តុលាការក្រុងហាណូយ បានរកឃើញពិរុទ្ធភាព និងសម្រេចកាត់ទោសជនជាប់ចោទចំនួន១៨៨នាក់ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់ និងឆបោកទ្រង់ទ្រាយធំតាមរយៈគម្រោងវិនិយោគក្លែងក្លាយ ដែលបានបោកប្រាស់ជនរងគ្រោះជាង៩០០នាក់ និងទាញយកទឹកប្រាក់បានរហូតដល់ជិត៦០លានដុល្លារអាម៉េរិក។ នៅក្នុងសវនាការកាត់ទោសកាលពីពេលថ្មីៗ ជនជាប់ចោទភាគច្រើនត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារលើសពី១០ឆ្នាំ។ ប៉ុន្តែសម្រាប់បុគ្គលដែលជាមេខ្លោងនៅពីក្រោយខ្នងបណ្តាញឆបោកដ៏ធំនេះ គឺឈ្មោះ ផូ ដឹកណាម (Pho Duc Nam) ព្រមទាំងបក្ខពួកម្នាក់ទៀតឈ្មោះ ឡេ ខាច់ង៉ោ (Le Khac Ngo) ដែលជាប្រតិបត្តិករផ្ទាល់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។
តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចវៀតណាមបានលាតត្រដាងថា បណ្តាញឧក្រិដ្ឋកម្មដ៏ធំនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានបណ្តាញពាក់ព័ន្ធសរុបដល់ទៅ១,៧០០នាក់។ ក្រុមឧក្រិដ្ឋជនបានចងក្រងគ្នាបង្កើតជាសហគមន៍បន្លំភ្នែកតាមប្រព័ន្ធអ៊ីនធឺណិត និងចាត់តាំងមនុស្សឱ្យក្លែងខ្លួនជាអ្នកជំនាញហិរញ្ញវត្ថុ ឬជាវិនិយោគិនដែលទទួលបានជោគជ័យខ្ពស់ ដើម្បីកសាងជំនឿទុកចិត្ត និងទាក់ទាញអតិថិជនគោលដៅឱ្យធ្លាក់ក្នុងអន្ទាក់បោកប្រាស់។
គួររំលឹកថា នៅក្នុងចំណោមអ្នកដែលត្រូវកាត់ទោសទាំងនោះ ក៏មានវត្តមានបុគ្គលជាអ្នកជំនួញល្បីឈ្មោះម្នាក់ គឺលោក ឃ្វៀន ហាវ ប៊ិញ (Nguyen Hoa Binh) ដែលគេស្គាល់ច្បាស់ថា ជាវិនិយោគិនជាន់ខ្ពស់ និងធ្លាប់ជាប្រធានក្រុមហ៊ុន NextTech ដែលធ្វើឱ្យសំណុំរឿងនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជន៕
ដោយៈ សរ សុជាតិ