ការថយចុះ នៃតម្លៃប្រេងឥន្ធនៈ នៅកម្ពុជានេះ គឺស្របគ្នាទៅនឹងការថយចុះនៃតម្លៃប្រេងលើពិភពលោកដែរ បន្ទាប់ពី ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ បានប្រកាសបញ្ចេញស្ដុកប្រេងបម្រុងទៅលើទីផ្សារ និងបញ្ហាសំខាន់មួយទៀតនោះ គឺវត្តមាននៃការផ្ទុះរាលដាលមេរោគបំប្លែងថ្មី អូមីក្រុង ក៏បានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកដែលធ្លាក់ប៉ោងខ្លាំង ត្រូវស្រកចុះបន្ដិចមកវិញផងដែរ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែធ្នូ រហូត ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តម្លៃប្រេងឥន្ធនៈ ដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៤.២០០៛ ធ្លាក់ចុះ២៥០៛ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៣.៨៥០៛ ចុះ២០០៛ នៅក្នុង១លីត្រផងដែរ។យ៉ាងណាមិញជុំវិញនៃការធ្លាក់ចុះនូវតម្លៃប្រេងសាំងនេះផងដែរ កើតឡើងនៅក្រោយមេរោគកូវីដ-១៩បំប្លែងងខ្លួនថ្មី អូមីគ្រុង ដែលគេទើបតែរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ កំពុងឆ្លងរាលដាលនៅប្រទេសជាច្រើនលើពិភពលោក និងបង្កឲ្យមានការរឹតត្បិតការធ្វើដំណើរផងដែរ។
សូមជម្រាបថា មេរោគបំប្លែងថ្មី Omicron នេះបាននឹងកំពុងតែបន្តរាតត្បាតនិងបានត្រូវបានរកឃើញជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសនានា និងដែនដីមួយចំនួននៅតំបន់ អ៊ីរ៉ុប និងបណ្ដាប្រទេសនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ជាដើម។ ដែលនេះជាកត្តាជះឥទ្ធិពលខ្លាំងបំផុតទៅដល់អ្នកវិនិយោគនៅផ្សារភាគហ៊ុន និងតម្លៃប្រេងឆៅមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការផ្គត់ផ្គង់ប្រេងថាអាចនិងមានលើសតម្រូវការនៅក្នុងត្រីមាសទី១នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃពុធសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅទីភ្សារអង់គ្លេសមានតម្លៃ ប្រមាណ ៧០ដុល្លារ៥៧សេនក្នុងមួយធុងបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនៅអាមេរិកវិញ មានតម្លៃ៦៨ដុល្លារ៦៨សេនក្នុងមួយធុងបារ៉ែល៕អត្ថបទ៖ ហួន ស្រីនីត