លោក Macron បានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២៩វិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់ខ្លួន ទៅកាន់ដែនដីសហរដ្ឋអាមេរិកចាប់តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៧។ បើតាមមន្ត្រីបារាំងបាននិយាយថា លោកបានជួបទល់មុខនឹងប្រធានាធិបតីលោក Joe Biden ដើម្បីពិភាក្សាគ្នាអំពីបញ្ហា ការឧបត្ថម្ភធនគាំទ្ររបស់រដ្ឋាភិបាលអាមេរិក ដែលមានចែងនៅក្នុងច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលបានប្រកាសឡើងនាពេលថ្មីៗនេះ។
យោងតាម អ្នកចូលរួមម្នាក់នៅក្នុងកិច្ចប្រជុំនោះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា នៅក្នុងកិច្ចប្រជុំជាមួយនឹងសមាជិកសភាអាមេរិក លោកម៉ាក្រុង បាននិយាយរិះគន់ចំៗ ចំពោះច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកថា វាមានលក្ខណៈ «ហួតហេតុខ្លាំងណាស់» សម្រាប់ក្រុមហ៊ុនរកស៊ីរបស់សហភាពអឺរ៉ុបផ្សេងទៀត។
យ៉ាងណាមិញ មេដឹកនាំអឺរ៉ុបបានត្អូញត្អែរ និងបានសម្តែងការមិនសប្បាយចិត្តខ្លាំងមែនទែនក្រោយលោក បៃដិន បានចុះហត្ថលេខាចេញច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (IRA) កាលពីខែសីហាកន្លងទៅ ដែលក្នុងនោះមានការផ្តល់ការឧបត្ថម្ភធនដ៏ធំធេងសម្រាប់ផលិតផល ដែលផលិតដោយសហរដ្ឋអាមេរិក ដែលពួកគេនិយាយថា វាបានជះផលជាអវិជ្ជមានយ៉ាងអយុត្តិធម៌ដល់ក្រុមហ៊ុនដែលមិនមែនជារបស់អាមេរិក ពោលគឺក្រុមហ៊ុនអឺរ៉ុបជាពិសេស និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបដូចគ្នា ស្របពេលដែលអឺរ៉ុបកំពុងដោះស្រាយនឹងអតិផរណា និងបញ្ហាថាមពលយ៉ាងសស្រាកសស្រាំ ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីនោះ។
ដោយឡែក អ្នកនាំពាក្យសេតវិមាន លោកស្រី ខារីន ជីនភ័រ (Karine Jean-Pierre) បាននិយាយថា ច្បាប់នេះ «បង្ហាញពីឱកាសសំខាន់ៗសម្រាប់ក្រុមហ៊ុនអឺរ៉ុប ក៏ដូចជាអត្ថប្រយោជន៍ដល់សន្តិសុខថាមពលរបស់សហភាពអឺរ៉ុបទៅវិញទេ»។ លោកស្រីបានបន្ថែមថា ច្បាប់កាត់បន្ថយអតិផរណា (IRA) រួមបញ្ចូលបទបញ្ញត្តិដែលគាំទ្រដល់ការរីកលូតលាស់នៃវិស័យថាមពលស្អាតទូទាំងពិភពលោកផងដែរ។
ក្រៅតែពីជជែករឿងរ៉ាវដ៏ចម្រួងចម្រាសនេះ លោក Macron ក៏បានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអវកាសន៍អាមេរិក NASA ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដោយលោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងបារាំងមានសារៈសំខាន់ណាស់ក្នុងការទប់ទល់នឹងហានិភ័យនៃជម្លោះក្នុងដែនលំហអាកាស។ គួរជម្រាបថា កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំងពីរព្រមទាំងបានប្រកាសពីកិច្ចសហប្រតិបត្តិការថ្មីរវាងសហរដ្ឋអាមេរិក និងបារាំងលើលំហអាកាសក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉ារីស។
លោក ម៉ាក្រុង បានគូសបញ្ជក់ថា លំហរអាកាសគឺនឹងក្លាយជា «ទីកន្លែងថ្មីនៃជម្លោះ» និងការប្រកួតប្រជែងគ្នារវាងប្រទេសធំៗ។ ដូច្នេះហើយវាមានសារៈសំខាន់សម្រាប់ប្រទេសបារាំង និងសហរដ្ឋអាមេរិកក្នុងការធ្វើការរួមគ្នាលើការកំណត់ច្បាប់ និងបទដ្ឋាននានា ពីព្រោះប្រទេសទាំងពីរអាចចែករំលែកការប្តេជ្ញាចិត្តចំពោះវិទ្យាសាស្ត្រ ក៏ដូចជាតម្លៃប្រជាធិបតេយ្យរួមគ្នាផងដែរ៕