ផលិតផលជលផលកម្ពុជា៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅចិន

ផលិតផលជលផលកម្ពុជា៤មុខបន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន


ក្រុមហ៊ុនខ្មែរមួយត្រូវបានបញ្ចប់ការត្រួតពិនិត្យ និងអនុញ្ញាតដោយរដ្ឋបាលគយចិន ដើម្បីនាំចេញផលិតផលជលផលធម្មជាតិកម្ពុជាចំនួន៤មុខបន្ថែមទៀត រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងទៅកាន់ទីផ្សារប្រទេសចិន។ បើតាមការះអះអាងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម នេះជាជោគជ័យថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដ្បិតថាការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារចិននេះ មិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ចិនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកជួយលើកកម្ពុជាជីវភាពរបស់ប្រជានេសាទកម្ពុជាផងដែរ។
ផលិតផលជលផលកម្ពុជា៤មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅចិន
ដោយ

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មិនយូរទៀតទេផលិតផលជលផលរបស់កម្ពុជា៤ប្រភេទបន្ថែមទៀតរួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងនឹងមានវត្តមានលើទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយដ៏ធំទាំងនៅក្នុងតំបន់ និងពិភពលោក។ ភាពជោគជ័យលើការនាំចេញផលិតផលជនផលទៅកាន់ទីផ្សារចិននេះ គឺវាបានបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយច្បាស់លាស់របសរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មដែលបានដាក់ចេញកន្លងមក ក្នុងការធានាសន្តិសុខស្បៀងនៅក្នុងប្រទេស និងការស្វែងរក និងបើកទីផ្សារសម្រាប់កសិផលខ្មែរដែលមានគុណភាពខ្ពស់ ស្របទៅតាមអនាម័យ និងភូតគាមអនាម័យទៅកាន់ទីផ្សារពិភពលោក។

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ ជំទាវ អ៊ឹម រចនា រំពឹងថា តាមរយៈការនាំចេញផលិតផលជលផលទាំង៤មុខរបស់កម្ពុជាបន្ថែមទៀតនេះ វានឹងជួយធ្វើឲ្យផលិតផលជលផលធម្មជាតិរបស់កម្ពុជាកាន់តែមានទីផ្សារល្អ នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារចិនមិនត្រឹមតែជួយពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយលើកម្ពស់ជីវភាពរបស់ប្រជានេសាទកម្ពុជាផងដែរ។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់កាលពីពេលថ្មីៗថា ក្រោយរដ្ឋបាលគយចិនបានធ្វើបច្ចុប្បន្នភាពពីបញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ក្នុងដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយចិន និងបានបញ្ចប់ការចុះបញ្ជីរបាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនហើយ។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើផលិតផលជលផលរវាងចិន និងកម្ពុជា ដូច្នេះកម្ពុជាអាចនាំចេញផលិតផលជលផលធម្មជាតិចំនួន៤មុខរួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ទៅកាន់ប្រទេសចិនបានហើយ។

សូមបញ្ជាក់ថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជាទាំង៤មុខនេះ គឺជាផលិតផលទី៣នៃវិស័យកសិកម្មរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិននៅក្នុងឆ្នាំ២០២៣នេះ ខណៈផលិតផលជលផលធម្មជាតិចំនួន១២មុខផ្សេងទៀតបានទទួលការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារចិនកាលពីពេលកន្លងទៅ។ ដោយឡែកដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំនេះ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលពង្រីក និងពង្រួមផ្ទៃដីតំបន់ឧទ្យាជាតិមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសហគមន៍មូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីកែប្រែផ្ទៃដីតំបន់ឧទ្យានជាតិនៅតាមបណ្តាខេត្តមួយចំនួនដូចជាឧទ្យានជាតិព្រះមុនីវង្ស«បូកគោ…

ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត

ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត!! ទីផ្សារខុនដូនៅប្រទេសវៀតណាមនឹងនៅតែបន្តស្ថិតក្នុងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ