មេក្រុមហ៊ុន ហ្វតថា សំណើសុំដំឡើងប្រាក់ខែរបស់កម្មករអាចបង្ខំឱ្យក្រុមហ៊ុននេះឆ្ពោះទៅរកការក្ស័យធន

មេធំក្រុមហ៊ុន ហ្វត និយាយថា សំណើសុំដំឡើងប្រាក់ខែរបស់កម្មករ អាចបង្ខំឱ្យក្រុមហ៊ុននេះ ឆ្ពោះទៅរកការក្ស័យធន


នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តហ្វត ម៉ូទ័រ (Ford Motor) លោក ជីម ហ្វាលី (Jim Farley) បាននិយាយថា ការទាមទាររបស់សហជីពកម្មកររថយន្ត ថ្មីៗនេះ ដើម្បីដំឡើងប្រាក់ឈ្នួល៤០% និងលក្ខខណ្ឌមួយចំនួនទៀតអាចធ្វើឲ្យក្រុមហ៊ុនយក្សមួយនេះ ឈានទៅរកការក្ស័យធន ខណៈដែលគិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា កម្មករបានបន្តធ្វើការតវ៉ា២ថ្ងៃហើយ ហើយតំណាងក្រុមហ៊ុន និងសហជីពនៅបន្តចរចាគ្នារកដំណោះស្រាយរួមមិនទាន់បាននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មេក្រុមហ៊ុន ហ្វតថា សំណើសុំដំឡើងប្រាក់ខែរបស់កម្មករអាចបង្ខំឱ្យក្រុមហ៊ុននេះឆ្ពោះទៅរកការក្ស័យធន
ដោយ

សហជីពកម្មករថយន្ត (UAW) នៅអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ទី១៧ ខែកញ្ញាថា កម្មកររបស់សហជីពនេះ ចំនួនប្រហែលជាង១ម៉ឺន២ពាន់នាក់ បានបន្តធ្វើកូដកម្ម សម្រាប់ថ្ងៃទី២ហើយ ដោយកម្មករទាំងនោះ ជាអ្នកបម្រើការនៅក្នុងរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន៣ នៅសហរដ្ឋអាមេរិកគឺក្រុមហ៊ុន GM ក្រុមហ៊ុន ហ្វត និងក្រុមហ៊ុន ស្តេឡេនធីស (Stallantis) ហៅកាត់ថា STLAM។
ក្រុមអ្នកចរចារបស់សហជីព និងអ្នកតំណាងមកពីក្រុមហ៊ុនទាំង៣នេះ បានបន្តកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានៅក្រោយពេលមួយថ្ងៃបន្ទាប់ពីកម្មកររបស់សហជីព UAW បានចាប់ផ្តើមចេញតវ៉ា ដែលជាសកម្មភាព បំផុតមិនធ្លាប់មាននៅលើទឹកដីអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជាមួយការទាមទារដំឡើងប្រាក់ឈ្នួល៤០% កាត់បន្ថយថ្ងៃធ្វើការ និងបន្ថែមអត្ថប្រយោជន៍លើប្រាក់សោធននិវត្តន៍ថ្មីជាដើម។
ឆ្លើយតបទៅនឹងការទាមទារនេះ កាលពីសប្ដាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន ហ្វត គឺលោក ជីម ហ្វាលី បាននិយាយថា សំណើសុំរបស់សហជីពកម្មកររថយន្ដ នេះនឹងជំរុញឱ្យក្រុមហ៊ុនហ្វត ក្ស័យធន។ លោក ហ្វាលី នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC ថា សហជីពចង់ឱ្យក្រុមហ៊ុនរបស់លោកជ្រើសរើសយកការក្ស័យធន ដោយសារការគាំទ្រកម្មកររបស់សហជីពនេះ ឬយ៉ាង?

លោក ហ្វាលី បានសង្កត់ធ្ងន់ថា ដោយលើកឡើងបទពិសោធន៍កាលពីមុនថា ប្រសិនបើក្រុមហ៊ុនហ្វតទទួលយកសំណើរបស់សហជីព កាលពីឆ្នាំ២០១៩ ដោយមិនអាចរកប្រាក់ចំណេញប្រហែល ៣០ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំមកនេះទេនោះ ម្ល៉េះក្រុមហ៊ុននេះនឹងខាតប្រាក់ប្រហែល១៥ពាន់លានដុល្លារ ហើយពេលនេះ ប្រហែលជាបានក្ស័យធនបាត់ទៅហើយក៏មិនដឹង។
គិតត្រឹមរសៀលថ្ងៃទី១៧ខែកញ្ញា មិនទាន់មានកិច្ចចរចាណាមួយបានទម្លុះទម្លាយបញ្ហានៅឡើយទេ ប៉ុន្តែសហជីព UAW បាននិយាយថា ការចរចាជាមួយក្រុមហ៊ុន ហ្វត ហាក់ដូចជាមានភាពវិជ្ជមានច្រើន។
លោក ម៉ាក ទ្រូប៊ី (Mark Truby) ជាប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន ហ្វត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ដូចក្រុមហ៊ុន ហ្វត បាននិយាយពីមុនមកហើយថា ក្រុមហ៊ុននេះបានពឹងលើសហជីពកម្មកររថយន្ដ ច្រើនជាងក្រុមហ៊ុនដទៃទៀត ដូច្នេះហើយក្រុមហ៊ុននេះប្តេជ្ញាថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយសហជីពនេះ ដោយផ្តល់រង្វាន់ដល់កម្មកររបស់ក្រុមហ៊ុន និងអនុញ្ញាតឱ្យក្រុមហ៊ុនអាចបន្តវិនិយោគទៅពេលអនាគត ដែលជាការឈ្នះទាំងអស់គ្នា។
ទោះយ៉ាងណាក៏ដោយតំណាងក្រុមហ៊ុនទាំង៣ និងសហជីពកម្មកររថយន្ដ នឹងបន្តកិច្ចចរចាគ្នាបន្ថែមទៀតនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ខណៈដែលលក្ខខណ្ឌភាគច្រើននៅមិនទាន់បំពេញឱ្យគ្នានៅឡើយទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើពលរដ្ឋមីយ៉ាន់ម៉ាកំពុងតស៊ូនឹងការលំបាកផ្នែកសេដ្ឋកិច្ចអ្វីខ្លះនៅពេលនេះ ខណៈវិបត្តិបន្ដអូសបន្លាយ ?

ព័ត៌មាន
ក្រៅពីប្រឈមនឹងការលំបាកដោយសារការតស៊ូនឹងអំពើហិង្សាដណ្តើមអំណាច រវាងរដ្ឋាភិបាលរបបយោធា ដែលគ្រប់គ្រងអំណាច និងរដ្ឋាភិបាលឯកភាពជាតិ ដែលជារដ្ឋា…

ប្លុកG77 និងចិន បើកកិច្ចប្រជុំនៅគុយបា អំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ពិភពលោក

ព័ត៌មាន
ប្លុកក្រុមប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើនលើពិភពលោក ឬហៅកាត់ G77 និងប្រទេសចិនបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសគុយបា កាលពីថ្ងៃស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ