កម្ពុជា និង​បញ្ហា​ EBA

លោក ផៃ ស៊ីផាន៖ កម្ពុជា​​ត្រូវ​​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ផ្សេងៗទេ


អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន និង​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ឲ្យ​កាន់តែ​ខ្លាំង​ក្លា ដើម្បី​អាច​ឈរ​ដោយ​ខ្លួន​ឯងបាន ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​ប្រទេស​ផ្សេងៗ ទាំង​ក្នុង​​បច្ចុប្បន្ន និង​ទៅ​អនាគត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។ រូបថតឯកសារដោយ ស៊ីវ ចាន់ណា/The Cambodia Daily
ដោយ

ថ្លែងតាម​រយៈ​ហ្វេកប៊ុក​របស់​លោក កាលពីថ្ងៃទី២៥ ខែតុលា លោក ផៃ ស៊ីផាន បាន​សរសេរ​ដូច្នេះ​ថា «កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន និង​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម និង​ហានិភ័យ ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​... ព្រមទាំង​ត្រូវ​ធ្វើការ​វះកាត់​ដោះ​ស្រាយ​បញ្ហា ជា​រចនាសម្ព័ន្ធ​រ៉ាំរ៉ៃ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ខ្លាំង​ក្លា និង​ដើម្បី​អាច​ឈរ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​ប្រទេស​ផ្សេងៗ​ទាំង​ក្នុង ពេល​បច្ចុប្បន្ន និង​អនាគត។»

គួរ​រំឭក​ថា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ ថា ខ្លួន​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA បន្ទាប់​ពី​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅ​កម្ពុជា។

ធនាគារ​ពិភពលោក កាល​ពី​ខែ​ឧសភា បាន​ចេញ​របាយការណ៍​មួយ​ ដោយ​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ប្រហែល​ជាង ៦៥០​លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​សហភាព​អឺរ៉ុប ពិតជា​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​មែន​នោះ។

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន កាលពី​ថ្ងៃ​ទី៨ ខែ​តុលា​កន្លង​ទៅ ក៏​បាន​អំពាវនាវ​សូម​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​កំពុង​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា បន្ត​វិនិយោគ​របស់​ខ្លួន បើទោះបី​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ ជាពិសេស បើ​សិន​ជា​មាន​ការដក EBA ចេញ​ពី​កម្ពុជា ក៏ដោយ។ តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ក៏​បាន ជួប​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ផងដែរ កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ដើម្បី​ពិភាក្សា​អំពី​បញ្ហា EBA នេះ។

លោក ផៃ ស៊ីផាន បាន​និយាយ​ផង​ដែរ ថា កម្ពុជា​មាន​សេដ្ឋកិច្ច​បើក​ចំហ​ខ្លាំង ហើយ​ក្បាល​ម៉ាស៊ីន​អូស​កំណើន​សេដ្ឋកិច្ច ពឹងផ្អែក​ច្រើន​លើ​កត្តា​ខាង​ក្រៅ​ដែល​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពី​ហានិភ័យ​ខាងក្រៅ ដោយ​មិន​ទាន់​គិត​ទៅ​ដល់​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ភាព​មិន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ជាមួយ​ដៃគូ​មួយ​ចំនួន ក៏ដូចជា​ហានិភ័យ​ខាង​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា «ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវ​ខិតខំ​ទ្វេ​ដង​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ និង​ធុរកិច្ច ដែល​អាច​នឹង​ហូរ​ចូល​កម្ពុជា ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​ត្រូវ​ក្ដាប់​យក​នូវ​កាលានុវត្ដភាព​ពី​បដិវត្ដន៍​ឧស្សាហកម្ម​ទី៤ និង​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ។»

លោក​បាន​បន្ត​ថា លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​ត្រូវ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​កាន់តែ​ស្អាត​ស្អំ ឆ្លាតវៃ និង​មាន​សមត្ថភាព​ខ្លាំង​ពូកែ ដើម្បី​អាច​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច ដែល​កាន់តែ​ធំ​និង​ស្មុគ​ស្មាញ​ជាង​មុន។

ក្នុង​ថ្ងៃ​ទី២៥ ខែ​តុលានេះ​ដែរ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក៏​បាន​និយាយ​ថា បើទោះបី​ជា​កម្ពុជា​ជាប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​ក៏​ដោយ ក៏នៅតែ​មាន​បញ្ហា​ប្រឈម​ដែរ។

បញ្ហា​ប្រឈម​ទាំង​នោះ យោងតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​ភាព​ក្រីក្រ​ក្នុង​ចំណោម​គ្រួសារ​ដែល​មាន​ស្ត្រី​ជា​មេ​គ្រួសារ ដោយសារ​តែ​ពួកគាត់​មាន​ភាព​ងាយរងគ្រោះ​ចំពោះ​ការងារ​ដែល​គ្មាន​សុវត្ថិភាព។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​អះអាង​បន្ត​ថា កិច្ច​គាំពារ​សង្គម​នៅ​មាន​កម្រិត ហើយ​ការ​ទទួល​បាន​នូវ​គុណភាព​សុខភាព​និង​ការ​អប់រំ​នៅតែ​មាន​ភាព​ផុយស្រួយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវេចខ្ចប់ ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្សថៃ SCG គ្រោងនឹងបោះផ្សាយមូលបត្រ ១ពាន់លានដុល្លារ ឆាប់ៗនេះ

ក្រុមហ៊ុន វេចខ្ចប់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុនយក្សរបស់ថៃ SCG គ្រោងនឹងធ្វើការចុះបញ្ចីបោះផ្សាយមូលបត្រនៅក្នុងស្រុក ជាមួយនឹងទំ…

អ្នកជំនាញ៖ សូម​កុំនិយាយ​រឿង​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់​ចុះ ដោយ​គ្មាន​​​តួលេខ!

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​អះអាង​ថា ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ នៅតែ​ស្ថិត​នៅ​ក្នុង​ដំណើរ​លូតលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ