនួនក្រុមហ៊ុនបរទេសដែលបានបង្កើតប្រតិបត្តិការនៅប្រទេសថៃក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ បានកើនឡើង ១៦ ភាគរយ ប៉ុន្តែតម្លៃវិនិយោគសរុបវិញបានធ្លាក់ចុះ ១៨ ភាគរយ ។ នៅក្នុងនោះ ក្រុមហ៊ុនបរទេសថ្មីចំនួន ៤៨ ក្រុមហ៊ុន បានបង្កើតប្រតិបត្តិការនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។
លោក ថូសាផុន ដានស៊ូពូត្រា ( Thosapone Dansuputra) អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានប្រាប់សារព័ត៌មាន the Nation ថា វិនិយោគិនបរទេសចំនួន ២៧៤ ក្រុមហ៊ុន បានទទួលការអនុញ្ញាតក្រោមច្បាប់ធុរកិច្ចបរទេស ដើម្បីបង្កើតអាជីវកម្មនៅក្នុងប្រទេសនេះចាប់ពីខែមករាដល់ខែឧសភា ជាមួយនឹងទុនប្រមាណជាជាង ៤៥ ពាន់លានបាត ឬជិត ១ ៣០០ លានដុល្លារ ហើយបង្កើតការងារថ្មីជូនពលរដ្ឋបានប្រមាណជា ៣ ០០០ នាក់។
មកដល់ពេលនេះគេដឹងថា វិនិយោគិនបរទេសដែលបានមកបណ្តាក់ទុននៅថៃច្រើនជាងគេគឺមកពីប្រទេសជប៉ុន ដែលមានចំនួន ៦៣ គម្រោង នៅក្នុងទឹកប្រាក់វិនិយោគសរុបជាង ៤៥៥ លានដុល្លារ។ បន្ទាប់មកគឺសិង្ហបុរី ចំនួន ៤៦ គម្រោង នៅក្នុងរង្វង់ទឹកប្រាក់សរុបជាង ១៨២ លានដុល្លារ និងសហរដ្ឋអាមេរិក ចំនូន ៤៨ គម្រោង នៅក្នុងទឹកប្រាក់ជាង ៧០ លានដុល្លារ។
លោក ថូសាផុន បាននិយាយថា រំហូរចូលនៃក្រុមហ៊ុនបរទេសទាំងនេះ បាននិងកំពុងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ជាពិសេសនៅក្នុងវិស័យដែលទាក់ទងនឹងគម្រោងធំៗរបស់រដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការគ្រប់គ្រងអណ្តូងប្រេង ការរចនាប្រព័ន្ធអគ្គិសនីសម្រាប់រថភ្លើង និងថាមពលខ្យល់។
លោកបាននិយាយទៀតថា ក្រុមហ៊ុនបរទេសថ្មីចំនួន ៤៨ បានបង្កើតប្រតិបត្តិការនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដោយមានទុនវិនិយោគសរុបចំនួនជាង ២៧១ លានដុល្លារ ឬ ២១ភាគរយនៃការវិនិយោគបរទេសសរុបនៅឆ្នាំនេះ។
លោកបានបន្ថែមថា ក្រុមហ៊ុនទាំងនេះភាគច្រើនបណ្តាក់ទុននៅក្នុងវិស័យសេវាកម្មប្រឹក្សាផ្នែកគ្រប់គ្រងផលិតកម្ម សេវាកម្មបច្ចេកទេស និងវិស្វកម្ម៕