ឆ្លើយតបទៅនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមវិនិយោគិនជាតិ និងអន្តរជាតិ បង្កើនការវិនិយោគក្នុងវិស័យនេះឲ្យបានកាន់តែច្រើន សំដៅធ្វើយ៉ាងណាកាត់បន្ថយការនាំចេញនូវវត្ថុធាតុដើម ហើយងាកមកជំរុញការផ្គត់ផ្គង់ក្នុងស្រុក ដើម្បីលើកកម្ពស់ថ្លៃដើមកសិផល និងបង្កើនការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យមានការនាំចេញនូវផលិតផលសម្រេច ជាជាងនាំចេញនូវវត្ថុធាតុដើមទៅកាន់ទីផ្សារអន្តរជាតិ។ ការជំរុញបែបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួយជំរុញខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា សំដៅជួយបង្កើនតម្លៃកសិផល និងកាត់បន្ថយថ្លៃដើមផលិត ដែលជាផ្នែកមួយជួយឲ្យអ្នកប្រកបរបរក្នុង វិស័យនេះទទួលបានផលចំណេញខ្ពស់។ បើទោះបីវិស័យកសិកម្មនៅកម្ពុជា មានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ តែសម្រាប់សម្តេចធិបតី វិស័យនេះនៅតែជាទីផ្សារធំទូលាយ និងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។ យ៉ាងណាមិញប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យមានការចងក្រងគ្នាជាសហគមន៍កសិករ និងរៀបចំជាសហគមន៍កសិកម្មទំនើប សម្រាប់ការបង្កើនផលិតកម្មក្នុងសហគមន៍ និងធានាបាននូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើទោះបីពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ និងបានជះផលអវិជ្ជមានដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជា យ៉ាងណាក៏ដោយ ក៏វិស័យកសិកម្មនៅតែរឹងមាំ និងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតឹងផ្នែកសេដ្ឋកិច្ច ពិសេសការធានាបាននូវសន្តិសុខស្បៀង ដោយបានបញ្ចៀសទាំងស្រុងនូវវិបត្តិស្បៀងអាហារ និងអតិផរណានៃតម្លៃស្បៀង។ មួយវិញទៀត បើទោះបីពិភពលោកបានជួបនូវវិបត្តិប្រេង និងថាមពលឡើងថ្លៃក្តី តែសម្រាប់តម្លៃប្រេងនៅក្នុងប្រទេសកម្ពុជា នៅតែអាចរក្សាក្នុងកម្រិតមួយដែលគ្មានហានិភ័យ និងអាចគ្រប់គ្រងបាន។ យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែជំរុញឲ្យក្រសួងពាណិជ្ជកម្មបន្តយកចិត្តទុកដាក់ និងតាមដានជាប្រចាំលើតម្លៃទំនិញនៅកម្ពុជា សំដៅធ្វើយ៉ាងណាកុំឲ្យទំនិញមានការឡើងថ្លៃខ្លាំងហួសហេតុ ដើម្បីចៀសវាងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងអំឡុងវិបត្តិសកលលោក កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញផលិតផលកសិកម្មក្នុងបរិមាណយ៉ាងច្រើនទៀតផង ទៅកាន់ទីផ្សារអន្តរជាតិ ពោលនៅរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង៦លានតោនទៅកាន់ទីផ្សារខាងក្រៅ។
បើយោងតាមរបាយការណ៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការដាំដុះស្រូវសម្រេចបានជាង៣លាន៦សែនហិកតា និងទទួលបានទិន្នផលជាង៦លាន២សែនតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានទិន្នផលជាង៦លាន៣សែនតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មនៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង៦លានតោន គិតជាទឹកប្រាក់ជាង៣ពាន់៥រយលានដុល្លារអាម៉េរិក ទៅកាន់ទិសដៅចំនួន៧៤ប្រទេស៕