ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា
លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលទើបតែបានបន្តជាប់ឆ្នោតអណាត្តិថ្មី ឆ្នាំ ២០១៩-២០២១ បានលើកឡើងថា
រយៈពេល២ឆ្នាំទៅមុខនេះ លោកជឿជាក់ថា ចំនួនរោងចក្រផលិតកាបូប នឹងកើនឡើងទ្វេដងថែមទៀត
ខណៈដែល បច្ចុប្បន្ន រោងចក្រផលិតកាបូប ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរ កម្ពុជា
មានជិត ២០រោងចក្រ និងមានការនាំចេញ រហូតដល់ ៥៥០ លានដុល្លារអាមេរិក។
អ្នកជំនាញ សេដ្ឋកិច្ច ធ្លាប់បានអះអាងថា កំណើននៃចំនួនរោងចក្រផលិតកាបូប កំពុងមាននិន្នាការកើនឡើងនៅកម្ពុជានេះ
គឺដោយសារតែ កាបូប គឺជាផលិតផលមួយក្នុងចំណោមផលិតផលសម្រាប់ការធ្វើដំណើរផ្សេងទៀត
ដែលអាចនាំចេញទៅកាន់ទីផ្សារអាមេរិក ដោយមានការអនុគ្រោះពន្ធតាមប្រព័ន្ធ អនុគ្រោះពន្ធ
GSP។
លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងទៀតថា បច្ចុប្បន្នកម្មករក្នុងវិស័យកាត់ដេរ ដែលមានឈ្មោះចុះក្នុងបញ្ជីរបស់ បេឡាជាតិរបបសន្តិសង្គម (បសស) គឺមានរហូតដល់ ៩០ម៉ឺនាក់ ហើយចំនួនកម្មករនឹងកើនឡើងថែមទៀត នៅឆ្នាំនេះ ដោយសារតែមានរោងចក្រកាបូបថ្មីៗនឹងចូលមកបើកដំណើរការនៅកម្ពុជាកាន់តែច្រើន ដែលពោលគឺនឹងកើនឡើងទ្វេដង នៅឆ្នាំនេះ និងឆ្នាំក្រោយ បើទោះបីជា បច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងការឈានទៅរបូតបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់សហគមអឺរ៉ុបក៏ដោយ។
ទាក់ទងនឹងបច្ចុប្បន្នភាពនៃដំណើរការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមអឺរ៉ុបវិញ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានគូសបញ្ជាក់ថា ពិតណាស់ វានៅតែជាបញ្ហាប្រឈម និងជាការគំរាមកំហែងធំមួយរបស់វិស័យកាត់ដេរនៅកម្ពុជា ប៉ុន្ដែ លោកជឿងជាក់ថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការILO ជាង២០ ឆ្នាំក្នុងការអភិវឌ្ឍវិស័យកាត់ដេរ កម្ពុជា ជាមួយសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អ នាពេលកន្លងមក ព្រមជាមួយនឹង ការកែប្រែច្បាប់សហជីពឲ្យកាន់តែប្រសើរឡើង ពីសំណាក់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ វានឹងធ្វើឲ្យសហភាពអឺរ៉ុបនឹងពិចារណាឡើងវិញពីការសម្រេចព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ ជាក់ជាពុំខាន។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើថា គាត់ (EU) លើក អា EBA ហ្នឹង ឲ្យគាត់ពិចារណាឲ្យច្បាស់ ពីព្រោះ Effect ប៉ះពាល់រោងចក្រ កម្មករយើងខ្លាំងណាស់។ អា Trade EBA (ពាណិជ្ជកម្មដែលមានការអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ) ហ្នឹង ជួយបានមែនទែនកម្មករយើង! ... បើថា លុបចោលទៅ វា Effect Contribution That European has helped Cambodia (ប៉ះពាល់ដល់អ្វីដែលអឺរ៉ុបបានខំជួយកម្ពុជានាពេលកន្លងមក) ហើយខ្ញុំសង្ឃឹមថា គេនឹង Consider (ពិចារណា) អាហ្នឹងខ្លាំងណាស់»។
ជុំវិញនឹងរឿង EBA នេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដែរថា កន្លងមកខាងរាជរដ្ឋាភិបាល ដោយមានការសហការជាមួយអង្គការ ILO ដែលជាដៃគូ បាននិងកំពុងធ្វើការងាររួមគ្នាច្រើន ដើម្បីដោះស្រាយ នូវអ្វីដែលជាក្ដី កង្វល់របស់សហគមអឺរ៉ុប។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រសួងការងារ បានធ្វើវិសោធនកម្មច្បាប់សហជីព១០ ចំណុចសំខាន់ ដើម្បីជំរុញឲ្យមានភាពប្រសើរឡើងដល់ច្បាប់ការងារកម្ពុជា ហើយឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា វឹងនឹងផ្ដល់ជាសារមួយដល់ សហភាពអឺរ៉ុប ក្នុងការពិចារណាទាក់ទងនឹងសម្រេចដក ឬមិនដក EBA ពីកម្ពុជា។
គួរបញ្ជាក់ថា តាមប្រសាសន៍របស់ ឯកឧត្តម អ៊ិត សំហេង បច្ចុប្បន្ន នៅកម្ពុជា មានរោងចក្រកាតដេរសម្លៀកបំពាក់ និងស្បែកជើង ដែលបានចុះបញ្ជី ប្រមាណជិត ១.២០០ រោងចក្រ ដែលបានផ្ដល់ការងារដល់កម្មករប្រមាណ ៨០ម៉ឺននាក់ ក្នុងនោះ មានប្រមាណជាង ៨០% គឺជាស្ត្រី។ ជាមួយគ្នានេះ ការចំណាយលើប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះ មានប្រមាណ ជាង ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ខណៈដែលប្រាក់ឈ្នួលអប្បបរមាកម្មករម្នាក់ មាន១៨២ ដុល្លារអាមេរិក ក្នុងមួយខែ។ តម្លៃប្រាក់ឈ្នួលអប្បបរមា របស់កម្មករក្នុងវិស័យកាត់ដេរកម្ពុជា នាពេលបច្ចុប្បន្នធៀបនឹងប្រទេសនៅអាស៊ានទាំង១០ គឺកម្ពុជាឈរក្នុងលំដាប់លេខរៀង ទី៥ហើយ៕