អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាលោក កេន លូ បានអះអាងថា លោកមិនមានការព្រួយបារម្ភលើបញ្ហាទីផ្សារផលិតផលវាយនភណ្ឌរបស់កម្ពុជានោះទេ ពោលគឺការបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេររបស់កម្ពុជាពីក្រៅប្រទេសនៅតែមានជាហូរហែរ។ ប៉ុន្តែអ្វី ដែលជាក្តីកង្វល់សម្រាប់ លោកនោះ គឺកង្វះផលិតផលក្នុងការផ្គត់ផ្គង់ ស្របតាមតម្រូវការទីផ្សារបញ្ជាទិញទៅវិញទេ។ មូលហេតុ ដែលធ្វើឲ្យមានការព្រួយបារម្ភបែបនេះ គឺបន្ទាប់ពីមានកម្មករមួយចំនួនបានឈប់ពីការងារ អ្នកខ្លះបានត្រឡប់ទៅស្រុកកំណើត និងមិនបានត្រឡប់មកចូលធ្វើការវិញនោះទេ។ បញ្ហានេះ បានធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រកាត់ដេរ ត្រូវបានរំខាន គួបផ្សំនឹងរាតត្បាតនៃជំងឺកូវីដ-១៩នៅតែបន្ដកើនឡើង។
បើក្រឡេកទៅមើលការនាំចេញ ផលិតផលវាយនភណ្ឌកាត់ដេរនៅឆមាសទី១ក្នុងឆ្នាំ២០២១វិញ សម្រេចបានជិត៥ពាន់លានដុល្លារ កើនឡើងជាង ៤០លានដុល្លារ ឬស្មើនឹងអត្រាកំណើនប្រមាណ ១%បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។ ខណៈការនាំចេញផលិតផលមិនមែនកាត់ដេរសម្រេចបានជិត២ពាន់លានដុល្លារ កើនឡើងជិត៥០%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទោះបីការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនៅឆមាសទី១ក្នុងឆ្នាំ២០២១មានការកើនឡើងជិត១% ក៏ពិតមែន ប៉ុន្តែលោក កេន លូ មិនហ៊ានដាក់ក្តីរំពឹង ឬវាយតម្លៃថា វិស័យកាត់ដេរសម្លៀកបំពាក់នៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ។ កត្តាដែលធ្វើឲ្យលោកមិនហ៊ានដាក់ក្តីរំពឹង គឺដោយសារការឈានទៅបញ្ចប់ការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕