យុវជន​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍តំបន់អាស៊ាន

និស្សិតកម្ពុជាចូលរួមកម្មវិធីភាពជាអ្នកដឹកនាំនិងសកម្មភាពអភិវឌ្ឍន៍សង្គមនៅក្នុងការបោះជំរំអាស៊ាន រៀបចំដោយ SCG


ក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយនៅក្នុងអាស៊ាន បានរៀបចំព្រឹត្តិការណ៍ជំរំពហុវប្បធម៌មួយ ដែលមានឈ្មោះថា «SCG ចែករំលែកក្ដីសុបិនអាស៊ាន» ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សីហា ២០១៩ នៅក្នុងប្រទេសថៃ ដោយមាននិស្សិតចូលរួមជាង ៧០នាក់ មកពី ៧ប្រទេស គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងនិងការអភិវឌ្ឍយុវជនដល់និស្សិតដែលចូលរួម ។
និស្សិតកម្ពុជាចូលរួមកម្មវិធីភាពជាអ្នកដឹកនាំនិងសកម្មភាពអភិវឌ្ឍន៍សង្គមនៅក្នុងការបោះជំរំអាស៊ាន រៀបចំដោយ SCG
ដោយ

ក្នុងអំឡុងពេល ៥ថ្ងៃ និស្សិតមកពីបណ្ដាប្រទេសអាស៊ានទាំងនេះ បានធ្វើទស្សនកិច្ចនៅឯទីស្នាក់ការកណ្ដាលរបស់ SCG ដែលនៅទីនោះ ពួកគេបានស្ដាប់បទបាឋកថារបស់ប្រធាននិងអគ្គនាយក SCG ស្ដីពីភាពជាអ្នកដឹកនាំ និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម ។ 

ទន្ទឹមនឹងនេះ និស្សិតទាំង ៧៣នាក់ ក៏បានចូលរួមសិក្ខាសាលាស្ដីពី«ការស្គាល់ខ្លួនឯង» និង​«ការអភិវឌ្ឍភាពជាអ្នកដឹកនាំ» ព្រមទាំងបានទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍សង្គមនានារបស់ SCG នៅខេត្តរ៉ាក់យ៉ង ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីទីក្រុងបាងកក ផងដែរ ។ 

នៅឯខេត្តរ៉ាក់យ៉ង និស្សិតអាស៊ានទាំងនេះមិនត្រឹមតែបានរៀនសូត្រនិងស្វែងយល់អំពីសកម្មភាពអភិវឌ្ឍន៍សង្គម ដែល SCG បានជួយដល់ជីវភាពរបស់សហគមន៍មូលដ្ឋានប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏បានចូលរួមធ្វើសកម្មភាពសហគមន៍ដោយផ្ទាល់ផងដែរ ដូចជា ការសង់«ផ្ទះជម្រកត្រី» ដោយប្រើសំណល់បំពង់ផ្លាស្ទិក ។ 

និស្សិត​កម្ពុជា កញ្ញា ឈន ចាន់ពិសី ចូលរួម​សកម្ម​ភាព​សហគមន៍​នៅក្នុង​ព្រឹត្តិការណ៍ជំរំ​អាស៊ាន នៅប្រទេសថៃ។

ចំពោះនិស្សិតកម្ពុជា កញ្ញា ឈន ចាន់​ពិសី នេះជាលើកដំបូងបង្អស់ហើយរបស់កញ្ញា ដែលបានជួបជុំជាមួយមិត្តភក្ដិមកពីប្រទេសអាស៊ាន នៅក្នុងព្រឹត្តិការណ៍ជំរំថ្នាក់តំបន់បែបនេះ ។ កញ្ញា ពិសី ស្ថិតក្នុងចំណោមនិស្សិត ១០នាក់ មកពីកម្ពុជា ដែលបានទទួលអាហារូបករណ៍ពី SCG និងបានមកចូលរួមព្រឹត្តិការណ៍ជំរំ ៥ថ្ងៃ នៅទីក្រុងបាងកក និងនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ នេះ ។ 

កញ្ញា ពិសី និយាយយ៉ាងដូច្នេះថា «នេះជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ ។ ខ្ញុំរៀនសូត្របានច្រើនពីជំរំនេះ ដូចជា ជំនាញភាពជាអ្នកដឹកនាំ ការចែករំលែកវប្បធម៌ជាមួយមិត្តភក្ដិអាស៊ាន ការទៅទស្សនាសកម្មភាពអភិវឌ្ឍន៍សហគមន៍របស់ SCG នៅខេត្តរ៉ាក់យ៉ង និងការធ្វើបទបង្ហាញពីគម្រោងអភិវឌ្ឍន៍សហគមន៍ដែលយើងបានផ្ដួចផ្ដើមជាគំនិតឡើង» ។

ដូចគ្នានឹងកញ្ញា ពិសី ដែរ យុវនិស្សិត ខាន់ សំណាង ដែលបច្ចុប្បន្នសិក្សាផ្នែកវិស្វកម្មស៊ីវិល ក្រោមអាហារូបករណ៍របស់ SCG ក៏មានក្ដីរំភើបអំពីការចូលរួមព្រឹត្តិការណ៍ជំរំនេះដែរ ។

យុវនិស្សិត​កម្ពុជា ខាន់ សំណាង ចូលរួម​សកម្មភាព​នៅក្នុង​ព្រឹត្តិការណ៍ជំរំ​អាស៊ាន នៅប្រទេសថៃ។

យុវជន សំណាង និយាយយ៉ាងដូច្នេះ «ជាបទពិសោធន៍លើកដំបូងបង្អស់សម្រាប់ខ្ញុំ។ ខ្ញុំបានដើរទស្សនាទីក្រុងបាងកក បានឃើញហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យរបស់គេ។ ហើយអ្វីដែលខ្ញុំចូលចិត្តបំផុត គឺបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ ដែលផ្ដល់ដោយប្រធានក្រុមហ៊ុន SCG ការចុះទៅមើលសកម្មភាពសង្គមនៅខេត្តរ៉ាក់យ៉ង ដែលគេច្នៃសំណល់បំពង់ផ្លាស្ទិកធ្វើជាផ្ទះត្រី ជួយដល់ជីវភាពសហគមន៍នេសាទនៅក្នុងមូលដ្ឋាន ។ និងទៅមើលចម្ការចេក ដែល SCG ជួយដល់ជីវភាពគ្រួសារជនពិការនៅទីនោះ»។ 

ទាំងកញ្ញា ពិសី និងយុវជន សំណាង និយាយថា ពួកគេនឹងយកបទពិសោធន៍និងចំណេះដឹងដែលបានរៀនសូត្រពីព្រឹត្តិការណ៍ជំរំនៅថៃនេះ ទៅចែករំលែកជាមួយមិត្តភក្ដិនៅកម្ពុជា។

 កញ្ញា ពិសី និយាយដូច្នេះថា «ខ្ញុំនឹងចែករំលែកជាមួយមិត្តភក្ដិអំពីវប្បធម៌ប្រទេសផ្សេងៗ និងផ្នត់គំនិតរបស់ជនជាតិមកពីប្រទេសផ្សេងៗ ដែលខ្ញុំបានជួបនៅក្នុងការបោះជំរំនេះ»។ 

យុវជន​កម្ពុជា និង​យុវជន​មក​ពី​៦ប្រទេស​ទៀត​នៅ​អាស៊ាន ថតរូបអនុស្សាវរីយ៍​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ SCG នៅ​ទីស្នាក់ការធំ​ នាទីក្រុង​បាងកក។

រីឯយុវជន សំណាង វិញ បន្ថែមថា «ខ្ញុំនឹងខិតខំយកអ្វីដែលបានរៀនសូត្រពីព្រឹត្តិការណ៍នេះ ទៅអនុវត្ត ជាពិសេស ការកែច្នៃសំរាម ប្រែក្លាយវាទៅជារបស់ដែលមានតម្លៃ» ។ 

និស្សិតមកពី ៧ប្រទេសនេះ បានចងក្រងគ្នាជាបណ្ដាញ នៅទូទាំងអាស៊ាន សម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបចីរភាព នៅក្នុងតំបន់ ។ 

នៅក្រោយព្រឹត្តិការណ៍ជំរំនេះ និស្សិតអាស៊ានទាំង ៧៣នាក់ ដែលមកពី ៧ប្រទេសនេះ ក៏បានចូលរួមនៅក្នុងសន្និសីទតំបន់ស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយ SCG នៅក្នុងទីក្រុងបាងកក ផងដែរ នាថ្ងៃទី២៦ សីហា ២០១៩ ។ នៅក្នុងសន្និសីទនេះ ពួកគេបានស្ដាប់អំពីគោលគំនិតសេដ្ឋកិច្ចវិលជុំ (circular economy) និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវបានផ្ដល់ឱកាសឲ្យចែករំលែកកង្វល់របស់ពួកគេអំពីបញ្ហាបរិស្ថាន ទៅដល់មេដឹកនាំធុរកិច្ច តំណាងរដ្ឋាភិបាល អង្គការអន្តររដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលចូលរួមនៅក្នុងសន្និសីទនេះ ផងដែរ ៕




អត្ថបទបន្ទាប់


តើការងារណាខ្លះដែលជនបរទេសមិនអាចធ្វើបាននៅកម្ពុជា?

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោកអ៊ិត សំហេង បានចេញប្រកាសនៅ​ថ្ងៃពុធ​ ទី២៨​ ខែសីហានេះ ដោយកំណត់ប្រភេទមុខរបរនិង​ការងារ…

រដ្ឋមន្ត្រីក្រសួងដែនដី ប្រកាសឲ្យពលរដ្ឋក្ដាប់ឱកាសវិនិយោគ ខណៈបូកគោនឹងត្រូវអភិវឌ្ឍជាទីក្រុងថ្មី

ព័ត៌មាន
បូកគោដែលត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយរបស់កម្ពុជា ក្នុងទឹកដីខេត្តកំពតនោះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រកាសថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ