ជុំវិញវិធានការនេះ ក្រុមអ្នកជំនាញយល់ឃើញថា ការគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រជារឿងល្អ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល គួរតែបើកចិត្តទូលាយ និងលើកទឹកចិត្តដល់វេជ្ជបណ្ឌិត ដែលមានអាជ្ញាបណ្ណត្រឹមត្រូវឱ្យបន្តបេសកកម្មអប់រំសុខភាពជាសាធារណៈ ព្រោះសកម្មភាពនេះបានជួយដល់ពលរដ្ឋទទួលបានចំណេះដឹងត្រឹមត្រូវ កាត់បន្ថយការចំណាយ និងពេលវេលាព្យាបាល។ ទន្ទឹមនឹងនេះ អ្នកជំនាញ ស្នើឱ្យក្រសួងគួរងាកទៅរឹតបន្តឹងលើក្រុមអ្នកលក់ផលិតផលតាមអនឡាញ ដូចជាការផ្សព្វផ្សាយលាយឡេ អាហារបំប៉ន និងថ្នាំសម្រកទម្ងន់ ដែលគ្មានច្បាប់ទម្លាប់វិញទៅ។អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ការដែលតម្រូវឱ្យអ្នកបង្កើតមាតិកាអប់រំផ្នែកសុខភាពសារធារណៈ ត្រូវមានលិខិតអនុញ្ញាត គឺជារឿងដ៏ត្រឹមត្រូវ ដើម្បីពង្រឹងចំណេះដឹង និងទំនុកចិត្តដល់អ្នកចែករំលែក។
តែយ៉ាងណា អ្នកឧកញ៉ា យល់ថា សម្រាប់បុគ្គលិកពេទ្យ ឬគ្រូពេទ្យដែលមានអាជ្ញាបណ្ណ គួរតែបន្តលើកទឹកចិត្តដល់អ្នកទាំងនោះចូលរួមជួយសង្គមតាមរយៈការបង្កើតមាតិកាចែករំលែក ដើម្បីទាក់ទាញសាធារណជនចង់ចេះចង់ដឹង ខណៈតាមរយៈការចែករំលែកពីអ្នកជំនាញមួយចំនួនហាក់ធ្វើឱ្យធុញទ្រាន់ក្នុងការស្ដាប់។ សម្រាប់អ្នកជំនាញរូបនេះ ការចែករំលែកចំណេះផ្នែកសុខភាពពីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ជាសកម្មភាពជួយដល់ពលរដ្ឋកាត់បន្ថយថវិកាសម្រាប់ពិគ្រោះជំងឺ ចំណេញពេលវេលា ចេះថែទាំសុខភាពដោយខ្លួនឯង កាត់បន្ថយការបាត់បង់ធនធានមនុស្ស លើសពីនេះថែមទាំងជួយកាត់បន្ថយចំណាយក្នុងថវិកាជាតិបានមួយកម្រិតផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា ការតម្រូវឱ្យអ្នកចែករំលែកពីបញ្ហាសុខភាពសារធារណៈត្រូវមានលិខិតអនុញ្ញាត គឺជារឿងដ៏ល្អមួយ ដើម្បីធានាថា ពលរដ្ឋអាចទទួលបានចំណេះដឹងមួយពិតប្រាកដ និងច្បាស់លាស់។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់លើគ្រូពេទ្យ ក្រសួងសុខាភិបាល គួរតែបង្កើនការរឹតបន្តឹងលើអាជីវករលក់ផលិតផលតាមប្រព័ន្ធអនឡាញដូចជាឡេលាយជំនួយស្បែកស អាហារបំប៉ន និងឱសថបំប៉នផ្សេងៗ ដោយតម្រូវឱ្យពួកគេត្រូវមានលិខិតអនុញ្ញាត និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពដូចគ្នាដែរ។ បន្ថែមលើនេះ ស្ថាប័នពាក់ព័ន្ធត្រូវតែហ្មត់ចត់ក្នុងការពិនិត្យផលិតផលនាំចូលពីក្រៅប្រទេស ដើម្បីការពារពលរដ្ឋពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។
ដោយឡែក លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌ បានលើកឡើងថា ការដាក់ចេញវិធានការនេះអាចជារឿងល្អក្នុងការតម្រង់ទិសដៅវេជ្ជបណ្ឌិត ដែលទើបបញ្ចប់ការសិក្សាថ្មីថ្មោង។ ប៉ុន្តែលោកយល់ថា ការប្រកាសវិធានការយ៉ាងតក់ក្រហល់ពីសំណាក់គណៈគ្រូពេទ្យកម្ពុជា នាពេលនេះ កំពុងតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សាធារណជន និងអាចបង្កើតជាលំហូរ នៃការរិះគន់ពីខាងក្រៅ។ លោកវេជ្ជបណ្ឌិត ផ្តល់ជាយោបល់ថា គណៈគ្រូពេទ្យគួរតែរៀបចំកិច្ចប្រជុំរួមមួយ ដោយអញ្ជើញបណ្តាគ្រូពេទ្យទាំងអស់មកជជែកពិភាក្សា និងណែនាំតាមបែបផ្ទៃក្នុងជំនួសវិញ។ លោកបន្ថែមថា អាជ្ញាធរគួរតែរឹតបន្តឹងលើការលក់ដូរឡេលាយ ថ្នាំសម្រកទម្ងន់ ឬថ្នាំខ្មែរបុរាណដែលខ្វះការយល់ដឹងផ្នែកវេជ្ជសាស្ត្រ ចំណែកឯក្រុមគ្រូពេទ្យ ដែលមានចំណេះដឹងពិតប្រាកដគួរតែទទួលបានការលើកទឹកចិត្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា គណៈគ្រូពេទ្យកម្ពុជា បានចេញសេចក្ដីប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបញ្ជាក់ថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវ អ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈ វេជ្ជសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សេចក្តីប្រកាសដដែលបានបន្តថា ក្រមសីលធម៌វិជ្ជាជីវៈអនុញ្ញាតឱ្យអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព និងការបង្ការជំងឺនានា ប៉ុន្តែមិនអនុញ្ញាតឱ្យប្រើប្រាស់រូបភាពទាំងនោះ ដើម្បីផ្សព្វផ្សាយលើកតម្កើងបុគ្គល ឬក្រុមក្នុងគោលបំណងទាញយកផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។ ទោះជាយ៉ាងណាក្រុមអ្នកជំនាញនៅតែយល់ឃើញថា វិធានការនេះមានចេតនាល្អ ប៉ុន្តែរបៀបវារៈនៃការប្រកាសជាសាធារណៈហាក់មានភាពតក់ក្រហល់ពេក ដែលគួរតែជំនួសមកវិញនូវការប្រជុំពិភាក្សាផ្ទៃក្នុង និងជំរុញឱ្យមានចំណាត់ការក្តៅលើអាជីវកម្មអនឡាញខ្វះការទទួលខុសត្រូវ ដែលកំពុងតែវាយលុកលើទីផ្សារសុខភាពបច្ចុប្បន្ន។ ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមការសារព័ត៌មានខេមបូណូមីស បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាលដែរ តែទូរសព្ទចូលមិនមានអ្នកទទួល៕
អត្ថបទ៖ ជា ម៉ារ៉ា