បច្ចុប្បន្នទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ខណៈការស្ទង់មតិថ្មីមួយពីស្ថាប័ន ហ្គាលអាប់ (Gallup) បានបង្ហាញថា មានពលរដ្ឋអាម៉េរិកត្រឹមតែ ១៦% ប៉ុណ្ណោះ ដែលមើលឃើញថា សេដ្ឋកិច្ចជាតិ មានសភាពល្អប្រសើរចំពេលដែលសម្ពាធអតិផរណាបន្តហក់ឡើងដោយសារឥទ្ធិពលសង្គ្រាមអ៊ីរ៉ង់។
បើផ្អែកលើទិន្នន័យកំណើនសេដ្ឋកិច្ចជារួមផលិតផលក្នុងស្រុកសរុប ឬ GDP របស់សហរដ្ឋអាម៉េរិក ត្រូវបានរាយការណ៍ថា បន្តបង្ហាញសញ្ញាកើនឡើងយ៉ាងរឹងមាំ។ ប៉ុន្តែបញ្ហាគន្លឹះ គឺតួលេខចុងក្រោយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីកំណើនកាលពីពេលមុន ដែលរួមបញ្ចូលទិន្នន័យត្រឹមតែ១ខែប៉ុណ្ណោះ នៃសង្គ្រាមអ៊ីរ៉ង់ ពោលគឺវាមិនទាន់បានបង្ហាញពីតថភាពពិត នៃកំណើននាពេលបច្ចុប្បន្ននោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN។
ងាកមកមើលវិស័យការងារវិញ អ្នកសេដ្ឋកិច្ច បានកត់សម្គាល់ថា ទីផ្សារការងារបានចាប់ផ្ដើមធ្លាក់ចុះនាពេលថ្មីៗនេះ។ ទិន្នន័យនៅក្នុងរយៈពេល២ខែកន្លងមក មានភាពស្រពេចស្រពិលយ៉ាងខ្លាំង ដោយសារតែមានការបិទរដ្ឋាភិបាល និងផលប៉ះពាល់បណ្តោះអាសន្នផ្សេងៗ រួមទាំងការណាត់គ្នាឈប់ធ្វើការ ដើម្បីធ្វើកូដកម្មទ្រង់ទ្រាយធំក្នុងរយៈពេលយូរ។
ទោះបីជាការលក់រាយបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា និងស្ថិតក្នុងសភាពទ្រឹងនៅក្នុងខែមេសា ដោយសារតែតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ក៏ដោយ ប៉ុន្តែជារៀងរាល់ខែ បើទោះជាដកថ្លៃប្រេងចេញក៏ដោយ ក៏ប្រជាពលរដ្ឋអាម៉េរិក នៅតែត្រូវចំណាយថវិកាច្រើនជាងការរំពឹងទុកដដែល។ នេះមានន័យថា អតិថិជនមិនមានជម្រើសក្រៅពីបង្ខំចិត្តចំណាយកាន់តែច្រើន ទោះជាទំនិញមានតម្លៃថ្លៃក៏ដោយ។
វិបត្តិអតិផរណាបានចាប់ផ្ដើមជ្រាបចូលកាន់តែជ្រៅ ដោយនៅក្នុងខែមេសា អតិផរណាបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ ដែលភាគច្រើនបណ្តាលមកពីតម្លៃប្រេងឥន្ធនៈ ប៉ុន្តែបច្ចុប្បន្ន វាកំពុងតែរីករាលដាលទៅទូទាំងវិស័យសេដ្ឋកិច្ច។ តម្លៃម្ហូបអាហារបានកើនឡើង ៣,២% ក្នុងអំឡុងពេល១ឆ្នាំកន្លងមក ខណៈថ្លៃសំបុត្រយន្តហោះបានហក់ឡើងរហូតដល់ ២០%។
ប្រជាពលរដ្ឋអាម៉េរិក ទើបតែឆ្លងផុតវិបត្តិអតិផរណាដ៏អាក្រក់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេ ដែលពួកគេនៅតែបង្ហាញការមិនពេញចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ បើទោះបីជាអតិផរណានាពេលនេះ មិនទាន់អាក្រក់ដូចកាលពីឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែមិនទាន់អាចជម្រុះអារម្មណ៍ភិតភ័យចេញបានឡើយ។
វាជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០២៣ ដែលអត្រាអតិផរណាបានកើនឡើងលឿនជាងកំណើនប្រាក់ខែជាមធ្យមរបស់ពលរដ្ឋក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ កត្តានេះបានបំផ្លាញប្រាក់ចំណូល ដែលកើនឡើង និងបង្ខំឱ្យពលរដ្ឋអាម៉េរិកត្រូវដកប្រាក់សន្សំរបស់ពួកគេយកមកប្រើប្រាស់កាន់តែច្រើន ឬត្រូវខ្ចីប្រាក់បន្ថែម ដើម្បីគ្រាន់តែអាចទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចសព្វដង។
ទន្ទឹមនឹងនេះ តម្រូវការបច្ចេកវិទ្យា AI ដែលកំពុងកើនឡើងខ្លាំង និងប្រាក់ចំណេញរបស់បណ្តាសាជីវកម្មធំៗបានធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើងខ្ពស់ដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន។ ផ្ទុយទៅវិញមូលបត្របំណុលត្រូវបានគេសម្រុកលក់ចេញ ដោយសារតែក្តីបារម្ភរឿងអតិផរណាបានធ្វើឱ្យទិន្នផលមូលបត្ររតនាគារសហរដ្ឋអាម៉េរិករយៈពេល១០ឆ្នាំឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។ ទិន្នផលដ៏ខ្ពស់នេះ កំពុងតែជំរុញឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះកាន់តែហក់ឡើងខ្ពស់ថែមទៀត ដែលធ្វើឱ្យទីផ្សារលំនៅឋានត្រូវធ្លាក់ក្នុងសភាពជាប់គាំង និងរារាំងពលរដ្ឋអាម៉េរិកមិនឱ្យមានលទ្ធភាពទិញផ្ទះក្នុងក្តីស្រមៃរបស់ពួកគេបានឡើយ៕
អត្ថបទៈ សួម ឡង់ទី