វិស័យដឹកជញ្ជូន

រថភ្លើងលើអាកាសដំបូង​តម្លៃជិត ២ពាន់លានដុល្លារ របស់ប៉ាគីស្ថាន បើកដំណើរការហើយ!


នៅទីបំផុត ខ្សែរថភ្លើងលើអាកាស ឬហៅថា Metro លើកដំបូងរបស់ប្រទេសប៉ាគីស្ថាន ដែលបានទទួលកម្ចីពីប្រទេសចិនដើម្បីសាងសង់នោះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីគម្រោងនេះ ត្រូវបានពន្យារពេលអស់ប៉ុន្មានឆ្នាំ ដោយសារតែមានជម្លោះផ្នែកនយោបាយក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រថភ្លើងលើអាកាសតម្លៃជិត ២ពាន់លានដុល្លារ របស់ប៉ាគីស្ថាន បើកដំណើរការហើយ! (រូបភាព៖ BBC)
ដោយ

គម្រោងខ្សែ​រថភ្លើងនេះ ត្រូវវបាន​គេមើឃើញថា នឹង​បម្រើដល់​ភាពខ្វះខាត​នៃ​សេវា​ដឹកជញ្ជូន​សាធារណៈ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​នៅក្នុងប្រទេស​ប្រទេសប៉ាគីស្ថាន។

មានចម្ងាយ​ប្រវែង ២៧គីឡូម៉ែត្រ និងមាន​ស្ថានីយ​ជាង ២០កន្លែង ខ្សែរថភ្លើង​ដែលមាន​ឈ្មោះថា Orange Line ដែលប្រទេស​ចិន​ជាអ្នក​ផ្ដល់​កម្ចី​សម្រាប់ការសាងសង់នោះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​របស់ប្រជាជនប៉ាគីស្ថាន ពីតំបន់​មួយ​ទៅតំបន់មួយ ដោយ​ធ្លាប់តែចំណាយ​ពេលវេលា​២ម៉ោងកន្លះ តាមរថយន្ដ​មកប្រើពេលតែ ៤៥​នាទីប៉ុណ្ណោះ តាមរយៈ​ខ្សែរថភ្លើងនេះ។

គម្រោងខ្សែរថភ្លើងនេះ ក៏នឹងផ្ដល់នូវ​សេវាប្រភេទ​លំដាប់ខ្ពស់ World Class សម្រាប់​សេវា​សាធារណៈ​ក្នុង​ទីក្រុង ឡាហ៊រ នៃប្រទេស​ប៉ាគីស្ថានផងដែរ។ នេះបើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃប្រទេស​ប៉ាគីស្ថាន។

ការបើកដំណើរការ​ខ្សែរថភ្លើង Metroនេះ គឺធ្វើឡើង​បន្ទាប់​បានពន្យារពេល​អស់ជាច្រើនឆ្នាំ ដោយសារតែ​មានជម្លោះ​ផ្នែកនយោបាយ និងមាន​ការ​ចោទសំណួរឡើង​ជាច្រើន អំពី​ចំនួន​បំណុល​ដ៏ច្រើន​លើសលុប​ ដែលប្រទេស​ប៉ាគីស្ថាន បាន​ខ្ចី​នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពិសេស​តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ផ្ដល់​ហិរញ្ញប្បទាន​ដោយចិន។

ជាក់ស្ដែង គម្រោងរថភ្លើង Metro នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ១ពាន់​៨រយ​​លាន​ដុល្លារអាមេរិក។ ក្រុមអ្នករិះគន់ ក៏បាន​ស្ដីបន្ទោស​ដល់​គម្រោងនេះ ថា បាន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើនកន្លែង​នៅទូទាំង​ទីក្រុង ឡាហ៊រ។

ទោះបី មានការ​ពន្យារពេល និងមាន​ភាព​ចម្រូងសម្រាសយ៉ាងណាក្ដី អាជ្ញាធរ ប៉ាគីស្ថាន​នៅតែ​សង្ឃឹមថា ខ្សែរថភ្លើង​ថ្មីនេះ នឹងកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅក្នុងទីក្រុង​ដែល​កន្លងមក​អ្នកធ្វើដំណើរ​ជារឿយៗ​ចំណាយពេលវេលា​រាប់ម៉ោង​តាមរថយន្ដ និងរថយន្ដក្រុង។

រថភ្លើងលើអាកាសតម្លៃជិត ២ពាន់លានដុល្លារ របស់ប៉ាគីស្ថាន បើកដំណើរការហើយ! (រូបភាព៖ http://www.xinhuanet.com)

មន្ត្រីរដ្ឋាភិបាល​រំពឹងថា ប្រជាជន​ប្រមាណ​២៥ម៉ឺននាក់ នឹងអាច​ធ្វើដំណើររ​តាម​ខ្សែរថភ្លើងនេះ ជារៀងរាល់ថ្ងៃ ខណៈដែល​ប៉ាគីស្ថាន គឺទទួលរង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សាធារណៈ មិនល្អ ដែលធ្វើឲ្យមាន​ការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ប្រចាំថ្ងៃ ហើយតម្លៃនៃ​ការធ្វើដំណើរទៀតសោត គឺមាន​តម្លៃថ្លៃ​សម្រាប់​កម្មករ​ដែលមានប្រាក់ខែ​ទាប​។

សូមបញ្ជាក់ថា ទីក្រុងប៉េកាំង បាន​និងកំពុង​បញ្ចេញ​សាច់ប្រាក់​យ៉ាងច្រើន​ចូល​ប្រទេស​ប៉ាគីស្ថាន ដោយមាន​ការវិនិយោគ​ជាង ៥០ពាន់លាន​ដុល្លារ ជាផ្នែកមួយនៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន ដែលបាន​ធ្វើឲ្យប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល និងការតភ្ជាប់ការ​ដឹកជញ្ជូន ទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងវៀតណាម កំពុងក្ដោបក្ដាប់ឱកាសនាំចេញអង្ករទៅទីផ្សារអូស្ត្រាលី ខណៈតម្រូវការកំពុងកើនឡើង

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាម កំពុងស្រវាចាប់ក្ដោបយកឱកាសរៀងៗខ្លួន ក្នុងការផ្គង់ផ្គង់ការនាំចេញអង្ករទៅអូស្ត្រាលី ខណៈដែលប្រទេសអូស្ត្រាលី កំពុងតែប្រឈម…

អ្នកជំនាញ៖ វិស័យទេសចរណ៍កម្ពុជា ត្រូវការពេលដល់ទៅ ៥ ឆ្នាំ ទើបអាចនឹងវិលមករកភាពប្រក្រតីវិញ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានអះអាងថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាអាចនឹងវិលមករកភាពប្រក្រតីឡើងវិញ ដោយប្រើពេលវេលាយ៉ាងហោចណាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ