ក្រុមហ៊ុនមួយចំនួនកំពុងនាំយកអ្នកផ្គត់ផ្គង់ចិនត្រឡប់ចូលប្រទេសចិន វិញហើយ បន្ទាប់ពីប្រឈមថ្លៃដើមផលិតខ្ពស់ បញ្ហាផលិតកម្ម និងការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅក្រៅប្រទេស។ ជាក់ស្តែងក្រុមហ៊ុន ដាវ៉ាង ម៉ិតថល (Dawang Metals) ដែលជាក្រុមហ៊ុនស្លដែករបស់ចិន បាននិយាយថា អតិថិជនអាម៉េរិកម្នាក់ ដែលធ្លាប់ផ្លាស់ប្តូរការបញ្ជាទិញមួយចំនួនទៅឥណ្ឌា ឥឡូវបានត្រឡប់មកវិញជាមួយការបញ្ជាទិញថ្មី។ ក្រុមហ៊ុននាំចេញគ្រឿងសង្ហារិមចិនមួយទៀត ក៏បានបិទទីតាំងផលិតកម្មនៅវៀតណាម ហើយរើផលិតកម្មត្រឡប់ទៅចិនវិញដែរ បន្ទាប់ពីពិបាកស្វែងរកឧបករណ៍ និងអ្នកផ្គត់ផ្គង់។
យុទ្ធសាស្ត្រចិន បូកមួយ ដែលក្រុមហ៊ុនរក្សាផលិតកម្មមួយផ្នែកនៅក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យពន្ធគយកំពុងត្រូវបានគិតគូរឡើងវិញ ខណៈអាម៉េរិក ពង្រីកការដាក់ពន្ធគយទៅកាន់ប្រទេសកាន់តែច្រើន។ គុណសម្បត្តិរបស់ចិន មិនមែនមានតែថ្លៃដើមទាបនោះទេ ប៉ុន្តែថែមទាំងមានបណ្តាញអ្នកផ្គត់ផ្គង់ដ៏ធំ កម្លាំងពលកម្មជំនាញ ឧបករណ៍សម្បូរបែប និងប្រព័ន្ធអគ្គិសនី ដែលមានស្ថិរភាពផងដែរ ដែលធ្វើឱ្យការផលិតកាន់តែមានប្រសិទ្ធភាព។
ទោះជាយ៉ាងណា វៀតណាម ឥណ្ឌូនេស៊ី និងឥណ្ឌា នៅតែបន្តទាក់ទាញការវិនិយោគ ខណៈក្រុមហ៊ុននានានៅតែស្វែងរកទីតាំងផលិតកម្មជំនួស។ សរុបមកការរើផលិតកម្មចេញពីប្រទេសចិន អាចមិនពិបាកនោះទេ ប៉ុន្តែការជំនួសប្រព័ន្ធផលិតកម្មដ៏ធំ និងស្មុគស្មាញរបស់ចិន គឺជារឿងដ៏ពិបាក៕
ដោយ: តែម សុខុម