លោក នីស៊ីមូរ៉ា សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសជី៧ បានបង្ហាញពីកិច្ចព្រមព្រៀងមួយ បន្ទាប់ពីថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាណិជ្ជកម្មនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា។ រដ្ឋមន្ត្រីនៃក្រុមប្រទេសជី៧នេះ មានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសសម្បូរធនធានមួយចំនួនដោយសារប្រទេសទាំងនោះមានតួនាទីដ៏សំខាន់នៅក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាពកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។
គណៈរដ្ឋមន្ត្រីទាំងនេះក៏កំពុងពិភាក្សាគ្នាពីការឆ្លើយតបរបស់ពួកគេចំពោះ«ការបង្ខិតបង្ខំសេដ្ឋកិច្ច»ផងដែរ ខណៈដែលប្រទេសចិន ប្រកាន់របបកុម្មុយនិស្តត្រូវបានប្រទេសប្រជាធិបតេយ្យមួយចំនួនរិះគន់ថា បានប្រើយុទ្ធសាស្ត្រនៃការគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីដាក់សម្ពាធលើបណ្ដាប្រទេសដែលចង់ស្វែងរកគោលដៅនយោបាយរបស់ខ្លួន។
កាលពីដើមខែតុលានេះ ចិនដែលគ្រប់គ្រងចំណែកភាគច្រើននៃទីផ្សាររ៉ែដ៏សំខាន់សម្រាប់ការកាត់បន្ថយកាបូននោះ បានប្រកាសពីការគ្រប់គ្រងការនាំចេញថ្មីលើសារធាតុក្រាហ្វីត ដែលប្រើប្រាស់ក្នុងការផលិតថ្មរថយន្តអគ្គិសនី កោសិកាឥន្ធនៈ និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែធ្នូតទៅ។
លោក នីស៊ីមូរ៉ា បាននិយាយនៅកិច្ចប្រជុំនេះថា ពួកគេនឹងដោះស្រាយបញ្ហានៃការបង្ខិតបង្ខំសេដ្ឋកិច្ចនេះ ដើម្បីចៀសវាងការប្រកាន់ខ្ជាប់នូវការការពារនិយមហួសហេតុពេក ហើយពួកគេនឹងចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះនៅថ្ងៃអាទិត្យ ទី២៩ ខែតុលា។
របៀបវារៈសម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះរួមមានការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកំពុងរងការរិះគន់ថា មានហានិភ័យនៃការដួលរលំដោយសារតែគ្មានដំណើរការនៅផ្នែកបណ្តឹងឧទ្ធរណ៍នៅក្នុងអង្គការនេះ។
កាលពីចុងខែសីហា ប្រទេសចិនបានដាក់បម្រាមនាំចូលផលិតផលសមុទ្រពីប្រទេសជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រក្រោយពីរោងចក្រនេះបានរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏មហាវិនាសកម្ម និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។
យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងស្វែងរកលទ្ធភាពនៃការយកបញ្ហានេះទៅកាន់អង្គការ WTO ខណៈដែលរដ្ឋមន្ត្រីក្រុមជី៧នេះកំពុងពិចារណាលើកយកបញ្ហានេះនៅឯកិច្ចប្រជុំរបស់ពួកគេផងដែរ៕
អត្ថបទ៖ សុខ ជា