អគារ Gold Tower 42 នេះ ត្រូវបានចាប់ផ្ដើមសាងសង់ឡើងវិញនៅចុងខែ មករា ឆ្នាំ២០១៨ ក្រោយពីមានការសហការរវាងក្រុមហ៊ុនធំៗ គឺក្រុមហ៊ុន Yunwoo របស់កូរ៉េ ដែលជាក្រុមហ៊ុនម្ចាស់ដើមនៃគម្រោងនេះ រួមជាមួយក្រុមហ៊ុនសាងសង់មកពីតៃវ៉ាន់ Waiman និងក្រុមហ៊ុនដេគ័ររបស់ចិន Hongtao ។ បើតាម អ្នកគ្រប់គ្រងក្រុមហ៊ុន Hongtao បានឲ្យដឹងថា ក្រុមហ៊ុន ចិន Hongtao និងក្រុមហ៊ុន តៃវ៉ាន់ Wainman គឺំមានភាគហ៊ុនលើគម្រោងអគារនេះ ខណៈក្រុមហ៊ុនកូរ៉េ Yunwoo គឺមានភាគហ៊ុនតិចជាងគេ។ តែយ៉ាងណា អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Hongtao រូបនេះ មិនបានបញ្ជាក់ពីចំនួនភាគហ៊ុនជាក់លាក់របស់ក្រុមហ៊ុននីមួយៗនោះឡើយ។
លោក Samuel វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន Shenzhen Hongtao Decoration បានលើកឡើងថា អគារនេះ បានសាងសង់បន្ត អគារ Gold Tower 42 នេះ នៅពេលដែលផ្អាកការសាងសង់ គឺទើបតែសង់បានដល់ជាន់ទី៣០ ប៉ុណ្ណោះ។ ដើម្បីបញ្ចប់ការសាងសង់ រហូតដល់ជាន់ទី៤២ ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ប្រមាណ ៣លានដុល្លារអាមេរិកហើយ។
បើតាមការគូសបញ្ជាក់ពីលោក Samuel នៅដើមឆ្នាំ២០២០ ខាងមុខនេះ អគារ Gold Tower នេះ នឹងសាងសង់រួចរាល់ជាស្ថាពរ ដោយនឹងត្រូវចំណាយទុនសរុបទាំងមុន និងក្រោយអស់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ហើយនៅពាក់ឆ្នាំ២០១៩នេះ ក្រុមហ៊ុននឹងទើបចាប់ផ្ដើមបើកលក់ឡើងវិញជាផ្លូវការ។
វិស្វករជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា មុននឹងមានការចុះកិច្ចសន្យាសាងសង់ឡើងវិញនេះ ពោលគឺកាលអគារនេះសាងសង់ឡើងដំបូង ក៏មានអតិថិជនបានទិញរួចខ្លះៗហើយ ប៉ុន្ដែក្រោយពីមានវិបត្តិសេដ្ឋកិច្ចសកលកាលពីជាង ១០ឆ្នាំមុននោះ បានធ្វើឲ្យអគារនេះត្រូវជាប់គាំង ប៉ុន្ដែ មកទល់ពេលនេះ ក្រុមហ៊ុនបានគិតគូរសងប្រាក់កក់ទៅឲ្យអតិថិជនចាស់ៗរួចរាល់ទាំងនោះអស់ហើយ។
អគារ Gold Tower មានផ្ទៃក្រឡាសរុបប្រមាណ ១៤ ម៉ឺនម៉ែត្រការ៉េ ដែលក្នុងនោះ មានផ្សារ បន្ទប់ការិយាល័យ និងកន្លែងកម្សាន្ដផ្សេងទៀត។
ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា អគារ Gold Tower 42 ត្រូវបានក្រុមហ៊ុន Yunwoo បានផ្អាកការសាងសង់តាំងពីឆ្នាំ២០១០ មកម្លេះ ដោយសារតែឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល។ ហើយកន្លងមកខាងក្រសួងក៏ដូចជា រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលលើការសាងសង់អគារនេះឡើងវិញផងដែរ។ ក្រោយពីអគារនេះ បញ្ចប់ការសាងសង់ជាស្ថាពរ ឯកឧត្តម ជឿជាក់ថា នឹងជួយលើកមុខមាត់កម្ពុជា ពិសេស គឺសក្ដានុពលវិស័យសំណង់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
បើតាមការអះអាងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា ភាពជាប់គាំងនៃគម្រោងវិនិយោគអគារ ៤២ជាន់ កន្លងមក បើគិតមកទល់ពេលនេះ គេលែងរាប់បញ្ចូលជាបញ្ហានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាហើយ ព្រោះបច្ចុប្បន្នមានគម្រោងអគារខ្ពស់រាប់សិបគម្រោងត្រូវបានបំពេញបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យ។
គួរជម្រាបថា របាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បង្ហាញថា នៅឆ្នាំ២០១៨ នេះតម្លៃទុនវិនិយោគលើវិស័យសំណង់មានការថយចុះប្រមាណជាង ១៨ភាគរយ ពោលគឺតម្លៃទុនវិនិយោគមាននៅត្រឹមជាង ៥ពាន់លានដុល្លារ ខណៈឆ្នាំ២០១៧ តម្លៃទុនវិនិយោគមានរហូតជាង ៦ពាន់លានដុល្លារ៕