តាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ កម្ពុជា ដែលបានផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការស្នើឲ្យមានការពន្យារពេលនៃការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ គឺដោយសារតែ មានក្រុមហ៊ុនមួយចំនួនមិនទាន់បានរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ឆ្នាំក្រោយ ហើយនិយោជកខ្លះទៀត ក៏នៅមិនទាន់បានដឹងអំពីការអនុវត្តរបបសោធននាពេលខាងមុខនៅឡើយ។ សមាគមរោងចក្រកាត់ដេរ កម្ពុជា ក៏បានគូសបញ្ជាក់ទៀតថា និយោជកស្វាគមន៍យ៉ាងខ្លាំងឲ្យមានការពិចារណាពន្យារពេលការអនុវត្តដើម្បីធានាថា និយោជកទាំងអស់បានដឹងពេញលេញនិងអាចរៀបចំផែនការថវិកាសម្រាប់ការចំណាយរបស់ពួកគេ។
ខេមបូណូមីសមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ នៅថ្ងៃទី ២០ វិច្ឆិកានេះ ដោយសារលោកមិនបានទទួលទូរស័ព្ទ។ ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ ធ្លាប់បានឆ្លើយនៅក្នុងកាសែតក្នុងស្រុកមួយកាលពីថ្ងៃទី ១៧ វិច្ឆិកាកន្លងទៅនេះថា ច្បាប់បសស បានចូលជាធរមាន ហើយក្រសួងក៏កំពុងតែរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ដើម្បីដាក់ឲ្យដំណើរការរបបប្រាក់សោធននេះដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្ដិសុខសង្គម បានថ្លែងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីបេឡាជាតិរបបសន្ដិសុខសង្គម បានដាក់ឲ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងហានិភ័យការងារ ដោយបានជួយសម្រាលបន្ទុកជាច្រើនដល់នយោជិតវិស័យឯកជន និងមន្ត្រីរាជការរួចមកហើយនោះ ឥឡូវនេះ បេឡាជាតិរបបសន្ដិសុខសង្គម ក៏គ្រោងនឹងដាក់ឲ្យដំណើរការនូវផ្នែកប្រាក់សោធនមួយបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកនយោជិតនៅពេលចាស់ជរាខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល។
បើតាមការគូសបញ្ជាក់ របស់បេឡាជាតិសន្ដិសុខសង្គម ផ្នែករបបប្រាក់សោធននេះ គឺសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រព្រមទាំងអ្នកបម្រើក្នុងផ្ទះ ដោយវាអាចនឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ខាងមុខ៕