ស្ពានឫស្សី ឬប្រដឹងកោះប៉ែន (អ្នកស្រុកនិយមហៅ) គេសង់នៅរដូវប្រាំងពេលដែលទឹកទន្លេមេគង្គស្រកចុះជិតដល់បាតទន្លេ ជាផ្លូវតភ្ជាប់ការធ្វើដំណើររបស់ប្រជាជនជាច្រើនពាន់គ្រួសារនៅលើកោះប៉ែន កោះសូទិន និងកោះតូចៗចំនួនទៀត ទៅនឹងទីប្រជុំជនខេត្តកំពង់ចាម។
នៅរដូវវស្សា ទឹកទន្លេមេគង្គឡើងខ្ពស់ខ្លាំង ប្រដឹសនេះត្រូវរុះរើចេញវិញ ហើយការធ្វើដំណើរត្រូវធ្វើដោយទូកចម្លង សម្រាប់អ្នកនៅកោះប៉ែន និងតាមកាណូតម៉ាស៊ីន សម្រាប់អ្នករស់នៅបណ្ដាកោះក្បែរខាងដទៃទៀត។
ប្រដឹសកោះប៉ែន មានអនុស្សាវរីយ៍ជាមួយអ្នកស្រុកច្រើនជំនាន់មនុស្សមកហើយ ហើយថ្មីៗចុងក្រោយនេះ ប្រដឹងកោះប៉ែន ឬស្ពានឫស្សីកោះប៉ែន ក៏បានកសាងអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរបរទេសជាច្រើនផងដែរ។
ប៉ុន្តែ អំណេះតទៅ ប្រហែលជាអ្នកស្រុកនិងអ្នកទេសចរត្រូវនិយាយលាគ្នាជាមួយប្រដឹសកោះប៉ែន ជារៀងរហូតហើយ !
នេះក៏ព្រោះតែស្ពានថ្មថ្មីដែលសាងសង់ដោយរដ្ឋាភិបាល ដែលសង់ជិតរួចរាល់ជាស្ថាពរ នឹងចូលខ្លួនមកជំនួសម្ដង។ ស្ពានថ្មថ្មីនេះ បានបើកឲ្យអ្នកធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្នជាបណ្ដើរហើយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ។
ការទំនងជានឹងបាត់ខ្លួនជារៀងរហូតនៃស្ពានឫស្សីនេះ និងការចូលខ្លួនមកជំនួសនូវស្ពានថ្មថ្មី ដែលមានគុណភាពរឹងមាំជាង ធន់នឹងទម្ងន់ធ្ងន់ជាងនេះ ទទួលបានទាំងការសាទរ និងទាំងការសោកស្ដាយអាលោះអាល័យ។ សាទរ ត្រង់ថា ស្ពានថ្មថ្មីនេះ នឹងសម្រួលការដឹកជញ្ជូន និងការធ្វើដំណើរកាន់តែប្រសើរឡើង លឿនរហ័សជាងមុន និងឥតអស់ការចំណាយ។
អ្នកដែលអាលោះអាល័យមិនចង់បាត់បង់ស្ពានឫស្សី ភាគច្រើនជាអ្នកលក់ដូរ និងប្រជាជនដែលទទួលផលពីវិស័យទេសចរណ៍ពាក់ព័ន្ធនឹងស្ពានឫស្សីនេះ ទោះបីផលនោះមិនច្រើនក្ដី។ មួយរយៈចុងក្រោយ ស្ពានឫស្សីបានទាក់ទាញទេសចរបរទេសជិះកង់កម្សាន្តឆ្លងពីកំពង់ចាម ទៅកោះនានា ដើម្បីគយគន់ទេសភាពចម្ការថ្នាំជក់ ចម្ការពោត ។ល។ និងស្វែងយល់ពីជីវភាពអ្នកស្រុក ហើយទេសចរទាំងនេះបានបង្កើតជាចំណូលបន្ថែមដល់អ្នកស្រុក តាមរយៈការទិញផ្លែឈើ និងចំណីអាហារ ជាដើម។
ប៉ុន្តែ ទោះយ៉ាងណា តាមការសង្កេតនិងសាកសួរ ផលប្រយោជន៍ដែលបានមកពីស្ពានថ្មថ្មីគឺច្រើនជាងលើសលប់ និងមានភាពស្ថិតស្ថិរយូរអង្វែងជាងស្ពានឫស្សី ដូច្នេះប្រជាជនភាគច្រើនគឺសាទរចំពោះវត្តមានស្ពានថ្ម ហើយមួយចំនួនតូចពោលសម្ដែងភាពអាលោះអាល័យចំពោះប្រដឹស ឬស្ពានឫស្សី៕