មាសនៅតែជាច្រកវិនិយោគដ៏មានសក្ដានុពលរហូតដល់ដំណាច់ឆ្នាំនេះ ទោះបីជាសេដ្ឋកិច្ចពិភពលោកជាទូទៅ និងជាពិសេសសេដ្ឋកិច្ចវៀតណាម នៅតែមានកត្តាហានិភ័យ ចំពោះមុខឱនភាព និងអតិផរណា ដែលធ្វើឱ្យពិបាកព្យាករតម្លៃរបស់វាក៏ដោយចុះ។
លោក សាវកៃ ហ្វេន ( Shaokai Fan) ដែលជាប្រធានក្រុមការងារប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាប្រធានទទួលបន្ទុកធនាគារកណ្តាលនៃក្រុមប្រឹក្សាមាសពិភពលោក បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗថា របាយការណ៍ស្ដីពីនិន្នាការតម្រូវការមាសចុងក្រោយបង្អស់បានបង្ហាញថា នៅប្រទេសវៀតណាម តម្រូវការមាសបានថយចុះ ១២ ភាគរយពី ១៩,៦ តោនក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹមតែ ១៧,២ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។
ដូចគ្នានេះដែរ តម្រូវការដុំមាស និងកាក់មាស ក៏បានធ្លាក់ចុះ ១០ ភាគរយដែរ ពោលគឺពី ១៤តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកត្រឹម ១២,៦ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ តម្រូវការគ្រឿងអលង្ការបានធ្លាក់ចុះ ១៨% និយាយឱ្យចំគឺថយពី ៥,៦ តោននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មកនៅ ៤,៦ តោន ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។
លោក សាវខៃ ហ្វេន បាននិយាយថា ការកើនឡើងតម្លៃមាសបានប៉ះពាល់ដល់តម្រូវការទិញគ្រឿងអលង្ការ និងដុំមាសនៅក្នុងទីផ្សារវៀតណាម ហើយលើសពីនេះទៀត ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការព្រួយបារម្ភអំពីអតិផរណា ក៏បានធ្វើឱ្យតម្រូវការទិញមាសធ្លាក់ចុះដែរ។
អ្នកជំនាញរូបនេះអះអាងទៀតថា នៅពេលវិនិយោគលើមាស អ្នកវិនិយោគមិនគួរសម្រេចចិត្តដោយផ្អែកលើតែតម្លៃមាសនោះទេ ប៉ុន្តែត្រូវពិចារណាលើកត្តាផ្សេងៗជាច្រើនទៀត ដូចជាសមាមាត្រនៃបែងចែកធនធានវិនិយោគ និងផលប័ត្រវិនិយោគ ហើយអ្នកវិនិយោគប្រាកដជាមិនគួរវិនិយោគលើទំនិញតែមួយប្រភេទនោះទេ៕
ដោយ: សរ សុជាតិ