ប្រធានាធិបតីហៃទីគឺលោក Jovenel Moise ត្រូវបានជនមិនស្គាល់មុខលបបាញ់សម្លាប់ដោយអាវុធធុនធ្ងន់នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកនៅយប់ថ្ងៃពុធនេះ ខណៈភរិយារបស់លោកក៏រងរបួសផងដែរ ហើយភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរនៅក្នុងប្រទេសហៃទី ដែលភាគច្រើនបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងអាចនិយាយភាសាអង់គ្លេស និងអេស្បាញបាន ហើយត្រូវបានគេសង្ស័យថា ជនបរទេសឃាតករស៊ីឈ្នួល។
ការបាញ់សម្លាប់លោក Jovenel Moise នេះផងដែរកើតឡើងចំពេលដែរប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរដោយសារវិបត្តិមនុស្សធម៌ អំពើពុករលួយ និងភាពចលនាចលនៃនយោបាយនៅក្នុងប្រទេស។ ខណៈពេលដែលប្រជាជនជាច្រើននៅក្នុងប្រទេសហៃទី រមែងចង់អោយលោក Jovenel Moise ចុះចេញពីតំណែង។
យ៉ាងណាមិញ ការលបធ្វើឃាតនេះបានធ្វើឱ្យផ្ទុះការតវ៉ាពីអ្នកដែលគាំទ្រលោកមួយចំនួន និងមានការថ្កោលទោសពីសហរដ្ឋអាមេរិក បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន និងប្រទេសដែលនៅជិតខាងហៃទីផងដែរ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បី បន្តជួយធ្វើឱ្យប្រទេសហៃទីមានសុវត្ថិភាព និងស្ថេរភាពឡើងវិញ»។
អត្ថបទ៖ ស៊ើង និមល់