ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រកាសអំពីគម្រោងនៃដំណើរនេះ ដោយបានគូសបញ្ជាក់ប្រាប់សន្និសីតសារព័ត៌មានថា «លោកប្រធានាធិបតីនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ G20 ដែលជាវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងដោយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ G20 នៅឆ្នាំ២០២៦ខាងមុខ។
ទោះបីជានឹងមិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ាននៅឥណ្ឌូនេស៊ីក៏ពិតមែន ប៉ុ ន្តែលោក Jake Sullivan បានបញ្ជាក់ឡើងវិញថាការចូលរួមរបស់អាមេរិកជាមួយអាស៊ីប៉ាស៊ីហ្វិក គឺមិនបានធ្លាក់ចុះនោះឡើយនៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។ លោកថា ប្រធានាធិបតីបៃដិនបានចូលរួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ានផ្ទាល់រួចម្តងមកហើយកាលពីឆ្នាំមុន។ ដូច្នេះ ឆ្នាំនេះលោកសម្រេចបញ្ជូនលោកស្រី Harris ឱ្យទៅជំនួសវិញ ដើម្បីចូលរួមជាមួយអាស៊ាន ក្នុងនាមជាស្ថាប័នតំបន់មួយ និងភាពជាកណ្តាលរបស់អាស៊ាន។
បើតាមលោក Zack Cooper មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិកបានប្រាប់VOAថា រដ្ឋបាលលោកចូ បៃដិន បានពង្រឹងទំនាក់ទំនងជាមួយតួអង្គសំខាន់ៗនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដូចជាជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី វៀតណាម និងឥណ្ឌា។ ប្រទេសទាំងនេះមានការព្រួយបារម្ភស្រដៀងគ្នា គឺពួកគេកំពុងធ្វើឱ្យមានតុល្យភាពកាន់តែបើកចំហប្រឆាំងនឹងប្រទេសចិន។ តែលោក Zack ថា ការរំលងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងអាស៊ានរបស់លោកបៃដិននៅឆ្នាំនេះ នឹងបញ្ជូនសញ្ញាទៅកាន់តំបន់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចាត់ទុកប្រទេសនៅក្នុងតំបន់នេះទៅក្នុង«កម្រិតសំខាន់ទីពីរ»។
ទន្ទឹមគ្នា លោក Gregory Polling នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថា ការរំលងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍គឺ«មិនល្អប៉ុន្មានទេ»។ លោក Gregory មើលឃើញថា វត្តមានរបស់លោកស្រីហារីសនឹងបង្ហាញពីការមិនសូវឱ្យតម្លៃរបស់អាមេរិកចំពោះអាស៊ាន ប៉ុន្តែក៏មិនខុសពីចិនប៉ុន្មានដែរ។ ព្រោះជាធម្មតា ទីក្រុងប៉េកាំងតែងបញ្ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនជំនួសលោក Xi Jinping ទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន និងអាស៊ីបូព៌ា៕