ផ្សារទំនើបនៅកម្ពុជាបាននិងកំពុងពង្រីកខ្លួនកាន់តែច្រើនឡើង ក្នុងនោះមិនត្រឹមតែមានការបង្កើតផ្សារទំនើបក្នុងស្រុកប៉ុណ្ណោះទេ តែផ្សារទំនើបយីហោបរទេសក៏បានហក់ចូលក្នុងទីផ្សារកម្ពុជាកាន់តែច្រើនឡើងផងដែរ។
តើអ្នកអាចដឹងទេថា តើបច្ចុប្បន្នរាជធានីភ្នំពេញមានផ្សារទំនើប និងផ្សាររដ្ឋប៉ុន្មានហើយ?
👉 មហាសេដ្ឋីខ្មែរចាប់ដៃគូជាមួយមហាសេដ្ឋីលេខ១ថៃ សាងសង់ផ្សារទំនើបបោះដុំទំនិញធំជាងគេបង្អស់នៅកម្ពុជា
បើយោងតាមការឲ្យដឹងពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រហូតមកទល់បច្ចុប្បន្ន កម្ពុជាមានផ្សារដែលគ្រប់គ្រងដោយរដ្ឋ ២៥កន្លែង និងផ្សារឯកជនមាន ៣២កន្លែង ហើយក្នុងនោះ ផ្សារទំនើបខ្នាតធំ គឺទើបតែមាន២ ប៉ុណ្ណោះ ខណៈដែលប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញមានប្រមាណជាង ៣លាននាក់ និងមានរោងចក្រសហគ្រាសជិត១ពាន់កន្លែង។ ក្រៅពីផ្សារធំៗដែលគ្រប់គ្រងដោយរដ្ឋ ដូចជា ផ្សារធំថ្មី ផ្សារចាស់ ផ្សារអូឡាំពិក ផ្សារទួលទំពូង ផ្សារដើមគរ ..។ល។
បច្ចុប្បន្ន ការសាងសង់ផ្សារទំនើបថ្មីៗក៏មានការកើនឡើងផងដែរ តួយ៉ាង ផ្សារទំនើប ផ្សារទំនើបអ៊ីអន២ ធីខេអេវិនញូ (TK Avenue) និងផ្សារទំនើបផាកសិន ដែលត្រៀមនឹងបើកដំណើរការឆាប់ៗនេះជាដើម។
ព្រមជាមួយគ្នានេះ ផ្សារទំនើបក្នុងស្រុកវ័យចំណាស់មួយចំនួនផ្សេងទៀត ដូចជាផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណា ផ្សារទំនើបស៊ីធីម៉ល ផ្សារទំនើបរតនាផ្លាហ្សា ក៏បាននិងកំពុងបន្ថែមនូវការវិនិយោគថ្មីៗ ដើម្បីទប់ទល់នឹងកម្ដៅប្រកួតប្រជែងពីផ្សារទំនើបយីហោបរទេសខ្នាតយក្សមួយចំនួន ដែលបាននិងកំពុងត្រៀមបើកដំណើរការនៅកម្ពុជាផងដែរ។
ទោះយ៉ាងណា គេមើលឃើញថា ផ្សារទំនើបខ្នាតយក្សដែលបាននិងកំពុងលេចធ្លោជាងគេនៅកម្ពុជា គឺទើបតែមាន២ប៉ុណ្ណោះ គឺផ្សារទំនើប អ៊ីអន និងផ្សារទំនើបផាកសិន។
ផ្សារទំនើបអ៊ីអន២ ជាមេដែកស្រូបទាញវិនិយោគិន
ក្រោយពីជោគជ័យលើគម្រោងទីមួយ ផ្សារទំនើបអ៊ីអនដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បាននិងកំពុងចាប់ផ្ដើមគម្រោងផ្សារទំនើបអ៊ីអនទី២ របស់ខ្លួននៅកម្ពុជា ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០១៨ និងមានទីតាំងស្ថិតនៅភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ជាប់ទីក្រុងរណបខេមកូ ស៊ីធី។
យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្បែរផ្សារទំនើបអ៊ីអន២នេះ ក៏មានគម្រោងអភិវឌ្ឍន៍ផ្សារម៉ាក្រូ (Makro) ដែលជាផ្សារលក់ទំនិញបោះដុំដ៏ធំមួយមកពីប្រទេសថៃ ទើបតែបើកដំណើរការសាងសង់ និងគ្រោងបើកដំណើរការលក់នៅខែធ្នូ ឆ្នាំ២០១៧នេះ។
ផ្សារទំនើបអ៊ីអននេះ ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យយល់ឃើញថា គឺជាមេដែកស្រូបទាញវិនិយោគិនឲ្យមានភាពសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងជាមួយតំបន់ភាគខាងជើងឈៀងខាងលិចមួយនេះ ដើម្បីអភិវឌ្ឍគម្រោងធំៗកាន់តែច្រើនថែមទៀត។
ផ្សារទំនើបផាកសិន ជាគូប្រជែងធំរបស់អ៊ីអន
ផ្សារទំនើបផាកសិន (Parkson) ត្រូវបានគេមើលឃើញគឺជាដៃគូប្រជែងធំមួយជាមួយនឹងផ្សារទំនើប អ៊ីអន ខណៈដែលផ្សារទំនើបទាំងពីរនេះ ត្រូវបានគេស្គាល់ថា ជាផ្សារទំនើបធំជាងគេខ្នាតយក្សនៅកម្ពុជា។
ទោះយ៉ាងណា ផ្សារទំនើបផាកសិន ធ្លាប់ប្រកាសថា ខ្លួននឹងបើកដំណើរការលក់នៅដើមឆ្នាំនេះ ប៉ុន្ដែ គិតមកត្រឹមចុងខែឧសភា ឆ្នាំ២០១៧នេះ គេនៅមិនទាន់ឃើញផ្សារទំនើបដ៏ធំដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីមួយនេះ បើកដំណើរការលក់នៅឡើយទេ ខណៈដែលការសាងសង់គឺជិតត្រូវបានរួចរាល់ជាស្ថាពរហើយ។ ដ្បិតតែមានការយឺតយ៉ាវក្នុងការបើកដំណើរការក្ដី ប៉ុន្ដែ ផ្សារទំនើបមួយនេះមានគម្រោងបើកដំណើរការនៅកម្ពុជាជាច្រើនសាខាផងដែរ។
ក្រៅពីផ្សារទំនើបធំៗទាំងពីរនេះ កម្ពុជាក៏មានគម្រោងផ្សារទំនើបជាច្រើនផ្សេងទៀតផងដែរ តួយ៉ាង គម្រោងផ្សារទំនើប Olympia Plaza ដែលស្ថិតក្នុងគម្រោង Olympia City ជាប់នឹងពហុកីឡដ្ឋានអូឡាំពិក គ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៧។
បន្ថែមពីនេះ ក្រុមហ៊ុនសិនត្រាល់ គ្រុប (CENTRAL Group) គឺជាក្រុមហ៊ុនលក់រាយដ៏ធំជាងគេបំផុតនៅប្រទេសថៃ ក៏គ្រោងនឹងចូលមកបោះទុនវិនិយោគ សាងសង់ផ្សារទំនើបធំជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៧នេះ ផងដែរ។
ផ្សារទំនើបកើតច្រើន តើកម្ពុជាអាចទាញផលប្រយោជន៍អ្វីខ្លះ?
ក្រៅពីបង្ហាញឲ្យឃើញពីបរិយាកាសសេដ្ឋកិច្ច និងការវិនិយោគល្អនៅកម្ពុជា ការកើនឡើងនៃផ្សារទំនើប ក៏បានឆ្លុះបង្ហាញពីភាពទំនើបកម្មនៃការរស់នៅរបស់ប្រជាជន ស្របទៅតាមនិន្នាការនៃសម័យភាវូបនីយកម្មផងដែរ។
មិនតែប៉ុណ្ណោះ កំណើនផ្សារទំនើបនៅកម្ពុជានឹងធ្វើឲ្យប្រជាជនទាំងអ្នកលក់និងអ្នកទិញ មានការផ្លាស់ប្តូរឥរិយាបថ ក៏ដូចជាទម្លាប់នៃការទិញលក់កាន់តែប្រសើរ ហើយក៏ចូលរួមកាត់បន្ថយការលក់ដូរបែបអនាធិបតេយ្យតាមដងផ្លូវផងដែរ។
ពិសេសជាងនេះទៀត គឺវានឹងជួយឲ្យមានការផលិតផលក្នុងស្រុក កាន់តែមានស្ថិរភាពនិងគុណភាពប្រសើរជាងមុន ព្រមជាមួយនឹងការបង្កើតមុខរបរ ក៏ដូចជាទីផ្សារសម្រាប់កសិករ និងអ្នកផលិតក្នុងស្រុកផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានព្យាករណ៍ថា ក្នុងឆ្នាំ២០១៧នេះ វិស័យលក់ដុំនិងរាយរបស់កម្ពុជា នឹងមានភាពរីកលូលាស់ខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺមានកំណើនប្រមាណជិត៨% ដែលកំណើននេះ បាននាំមុខវិស័យដឹកជញ្ជូន និងគមនាគមន៍ និងទេសចរណ៍៕