នៅដើមឆ្នាំ២០២៥ នេះ ផលបត្រសញ្ញាបណ្ណ ឬមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក កំពុងហក់ឡើងខ្លាំង ដែលនេះបង្ហាញពីការកើនឡើងហានិភ័យសម្រាប់ការវិនិយោគ ដែលធ្លាប់តែមានសុវត្ថិភាព។ ទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាម៉េរិកនៅតែមានភាពរឹងមាំ ខណៈដែលរបាយការណ៍បង្ហាញថា ទីផ្សារការងារនៅក្នុងប្រទេសនេះមានភាពរឹងមាំ ស្របពេលដែលធនាគារកណ្តាលអាម៉េរិក កំពុងពិចារណាឡើងវិញលើការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត។
ដោយលោក ដូណាល់ ត្រាំ នឹងវិលត្រលប់ទៅកាន់សេតវិមានជាថ្មីជាផ្លូវការនៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ គោលនយោបាយរបស់សហរដ្ឋអាម៉េរិក ដែលផ្តោតលើកំណើនសេដ្ឋកិច្ច ពេលនេះកំពុងផ្លាស់ប្ដូរងាកមកផ្ដោតជាអាទិភាពលើការគ្រប់គ្រងបំណុល និងអតិផរណាដ៏គួរឱ្យព្រួយបារម្ភ ខណៈដែលការខ្ចីបុលកើនឡើង។
មូលបត្របំណុលដែលមានអាយុកាល១០ឆ្នាំបានកើនឡើងលើសពី១% ក្នុងរយៈពេលត្រឹមតែ៤ខែមកនេះ ហើយពេលនេះបានហក់ឡើងជិតដល់៥% ទៅហើយ។ សូមបញ្ជាក់ថា ផលបត្រមូលបត្របំណុលដែលមានអាយុកាល១០ឆ្នាំបានហក់ឡើងដល់៥% ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ប៉ុន្តែវាជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកមក។
តាមពិតទៅ ផលបត្រមូលបត្របំណុលរដ្ឋាភិបាលអាម៉េរិក ដែលមានអាយុកាលវែងជាងនេះបានហក់ឡើងឈានដល់៥% រួចទៅហើយ ប៉ុន្តែទើបតែពេលនេះអ្នកជំនាញជាច្រើននៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street បានចាត់ទុកអត្រាហក់ឡើង៥% នេះថា ជាប្រក្រតីភាពតាមកន្លងថ្មីសម្រាប់អត្រាការប្រាក់។
សូមបញ្ជាក់ថា ការហក់ឡើងនៃផលបត្រមូលបត្របំណុលក្នុងស្ថានភាពស្រដៀងគ្នានេះ ក៏កំពុងកើតមានឡើងនៅទូទាំងពិភពលោកដែរ ដោយបណ្ដាវិនិយោគិនកំពុងបង្កើនការប្រុងប្រយ័ត្នចំពោះការទិញមូលបត្របំណុលពីបណ្ដាប្រទេសដូចជាចក្រភពអង់គ្លេស និងជប៉ុន ជាដើម៕
ដោយ: តែម សុខុម