គំនិត​អាជីវកម្ម

គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​​ការ​បង្កើត Franchise


លោក​អ្នក​នាង​ខ្លះ​ ប្រហែល​បាន​អាន​រួច​ហើយ​នូវ​អត្ថបទ​ពីរ​ភាគ​របស់​ ខេមបូណូមីស អំពី​ប្រធាន​បទ​ Franchise ឬ​ការ​ទិញ​លក់​សិទ្ធិ​អាជីវកម្ម​លើ​ស្លាក​យីហោ​។ អត្ថបទ​ទី​បី​នេះ ផ្ដោត​ទៅ​លើ​គន្លឹះ​មួយ​ចំនួន​សម្រាប់​​អ្នក​ចង់​បង្កើត​ Franchise។
បុគ្គលិក​​ទទួល​ភ្ញៀវ​នៃ​ហាង​កាហ្វេ ឈ្មោះ K.E. Cafe នៅ​ម្ដុំ​បឹងកេងកង។
ដោយ

ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម franchise អាច​រក្សា​បាន​នូវ​ស្ថិរភាព​របស់​ខ្លួន​នៅ​លើ​ទីផ្សារ គឺ​ពឹង​ផ្អែក​សំខាន់​បំផុត​ទៅ​លើ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​និង​ឥទ្ធិពល​នៃ​ម៉ាក​យីហោ​របស់​ខ្លួន។ ក្នុងនោះ មាន​ចំណុច​មូលដ្ឋាន​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​អនុវត្ត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ទៅ​ជា Franchise ដូចជា៖

បង្កើត​គម្ពី​រ​អាជីវកម្ម (Operation Manual)

ដើម្បី​អាច​ធានា​បាន​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់​លាស់ មិន​ប្រាស​ចាក​ពី​រូបមន្ដ​ដើម អាជីវកម្ម Franchise តែងតែ​មាន​ចងក្រង​នូវ​គម្ពីរ​អាជីវកម្ម​របស់​ខ្លួន ឬ​ហៅ​ថា Operation Manual សម្រាប់​កត់​ត្រា​យ៉ាង​លម្អិត​រាល់​​ប្រតិបត្តិការ​ទាំង​អស់​នៃ​ដំណើរការ​អាជីវកម្ម​ទាំង​មូល ពោល​គឺ​រាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ដំបូង រហូត​ដល់​ប្រតិបត្តិការ​ចុង​ក្រោយ។ 

គម្ពីរ​អាជីវកម្មនេះ​ទៀត​សោត គឺ​ទុក​សម្រាប់​ផ្ដល់​ជូន​អ្នក​ដែល​ទិញ​សិទ្ធិ​បន្ដ ដើម្បី​អាច​យក​ទៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។ នៅ​ក្នុង​គម្ពីរ​អាជីវកម្ម​ភាគ​ច្រើន ​មាន​រៀបរាប់ពី​ក្បួន​ប្រតិបត្តិ​ទាក់ទង​នឹង​ផ្នែក​សំខាន់ៗ​​មួយ​ចំនួន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ដូចជា៖

  1. ការ​គ្រប់គ្រង​បុគ្គលិក (Staffing)
  2. ការត្រួត​ពិនិត្យ​ផ្នែក​គុណភាព (Quality Control)
  3. ការគ្រប់គ្រង​បញ្ជី​សារពើភណ្ឌ (Inventory)
  4. គោលការណ៍​បម្រើ​សេវាកម្ម​សម្រាប់​អតិថិជន (Customer Service Policies)
  5. ពេល​វេលា​ប្រតិបត្តិការ (Hours of Operation)
  6. គោលការណ៍​សម្រាប់​អនុវត្ត​លើ​ម៉ាក​យីហោ (Brand Policies)

ក្រៅ​ពី​ចំណុច​ទាំង​អស់​នេះ ក៏​អាច​មាន​ការ​ចងក្រង​នូវ​ចំណុច​សំខាន់ៗ​ផ្សេង​ទៀត​នៃ​សង្វាក់​ប្រតិបត្តិការ​ក្នុង​អាជីវកម្ម ដែល​វា​អាច​មាន​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រភេទ​អាជីវកម្ម​នីមួយៗ។

មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ការ​ប្រឹក្សា​និង​ដើរ​តួ​ជា​អ្នក​ផ្គត់ផ្គង់

ក្រៅ​ពី​គម្ពីរ​អាជីវកម្ម​ខាង​លើ មុន​នឹង​លោក​អ្នក​អាច​ចេញ​ធ្វើ​អាជីវកម្ម​ជា Franchise បាន ម្ចាស់​ដើម​អាជីវកម្ម​ក៏​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​ក្នុង​ការ​ដើរ​តួនាទី​ជា​អ្នក​ប្រឹក្សា​រាល់​បញ្ហា​នានា​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម និង​ជា​អ្នក​ផ្គត់ផ្គង់ (Supplier) សម្រាប់​អ្នក​ទិញ​សិទ្ធិ​បន្ត​ផង​ដែរ។

ឧទាហរណ៍៖ អ្នក​ចង់​បង្កើត​ហាង​លក់​នំ​បញ្ចុក​មួយ​ទៅ​ជា Franchise ដូច្នេះ អ្នក​ត្រូវ​មាន​ស្នាក់ការ​កណ្ដាល​មួយ​ដើម្បី​ផលិត​និង​បែងចែក​វត្ថុ​ធាតុ​ដើម ឬ​មុខ​ទំនិញ​ប្រើប្រាស់​សំខាន់ៗ​ទាំង​នោះ ទៅ​ឲ្យ​អ្នក​ដែល​ទិញ​សិទ្ធិ​បន្ត ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្វាក់​ផលិតកម្ម កាន់​តែ​មាន​ភាព​រលូន​និង​ងាយ​ក្នុង​ការ​ប្រតិបត្តិ។

ផ្ដល់​ការ​បំពាក់​បំប៉ន​បុគ្គលិក​សំខាន់ៗ 

ការផ្ដល់​នូវ​ការ​បំពាក់​បំប៉ន​ទៅ​កាន់​បុគ្គលិក​សំខាន់ៗ​របស់​អ្នក​ទិញ​សិទ្ធិ​បន្ត (Franchisee) គឺ​ជា​ភារកិច្ច​មួយ​ដែល​ម្ចាស់​ដើម​អាជីវកម្ម (Franchisor) ត្រូវតែ​អនុវត្ត ព្រោះ​ប្រសិន​បើ​មិន​មាន​ការ​បង្វឹក​ដោយ​ផ្ទាល់​ពី​ម្ចាស់​​ដើម​ទេ នោះ​ការ​នាំ​យក​អាជីវកម្ម​មក​ប្រតិបត្តិ​បន្ត ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ។ 

ជាទូទៅ បុគ្គលិក​សម្រាប់​ហាង​ថ្មី​ទាំង​នោះ ត្រូវ​បាន​យក​ទៅ​ហ្វឹកហាត់​នៅ​ទីតាំង​របស់​ម្ចាស់​ដើម​អាជីវកម្ម មុន​នឹង​ហាង​ថ្មី​ត្រូវ​បាន​បើក​លក់​ជា​ផ្លូវការ ដោយ​រយៈពេល​នៃ​ការ​ហ្វឹក​ហាត់ អាច​មាន​ពេល​វែង ឬ​ខ្លី អាស្រ័យ​​លើ​ប្រភេទ​អាជីវកម្ម​នីមួយៗ។

មិន​តែ​ប៉ុណ្ណោះ ក្រោយ​ពី​ហាង​ថ្មី​បាន​បើក​លក់ ម្ចាស់​ដើម​អាជីវកម្ម​ក៏​ត្រូវ​មាន​បញ្ជូន​អ្នក​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​និង​ណែនាំ​បន្ថែម​ទៀត​ផង​ដែរ ពោល​គឺ ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សមត្ថភាព​បុគ្គលិក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​ធានា​បាន​ថា​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។

កំណត់យកតម្លៃផ្សេងសម្រាប់ការលក់ Franchise

ជា​ទូទៅ នៅ​ក្នុង​ការ​លក់​អាជីវកម្ម Franchise មាន​កម្រៃ​មួយ​ចំនួន​ដែល​ម្ចាស់​ដើម​អាជីវកម្ម តែងតែ​តម្រូវ​ឲ្យ​អ្នក​ទិញ​សិទ្ធិ​បន្ត​ត្រូវ​បង់​មក​ឲ្យ​ខ្លួន ដែល​ក្នុង​នោះ​រួមមាន៖

តម្លៃ​លើ​ម៉ាក​យីហោ (Franchise Fee)៖ ជាទូទៅ តម្លៃ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បង់​លើ​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ម៉ាក​យីហោ​ប៉ុណ្ណោះ តែមិន​ទាន់​មាន​បូក​បញ្ចូល​សេវា​ផ្សេងៗ​ទៀត​នៅ​ក្នុ​ដំណាក់កាល​ប្រតិបត្តិការ​​នៅ​ឡើយ​ទេ។ សម្រាប់​ការ​នាំចូល​ម៉ាក​យីហោ​ពី​បរទេស​មក​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ តម្លៃ​លើ​ម៉ាក​យីហោ​នេះ មាន​មិន​ក្រោម​១​ម៉ឺន​ដុល្លារ​នោះ​ទេ ដែល​ពេល​ខ្លះ​មាន​បូក​បញ្ចូល​ទាំង​ថ្លៃ​សម្រាប់​ការ​បំពាក់​បំប៉ន​បុគ្គលិក តែ​ពេល​ខ្លះ​ក៏​មិន​មាន​រាប់​បញ្ចូល​ដែរ។

តម្លៃ​សម្រាប់​ការ​បំពាក់​បំប៉ន​បុគ្គលិក (Training Fee)៖ ពេល​ខ្លះ​តម្លៃ​នេះ អាច​មាន​បូក​ចូល​ជា​កញ្ចប់​រួច​ជា​ស្រេច​ជាមួយ​នឹង​តម្លៃ​លើ​ម៉ាក​យីហោ ប៉ុន្ដែ​ពេល​ខ្លះ ម្ចាស់​ដើម​អាជីវកម្ម​ក៏​មាន​ការ​គិត​ដាច់​ដោយ​ឡែក​ផង​ដែរ។

តម្លៃ​ប្រចាំ​ខែ (Royalty Fee)៖ តម្លៃ​នេះ គេ​តែងតែ​កំណត់​យក​ជា​រៀងរាល់​ខែ​ពី​អ្នក​ទិញ​សិទ្ធិ​បន្ត ដែល​វា​មាន​ចាប់​ពី​៥%​ឡើង​ទៅ នៃ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់។

តម្លៃ​សម្រាប់​សេវា​ទីផ្សារ (Marketing Fee)៖ ជា​ទូទៅ តម្លៃ​នេះ​អាច​មាន​ចាប់​ពី​២%​ឡើង​ទៅ នៃ​ចំណូល​ដែល​លក់​បាន​ប្រចាំ​ខែ តែ​វា​មាន​តិច​ជាង Royalty Fee។

កំណត់​កាល​ផុត​កំណត់​នៃ​អាជីវកម្ម (Franchise Termination)៖ អាជីវកម្ម Franchise មិន​មែន​ទិញ​មក​ហើយ​អាច​បើក​រកស៊ី​បាន​រហូត​នោះ​ទេ វា​តែង​មាន​កាល​កំណត់​របស់​វា ចាប់​ពី​៥​ឆ្នាំ​ឡើង​ទៅ ទៅ​តាម​ប្រភេទ​​អាជីវកម្ម​តូច​ធំ។

ក្រោយ​ពី​លោក​អ្នក​បាន​រៀបចំ​ប្រព័ន្ធ​ទាំង​អស់​នេះ​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​រួច​រាល់​ហើយ នោះ​លោក​អ្នក​អាច​ជ្រើសរើស​យក​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ពង្រីក​សាខា៖

  1. បើក​សាខា​ដោយ​ខ្លួន​ឯង​ក៏​បាន
  2. រក​ដៃគូ​វិនិយោគ​រួម​គ្នា (Business Joint Venture)
  3. លក់​បន្ត​ទៅ​ឲ្យ​អ្នក​ទិញ​សិទ្ធិ​បន្ត​និង​អាច​ចែកចាយ​បន្ដ (Master Franchisee)
  4. លក់​ទៅ​ឲ្យ​អ្នក​ទិញ​សិទ្ធិ​បន្ត (Franchisee)
  5. ស្វែង​រក​ដៃគូ​ដើម្បី​ធ្វើជា​តំណាង​លក់​និង​ចែកចាយ (Sale Representative Company)

ខូមបូណូមីស សូម​ថ្លែង​អំណរគុណ​ចំពោះ​មិត្តអ្នក​អាន ដែល​ខំ​តាមដាន​តាំង​ពី​ភាគ​ទី១​រៀង​មក ហើយ​យើង​ខ្ញុំ​ក៏​សង្ឃឹម​ថា បន្ទាប់​ពី​ការ​ផ្សាយ​អត្ថបទ​នេះ នឹង​មាន​សហគ្រិន​កម្ពុជា​ជាច្រើន​នឹង​ចាប់​ផ្ដើម​គិតគូរ និង​បន្ត​ពង្រីក និង​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា Franchise ប្រកប​ដោយ​ជោគជ័យ៕ 

None



អត្ថបទបន្ទាប់


តំណាង​៦០០​ក្រុមហ៊ុន​មក​ពី​ជប៉ុន នឹង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​ថៃ

នៅសប្ដាហ៍​ក្រោយ តំណាង​ក្រុមហ៊ុន​ជប៉ុន​ ៦០០ក្រុមហ៊ុន នឹង​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​ប្រទេស​ថៃ ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​ការវិនិយ…

ទេសាភិបាលរង​ធនាគាររដ្ឋ​វៀតណាមជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ៤០០លាន​ដុល្លារ?

ថ្មីៗ​នេះ ករណី​ពុករលួយ​បាត់​ប្រាក់​ដល់​ទៅ​ ៤០០លានដុល្លារ បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើដល់​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​មនុស្ស​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ