មេរោគនេះត្រូវបានរកឃើញនៅក្នុងកសិដ្ឋានមួយកន្លែងដែលមានសត្វបក្សី ១.១៣៥ក្បាល ដោយបានបណ្ដាលឲ្យងាប់បក្សី ៣០០ក្បាល ហើយនៅសល់ក្រៅពីនោះ ត្រូវគេសម្លាប់ចោលទាំងអស់ដើម្បីបង្ការការឆ្លងរាលដាល។
សារព័ត៌មាន VN Express ចុះផ្សាយអំពីការផ្ទុះមេរោគផ្ដាសាយបក្សីនេះ ដោយយោងប្រភពពីទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។ ព័ត៌មានមិនបានបញ្ជាក់ច្បាស់អំពីប្រភេទសត្វបក្សីទាំងនោះទេ ហើយគេក៏មិនទាន់ដឹងនៅឡើយអំពីមូលហេតុ និងប្រភពនៃការចម្លងមេរោគនេះនៅឡើយ។
មេរោគផ្ដាសាយបក្សី H5N1 នេះ កើតនៅលើសត្វបក្សី ហើយអាចចម្លងពីសត្វបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់សត្វបក្សីដែលមានផ្ទុកមេរោគនេះ។ ប៉ុន្តែ មេរោគនេះមិនអាចចម្លងពីមនុស្សទៅមនុស្សបានឡើយ។ ដើម្បីជៀសវាងការឆ្លងមេរោគនេះ គេត្រូវជៀសវាងការប៉ះពាល់សត្វបក្សីដែលសង្ស័យថាមានផ្ទុកមេរោគផ្ដាសាយបក្សី ហើយត្រូវចម្អិនសត្វបក្សីឲ្យបានឆ្អិនល្អមុននឹងបរិភោគ៕