នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Nikkei នៅក្រោយកម្មវិធីវេទិកាអនាគតអាស៊ី លោក មហាធៀ បាននិយាយថា សម្ព័ន្ធភាពពាណិជ្ជកម្មណាក៏ដោយ មិនថាតែក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នោះទេ បើមិនបានរួមបញ្ចូលចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក គឺជាការបរាជ័យ និងប្រាសចាកពីគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគីនៅឥណ្ឌូប៉ាស៊ីហ្វិក។
«នៅពេលដែលអ្នកចងជាសម្ព័ន្ធភាពពាណិជ្ជកម្មនៅប៉ាស៊ីហ្វិក តែមិនរាប់បញ្ចូលប្រទេសចិន ដែលជាប្រទេសមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែរនោះ បានន័យថាវាជារឿងនយោបាយ ហើយ មិនមែនដើម្បីសេដ្ឋកិច្ចនោះទេ។» នេះបើតាមប្រសាសន៍របស់លោក មហាធៀ មហាមេត ដោយលោកបានបន្តទៀតថា៖ ដូច្នេះបញ្ហាគឺស្ថិតនៅលើសហរដ្ឋអាមេរិកខ្លួនឯង ពួកគេតែងតែគិតពីបញ្ហានយោបាយជាមុន។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះអះអាងថា ក្របខណ្ឌសេដ្ឋកិច្ច IPEF ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនជាមួយនឹងសមាជិកចំនួន ១៣ប្រទេស គឺជាការប៉ុនប៉ងមួយ ដើម្បីអនុវត្តនយោបាយដាក់សម្ពាធប្រឆាំងនឹងប្រទេសចិនប៉ុណ្ណោះ។ ជាក់ស្តែង គេមិនមានឃើញប្រទេសដែលហាក់មានភាពជិតស្និទ្ធជាមួយចិន ជាងជាមួយអាមេរិក ចូលរួមជាសមាជិកឡើយ។
លោកមហាធៀ ដែលជិតឈានចូលវ័យ ៩៧ឆ្នាំទៅហើយនោះបានស្នើថា សហរដ្ឋអាមេរិកគួរតែអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងក្របខណ្ឌ IPEF ប្រសិនបើមានចិត្តស្មោះចំពោះការលើកកម្ពស់កំណើន និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពិតមែន។
លោកបានចោទសួរថា៖ ប្រទេសចិនជាប្រទេសពាណិជ្ជកម្មដ៏អស្ចារ្យ។ អ្នកត្រូវការទំនិញពីប្រទេសចិន អ្នកនឹងរកឃើញទីផ្សារដ៏ធំនៅក្នុងប្រទេសចិន។ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនរាប់បញ្ចូលប្រទេសចិន?
គួរជម្រាបថា សហរដ្ឋអាមេរិក និងដៃគូ IPEF របស់ខ្លួនមានដូចជា អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម - រួមគ្នាទៅ តំណាងឱ្យប្រមាណ ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ក្របខ័ណ្ឌនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ យ៉ាងណាមិញ ក្របខណ្ឌសេដ្ឋកិច្ចនេះ នឹងមិនដូចនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលក្ខណៈប្រពៃណីនោះទេ ដ្បិតថាក្របខណ្ឌនេះ មិនមានគោលដៅកាត់បន្ថយរនាំងពន្ធគយឡើយ៕