ថ្លែងក្នុងទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា ឱ្យកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយបរិយាប័ន្ន និងសមធម៌ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនការវិនិយោគទុនដល់ជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ពួកគេ និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សម្រាប់សម្តេចធិបតី ការពង្រឹងសម្ថតភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន ដែលគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវមានសម្ថតកិច្ចធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពឱ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយផងដែរ។
ទន្ទឹមនឹងនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជនផ្តល់ឱកាស និងលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យចូលបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង និងមានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង ពោលគឺរាប់តាំងពីការបម្រើការងារជាមន្ត្រីរាជការ កម្មករ-និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
សូមជម្រាបថា បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅក្នុងឆ្នាំ២០២៣ នេះមានជនពិការភាពជាង៧ពាន់៥រយនាក់ កំពុងបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ដោយក្នុងនោះជនមានពិការភាពជាង៣ពាន់៨រយនាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាបនរដ្ឋចំនួន៣៩ស្ថាប័ន ក្នុងនោះស្រ្ដីមានជិត៨៧០នាក់ និងពិការភាពកម្រិតធ្ងន់ជាង២ពាន់៣រយនាក់ ដែលស្មើនឹងប្រមាណជាង២%៕