ពាក់ព័ន្ធទៅនឹងសំណួរខាងលើនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកជំនាញរៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ បានធ្វើការបកស្រាយយ៉ាងខ្លីថា ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ច៧%នេះ មិនមែនយកលុយទាំងដុំទៅចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។
ប៉ុន្តែ ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកផលលាភតាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍនៅក្នុងវិស័យអប់រំ សុខាភិបាល ដំឡើងប្រាក់ខែដល់មន្ត្រីរាជការបម្រើសេវាកម្មសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនជាដើម។
ឯកឧត្តម វស្សី វិស្សុត បានបន្តថា ការបែងចែកផលកំណើនសេដ្ឋកិច្ចគឺសំខាន់ត្រូវបង្កើតការងារ កាលណាមានការងារ មានប្រាក់ចំណូលហើយនោះ ប្រជាជននឹងទទួលបានផលចំណេញ។
យន្តការនៃការបែងចែករបស់រដ្ឋតាមរយៈថវិកាជាតិ ទី១ ខាងផ្នែកពន្ធដារ រដ្ឋអត់យកពន្ធលើប្រាក់ខែ អ្នករកស៊ីតូចតាច ពន្ធភាស៊ី សេវាសាធារណៈត្រូវបានលុបអស់។ ប៉ុន្តែ ជំនួសមកវិញនូវការយកពន្ធកាន់តែច្រើន ពីអ្នកវិនិយោគធំៗ ពីព្រោះអ្នករកស៊ីធំៗទាំងអស់នោះ ចំណេញច្រើនពីផលសេដ្ឋកិច្ច។
និយាយជារួម ការបែងចែកផលលាភទៅដល់ប្រជាជនតាមរយៈកំណើនសេដ្ឋកិច្ច ៧%នេះ គឺរដ្ឋបានចំណាយនិងវិនិយោគអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋរស់នៅបានសមរម្យ។
ធនាគារពិភពលោកបានផ្តល់ជាសារដ៏សំខាន់មួយ គឺដើម្បីឲ្យកម្ពុជានៅបន្តរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន គឺត្រូវបង្កើនផលិតភាពការងាររបស់ខ្លួនដើម្បីឆ្លើយតបនឹងការដំឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស និងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្រ៕