បើទោះបីជា មានការបង្កើនទំហំកម្ចីកាន់តែធំជាងមុននៅក្នុងបរិការណ៍កូវីដ១៩ក៏ដោយចុះ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទំហំកម្ចីដែលគ្រោងនឹងខ្ចីបន្ថែម បូករួមទាំងបំណុលដែលកំពុងជំពាក់មិនទាន់សងរាប់ពាន់លានដុល្លារទៀត ក៏មិនទាន់ធ្វើឲ្យកម្ពុជាមានបន្ទុកបំណុលវ័ណ្ឌករនោះដែរ ពោលគឺ ក្នុងទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា មាន ចីរភាព និងហានិភ័យកម្រិតទាបនៅឡើយទេ។
យ៉ាងណាមិញនៅក្នុងការគ្រប់គ្រងបំណុលសាធារណៈនេះដែរ រាជរដ្ឋាភិបាលក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៥ចំណុច៖
១, ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខណអនុគ្រោះខ្ពស់
៣, ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤, ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់បំផុត
៥, ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសារធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
គិតត្រឹមឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ជំពាក់ប្រទេសចិនច្រើនជាងគេមានដល់ទៅជិត៤៤%នៃបំណុលសាធារណៈសរុប បន្ទាប់មក គឺបំណុលដែលខ្ចីពីពហុភាគីដែលមានជាង ៣០% និងបំណុលជំពាក់ប្រទេសជប៉ុនមានជិត៩%, កូរ៉េខាងត្បូងមានជាង៥% និងបំណុលមរតកដែលកំពុងចរចាមានប្រមាណជាង៦,៧%។ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕