លោក ខាំផែង សាយសំផេង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បាននិយាយនៅសប្ដាហ៍នេះថា រដ្ឋាភិបាលបានបែងចែកសម្រាប់ជាដំណោះស្រាយរយៈពេលខ្លី និងដំណោះស្រាយរយៈពេលវែង ពាក់ព័ន្ធវិបត្តិប្រេងឥន្ធនៈដែលកំពុងកើតមាននៅក្នុងប្រទេស។
ក្នុងនោះ ធនាគារនានា នឹងបញ្ចេញរូបិយបណ្ណបរទេសនៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ក្រុមហ៊ុននាំចូលប្រេងមួយចំនួនដែលត្រូវបានជ្រើសរើស ដោយរដ្ឋបានប្រើប្រាស់ប្រាក់ចំណូលពីការលក់ធនធានធម្មជាតិ និងប្រតិបត្តិការរុករករ៉ែ ដើម្បីគាំទ្រដល់យន្ដការ។ លោក រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មឡាវជឿជាក់ថា ក្រុមហ៊ុនឥន្ធនៈនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ប្រេងយ៉ាងហោចណាស់ ៥០% នៃតម្រូវការប្រេងក្នុងប្រទេសនាពេលបច្ចុប្បន្ន បន្ទាប់ពីការអនុវត្តយន្ដការនេះ។
ការខ្វះខាតប្រេងនៅប្រទេសឡាវ បានចាប់ផ្ដើមកើតមានឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ប៉ុន្ដែ នៅដើមសប្ដាហ៍នេះ បញ្ហានេះ កាន់តែធ្ងន់ធ្ងរ ខណៈដែលរដ្ឋធានីវៀងចន្ទន៍ ក៏មានការខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ដែរ។
ក្រុមហ៊ុននាំចូលប្រេងបានជួបបញ្ហា ដោយសារតែប្រាក់គីបរបស់ឡាវធ្លាក់ចុះ តាំងពីខែកញ្ញាឆ្នាំមុនមកម្ល៉េះ រួមទាំង បញ្ហាធ្លាក់ចុះនៃទុនបម្រុងអន្តរជាតិ និងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ បញ្ហាទាំងនេះ គឺជាផ្នែកមួយដែលរុញឲ្យឡាវជួបប្រទះការខ្វះខាតប្រេងសាំងប្រើប្រាស់។
ប្រទេសឡាវត្រូវការប្រេងប្រហែល១២០លានលីត្រក្នុងមួយខែ ប៉ុន្ដែអ្នកនាំចូលប្រេងអាចមានលទ្ធភាពផ្គត់ផ្គង់បានតែ២០លានលីត្រប៉ុណ្ណោះ។ សភាឡាវ ក៏បានកាត់បន្ថយពន្ធលើប្រេងសាំង ពី៣១% មកនៅត្រឹម១៦%ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រេងសាំងមានតម្លៃទាបសម្រាប់អ្នកប្រើប្រាស់។
លោកខាំផែងក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មឡាវ បានអះអាងទៀតថា ក្រុមហ៊ុននាំចូលប្រេងត្រូវការទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិកក្នុងមួយខែៗ ដើម្បីធានាបានសន្ដិសុខប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ ហើយនៅក្នុងរយៈពេលខ្លីនេះ រដ្ឋាភិបាលនឹងផ្ដល់ទឹកប្រាក់៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ដំណើរការនាំចូលប្រេងនេះ។
ទាក់ទងនឹងដំណោះស្រាយរយៈពេលមធ្យមវិញ ប្រទេសឡាវ នឹងស្វែងរកការបញ្ជាទិញប្រេងពីប្រភពទីផ្សារថ្មីៗបន្ថែមទៀត ជាជាងបច្ចុប្បន្នពឹងផ្អែកខ្លាំងតែលើអ្នកផ្គត់ផ្គង់ពីថៃ និងវៀតណាម។
លោកខាំផែង បន្ថែមថា ប្រទេសឡាវត្រូវបង្កើតយុទ្ធសាស្ត្រថ្មីៗសម្រាប់អនាគត ស្របតាមស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចុប្បន្ន។ លោកបន្ថែមថា ប្រទេសឡាវ បច្ចុប្បន្ន មិនទាន់មានស្ដុកងប្រេងបម្រុង ឬមូលនិធិប្រេងបម្រុងនោះទេ ហើយនៅពេលអនាគត អ្នកនាំចូលមិនគួរពឹងផ្អែកតែលើធនាគារកណ្ដាល ធនាគារពាណិជ្ជ និងពាណិជ្ជករប្ដូរប្រាក់ ដើម្បីទទួលបានរូបិយបណ្ណបរទេសសម្រាប់ការនាំចូលទំនិញនោះដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសឡាវក៏បានបង្ហាញពីគម្រោងទិញប្រេងតម្លៃថោកពីរុស្ស៊ីដែរ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសនេះ អះអាងថា វាគ្រាន់តែជាគំនិតមួយប៉ុណ្ណោះ ប៉ុន្ដែ ដំណើរការនៃការទិញប្រេងពីប្រទេសរុស្ស៊ី គឺមានរយៈពេលវែង ហើយមធ្យោបាយនេះ មិនអាចយកមកប្រើប្រាស់ដោះស្រាយបន្ទាន់សម្រាប់រយៈពេលខ្លីនោះទេ៕