អាហារខូចគុណភាព

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការហាមឃាត់ការនាំចូលចំណីអាហារ និងសាច់បង្កកខុសច្បាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពង្រឹងឲ្យបានហ្មត់ចត់នូវការនាំចូលចំណីអាហារ និងសាច់បង្កកខុសច្បាប់ ឬខូចគុណភាពមកកាន់ទីផ្សារកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ។
2
ដោយ

ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយវិស័យឯកជនបានទទូចស្នើសុំឱ្យរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ ដែលមានតម្លៃថោកក្រោយពួកគេបារម្ភធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក សុខភាពប្រជាពលរដ្ឋ និងប្រកួតប្រជែងមិនស្មើភាព​។

នៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន លើកទី១៩នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យនិងពង្រឹងការហាមឃាត់ការនាំចូលចំណីអាហារ និងសាច់បង្កកខូចគុណភាព និងខុសច្បាប់នានាចូលមកទីផ្សារកម្ពុជាឱ្យបានហ្មត់ចត់ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្រោយមានការស្នើសុំពីសមាគមអ្នកចិញ្ចឹមនៅកម្ពុជា និងអ្នករកស៊ីក្នុងវិស័យនេះ​ឱ្យមានការទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ ក្រោយពួកគេសង្កេតឃើញសាច់បង្កកបានធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យនៅលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតដោយសារពួកគេបារម្ភធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្ម។

បន្ថែមលើការជំរុញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យអគ្គនាយកដ្ឋាគយ និងរដ្ឋាករកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឲ្យមានការនាំចូលនូវសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ។ លើសពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរជាតិតែមួយ ដើម្បីជួយសម្រួល និងពន្លឿនការស្នើសុំលិខិតអនុញ្ញាតផងដែរ។

គួរជម្រាបថា ការនាំចូលនូវសាច់បង្កកខុសច្បាប់ចូលមកទីផ្សារកម្ពុជា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក និងក្រុមហ៊ុននាំចូលសត្វរស់ និងសាច់បង្កកស្របច្បាប់ ក៏ដូចជាប៉ះពាល់ដល់សុវត្ថិភាពចំណីអាហាររបស់ពលរដ្ឋ។ ជាក់ស្តែងក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនកើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនមួយគ្រោងបោះទុនវិនិយោគ៥០០លានដុល្លារ លើការផលិតសំបកកង់រថយន្តនៅកម្ពុជា

ក្រុមហ៊ុនចិនមួយបានបង្ហាញពីបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើការផលិតសំបកកង់រថយន្ត ជាមួយទំហំវិនិយោគប្រមាណ៥០០លានដុល្លារ ដែលអាចបង្កើតឱ…

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យទេសចរណ៍

រាជរដ្ឋាភិបាល បានជ្រើសរើសយកខេត្តសៀមរាប ដើម្បីអនុវត្តលើកស្ទួយវិស័យទេសចរណ៍ក្រោយខេត្តដ៍មានសក្តានុពលលើវិស័យទេសចរណ៍មួយនេះ បានរងផលប៉ះពាល់ធ្ង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ