អ្នកជំនាញក្នុងវិស័យទេសចរណ៍មានការយល់ឃើញផ្សេងៗគ្នាជុំវិញបញ្ហានេះ ដោយអ្នកខ្លះថា វាហាក់ដូចជាលឿនពេក និងស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ហើយអ្នកខ្លះថា វាល្មមដល់ពេលហើយ ដែលត្រូវឈប់ផ្ដល់ប្រាក់ឧបត្ថម្ភនេះ។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ កន្លងមកមានអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណ៣០% បានផ្អាកដំណើរការ ដែលធ្វើឲ្យកម្មការជាង២ម៉ឺននាក់បានព្យួរការងារ។
លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការឈប់ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែដល់កម្មករ និយោជិត ដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍កាលពីពេលថ្មីៗនេះ វាហាក់ដូចជាលឿនពេក។ ទន្ទឹមនឹងនេះ លោកស្នើឲ្យរាជរដ្ឋាភិបាលគួរគិតគូឡើងវិញលើបញ្ហានេះ ព្រោះថា ទោះអាជីវកម្មដែលបានបិទទ្វារភាគច្រើនបានបើកដំណើរការឡើងវិញក៏ដោយ តែអាជីវកម្មទាំងនោះនៅតែប្រឈមហានិភ័យខ្ពស់ពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងកត្តាដទៃទៀត។ ម្យ៉ាងទៀត ស្ថានភាពវិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដែលទាមទារពេលច្រើនទៀតក្នុងការស្តារ និងអភិវឌ្ឍន៍។
ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធាសសមាគមសណ្ឋាគារកម្ពុជាយល់ឃើញថា ការសម្រេចឈប់ផ្តល់ថវិកាឧបត្ថម្ភ៤០ដុល្លារដល់កម្មករ និយោជិតព្យួរការងារក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលនៅពេលនេះ វាជាពេលវេលាសមរម្យហើយ។ ព្រោះលោកជឿជាក់ថា កម្មករ និយោជិត ដែលបានព្យួរការងារកន្លងមក ពួកគេក៏បានទៅរកការងារថ្មីធ្វើ ហើយអាជីវកម្មក្នុងវិស័យទេសចរណ៍ភាគច្រើន ក៏បានបើកដំណើរការឡើងវិញផងដែរ។ ទោះយ៉ាងណាលោកបានគូសបញ្ជាក់ថា ទោះបីអាជីវកម្មទេសចរណ៍ ជាពិសេសសណ្ឋាគារភាគច្រើនបានបើកដំណើរការឡើងវិញក៏ពិតមែន តែស្ថានភាពភ្ញៀវដើរកម្សាន្ត និងប្រើប្រាស់សេវាសណ្ឋាគារនៅមានចំនួនតិចតួចនៅឡើយ។ កត្តានេះ ក៏នៅតែជាបញ្ហាប្រឈមសម្រាប់ប្រតិបត្តិករ និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ដដែល។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ចាក់ថា បច្ចុប្បន្នក្នុងចំណោមអាជីវកម្មទេសចរណ៍៣០%ដែលបានផ្អាកដំណើរការដោយសារវិបត្តិកូវីដ-១៩ មានអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ ក្រោយមានការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងដកការរឹតបន្តឹងវិធានការកូវីដ-១៩សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្ពុជា។ ប៉ុន្តែក៏នៅមានអាជីវកម្មមួយចំនួនជាពិសេសនៅខេត្តសៀមរាបនៅតែបន្តបិទទ្វារអាជីវកម្មដដែល។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ កន្លងមកមានកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ជាង ២ម៉ឺន៣ពាន់នាក់ត្រូវបានព្យួរការងារ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែៗ ដែលមានទឹកប្រាក់សរុបជាង៧លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែដល់កម្មករ និយោជិតដែលត្រូវបានព្យួរការងារក្នុងវិស័យទេសចរណ៍ បន្ទាប់ពីកន្លែងការងារដែលពួកគេធ្វើការត្រូវបានផ្អាកឬបិទដំណើរការដើម្បីជួយសម្រាកបន្ទុកការចំណាយរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចបិទបញ្ចប់យន្តការផ្តល់ប្រាក់ឧបត្ថម្ភនេះ ក្រោយមើលឃើញស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ ហើយមានអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់៕