សេដ្ឋកិច្ចទីផ្សារសេរីមិនអាចកំណត់ថ្លៃទំនិញបានទេ!

រាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃទំនិញលើសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែង បានស្មើភាពគ្នា


អ្នកជំនួញនៅក្នុងវិស័យឯកជន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យមើលលើការកំណត់អប្បបរិមាលើតម្លៃទំនិញ ព្រោះការលក់ចេញមានតម្លៃទាបពេកជាហេតុធ្វើឱ្យក្រុមហ៊ុន សហគ្រាស នៅការដ្ឋានមួយចំនួនបានបិទទ្វារជាបន្តបន្ទាប់។ ក៏ប៉ុន្ដែ ការកំណត់ថ្លៃទំនិញលើសេដ្ឋកិច្ចទីផ្សារសេរីនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថានឹងពុំអាចអនុវត្តបានឡើយនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយទីផ្សារនេះ ក៏មិនមានការធានាថ្លៃណាមួយនោះដែរ។
សេដ្ឋកិច្ចទីផ្សារសេរីមិនអាចកំណត់ថ្លៃទំនិញបានទេ!
ដោយ

នៅក្នុងកិច្ចប្រជុំនៃវេទិកា រាជរដ្ឋាភិបាល- ផ្នែកឯកជន ដែលធ្វើឡើងកាលពីពេលកន្លងទៅនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រដ្ឋាភិបាលមានកាតព្វកិច្ចធ្វើយ៉ាងណាឱ្យការប្រកួតប្រជែងលើសេដ្ឋកិច្ចទីផ្សារសេរីទទួលបាននូវភាពស្មើភាពគ្នា និងមិនអាចលូកដៃកំណត់ថ្លៃទំនិញលើសេដ្ឋកិច្ចទីផ្សារបានឡើយ ដោយសារខុសនឹងគោលការណ៍ ព្រមទាំងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាដើម។ ទន្ទឹមគ្នានេះដែរ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ ណែនាំដល់បណ្ដាម្ចាស់ក្រុមហ៊ុន សហគ្រាស ពិនិត្យលើការគ្រប់គ្រង និងរចនាសម្ព័ន្ធ ដើម្បីប្រគួតប្រជែងលើសេដ្ឋកិច្ចទីផ្សារសេរី។

ការឡើងឡើងរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនេះ ធ្វើឡើង បន្ទាប់ពីមានអ្នកជំនួញតំណាងផ្នែករ៉ែ ថ្មសំណង់ បានលើកឡើង អំពីវិបត្តិផ្ទៃក្នុងដែលដោះស្រាយមិនចេញ និងស្នើដល់រដ្ឋាភិបាលឱ្យពិនិត្យមើលលើការកំណត់អប្បបរិមាលើថ្លៃទំនិញ ព្រោះការលក់ចេញមានតម្លៃទាបជាហេតុធ្វើឱ្យក្រុមហ៊ុន សហគ្រាស នៅការដ្ឋានមួយចំនួនបានបិទទ្វារជាបន្តបន្ទាប់ ដោយសារតែការប្រកួតប្រជែងគ្នាលើទីផ្សារ​។

យ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​លើកឡើងពីការដាក់បញ្ជា ពុំឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការត្រួតពិនិត្យឡើងវិញ ព្រោះការផ្គត់ផ្គង់ថ្មីសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្នពុំមានការខ្វះខាតឡើយ។ ទោះបែបនេះក្ដី ឯកឧត្តម កែវ រតនៈ នៅតែគូសបញ្ជាក់ថា គេក៏ពុំអាចហាមឃាត់ការធ្វើអាជីវកម្មថ្ម សេដ្ឋកិច្ចទីផ្សារសេរី បានដែរ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់និងការថ្លឹងថ្លែងជាមួយការអភិរក្សពាក់ព័ន្ធនឹងបរិស្ថាន វប្បធម៌ ទេសចរណ៍។​

សូមបញ្ជាក់ថា វេទិការវាងក្រសួងជាមួយផ្នែកឯកជន ត្រូវបានធ្វើឡើងក្នុងបំណងប្រមូលធាតុចូល ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ដែលមាននាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំផ្ទាល់ និងមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានានា។ បើមិនមានអ្វីប្រែប្រួលទេ វេទិកាវិស័យរដ្ឋ-ផ្នែកឯកជន នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ទំហំប្រតិបត្តិការបរធនបាលកិច្ចកើនឡើងលើសការរំពឹងទុករហូតដល់ជាង១ពាន់២រយលានដុល្លារ

រយៈពេល២ឆ្នាំ បន្ទាប់ពីបរធនបាលកិច្ចត្រូវបានបង្កើត និងបានដាក់ឲ្យដំណើរការជាផ្លូវការ វិស័យបរធនបាលកិច្ចមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់…

អចលនទ្រព្យកូនបំណុលជាច្រើនត្រូវបានធនាគារវៀតណាមដាក់លក់លៃឡុង

ធនាគារនៅប្រទេសវៀតណាម នាពេលនេះ កំពុងតែព្យាយាមដាក់លក់លៃឡុងផ្ទះ រមណីយដ្ឋាន និងរោងចក្រមួយចំនួន ដែលម្ចាស់អចលនទ្រព្យទាំងនោះបានជំពាក់បំណុលធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ