ទុនបម្រុងមាស

ទុនបម្រុងមាសរបស់កម្ពុជា កើនដល់ជាង៨,០០០លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ


ធនាគារកណ្តាលរបស់កម្ពុជា បានបង្កើនការទិញមាសចូលធ្វើទុនបម្រុងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាពិភពលោក គិតត្រឹមត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា មានទុនបម្រុងមាសជាង៥៦តោន​ គិតជាទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារអាម៉េរិក បើគណនាជាមួយតម្លៃ៤,៥០០ដុល្លារក្នុងមួយអោន។
ទុនបម្រុងមាស
ដោយ

របាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ទុនបម្រុងមាសរបស់កម្ពុជា បានកើនដល់ជាង៥៦តោន គិតជាទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារអាម៉េរិក បើគណនាជាមួយតម្លៃ៤,៥០០ដុល្លារក្នុង១អោន។ ការកើនឡើងទុនបម្រុងជាមាសនេះ កើតឡើងក្រោយធនាគារកណ្តាលកម្ពុជា បានបង្កើនការទិញមាសចូលសម្រាប់ធ្វើជាទុនបម្រុងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងនៅឆ្នាំ២០២៤ កម្ពុជា បានបង្កើនការទិញមាសចូលប្រមាណជាង២តោន បន្ទាប់មកនៅឆ្នាំ២០២៥ បានបង្កើនការទិញចូលប្រមាណ៨តោន និងទិញ២តោនបន្ថែមទៀតនៅត្រីមាសទី១ ឆ្នាំនេះ ដែលធ្វើឱ្យបម្រុងមាសសរុបរបស់កម្ពុជា កើនដល់ជាង៥៦តោន។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើនបម្រុងជាមាសជាបន្តបន្ទាប់របស់កម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងរបស់រាជរដ្ឋាភិបាល។ លោកបណ្ឌិត បានបន្តថា កំណើនទុនបម្រុងមាសដ៏រឹងមាំនាពេលនេះ នឹងជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ កាត់បន្ថយហានិភ័យពីការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរយៈពេលវែង។

ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត បានចាត់ទុកការកើនឡើងនៃទុនបម្រុងមាសនេះថា ជាការបញ្ជាក់អំពីភាពរឹងមាំនៃម៉ាក្រូសេដ្ឋកិច្ច ដែលអាចធានាបាននូវការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ នៅកម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ទុនបម្រុងដ៏រឹងមាំនេះនឹងក្លាយជាមេដែកទាក់ទាញ និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជា មានដង្ហើម និងដំណើរការកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ការដែលធនាគារកណ្តាលនៅជុំវិញពិភពលោក រួមទាំងកម្ពុជា បានសម្រុកទិញមាសចូលជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែវាជាយុទ្ធសាស្ត្រការពារខ្លួនខាងផ្នែកហិរញ្ញវត្ថុ និងនយោបាយដ៏សំខាន់។ មាសត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាព ដែលតែងតែឡើងថ្លៃ ឬរក្សាតម្លៃបានល្អជាងគេក្នុងអំឡុងពេលសេដ្ឋកិច្ចសកលប្រឈមនឹងវិបត្តិផ្សេងដូចជាសង្គ្រាម និងជម្លោះភូមិសាស្ត្រនយោបាយជាដើម។ ជាទ្រឹស្តីនៅពេលប្រទេសមួយមានទុនបម្រុងមាសកាន់តែច្រើន គឺបង្ហាញពីគ្រឹះសេដ្ឋកិច្ចកាន់តែរឹងមាំ ព្រោះវាអាចជួយបង្កើតជំនឿចិត្តយ៉ាងខ្លាំងដល់វិនិយោគិនបរទេស និងភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិថា ប្រទេសនោះមានសមត្ថភាពទូទាត់បំណុល និងមានភាពធន់ខ្ពស់ក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យក្រសួងសុខាភិបាល គួររឹតបន្តឹងការលក់ឡេ និងអាហារបំប៉នតាមអនឡាញ ជាជាងរឹតបន្តឹងការចែករំលែកចំណេះដឹងសុខភាព

នាពេលថ្មីៗនេះ មហាជនហាក់សម្ដែងការខកចិត្តយ៉ាងខ្លាំង ក្រោយគណៈគ្រូពេទ្យកម្ពុជា បានប្រកាសថា គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ត្រូវមានលិខិតអនុញ្ញាត…

​អ្នកជំនាញស្នើឱ្យរដ្ឋគួររៀបចំយន្តការទាក់ទាញមូលធនមនុស្សពីក្រៅប្រទេសឱ្យមកចូលរួមអភិវឌ្ឍជាតិ

ស្របពេលដែលកម្ពុជា កំពុងពង្រឹងភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ការកសាងភាពខ្លាំងដោយខ្លួនឯងត្រូវបានគេមើលឃើញថា ជាយន្តការយុទ្ធសាស្ត្រ និងជាខែលក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ