ថ្លែងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងសិក្ខាសាលាស្ដីពី«ការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ» ដែលរៀបចំដោយ និយ័តករមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ គឺពិតជាមានសារៈសំខាន់ ដែលនឹងធ្វើឲ្យសិក្ខាកាម យល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រ ជាអាទិ៍ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែម ដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសមូលបត្ររបស់ធនាគារ អេស៊ីលីដាផ្ទាល់តែម្ដង។
លោកបណ្ឌិត បានមានប្រសាសន៍បន្តថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ដែលបានបោះផ្សាយជាសាធារណៈថ្មីៗនេះ ធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព។ របាយការណ៍ដែលបានបោះផ្សាយជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ គឺពិតជាមានសារៈសំខាន់ និងជាធាតុ ផ្សំមួយសម្រាប់វិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគលើវិស័យមូលបត្រ ទៅតាមទិសដៅដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះ ការវិភាគទៅលើរបាយការណ៍ គឺតម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដែលវិនិយោគិន ម្នាក់ៗនឹងមានទំនុកចិត្តលើខ្លួនឯងនូវរាល់ការវិនិយោគរបស់ខ្លួន។
ជាមួយគ្នានោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា វគ្គបណ្ដុះបណ្ដាលស្ដីពី ការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ ពិតជាចាំបាច់និងមានសារៈសំខាន់បំផុត សម្រាប់វិនិយោគិនក្នុងវិស័យមូលបត្រ ធ្វើការវិនិយោគប្រកបដោយសុវត្ថិភាពខ្ពស់ មានហានិភ័យទាប និងទទួលស្គាល់ដោយផ្លូវច្បាប់។ ជាមួយគ្នានោះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានលើកទឹកចិត្តផងដែរ ដល់វិនិយោគក្នុងវិស័យមូលបត្រ ដែលមានបំណងវិនិយោគក្នុងវិស័យនេះ ត្រូវស្វែងយល់ឲ្យបានច្បាស់ មុននឹងសម្រេចចិត្តវិនិយោគ ចៀសវាងនូវហានិភ័យនានា ជាយថាហេតុ។
បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ ដើម្បីចូលរួមជំរុញវិស័យមូលបត្រកម្ពុជា ឲ្យកាន់តែរីកចម្រើន នាឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជា នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវផលិតផលថ្មីមួយទៀត គឺ CSX Trade ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួញដូរភាគហ៊ុន តាមទូរសព្ទដៃ និងចៀសវាងនូវហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា៕