អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បាននិយាយកាលពីចុងសប្តាហ៍មុនថា ធនាគារកណ្តាលអាម៉េរិក គឺជាស្ថាប័នឯករាជ្យ ហើយលោកស្រីនឹងមិនជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់ស្ថាប័ននេះឡើយ ប្រសិនបើលោកស្រីឈ្នះការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ទស្សនៈរបស់លោកស្រី ហារីស ហាក់ផ្ទុយនឹងការយល់ឃើញរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលយល់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក គួរតែមានសិទ្ធិក្នុងការនិយាយជុំវិញការសម្រេចចិត្ត ដែលធ្វើឡើងដោយធនាគារកណ្តាលអាម៉េរិក។
យ៉ាងណាក៏ដោយ លោកស្រីហារីស បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងពេលឡើងយន្តហោះទៅកាន់ទីក្រុង Las Vegas សម្រាប់យុទ្ធនាការមួយនៅទីនោះថា លោកស្រីមិនយល់ស្របជាមួយនឹងជំហររបស់លោក ត្រាំ ឡើយលើបញ្ហានេះ។ ជាមួយគ្នានេះ បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យរូបនេះ បានអះអាងថា លោកស្រីគ្រោងនឹងបង្ហាញគោលនយោបាយរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយផ្តោតលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកទាំងមូល។
ការកើនឡើងនូវអត្រាអ្នកអត់ការងារធ្វើនៅខែកក្កដា របស់សហរដ្ឋអាម៉េរិក ដែលបានរាយការណ៍កាលពីសប្តាហ៍មុន បានជំរុញឱ្យទីផ្សារភាគហ៊ុនសកលរងការរង្គោះរង្គើ ហើយអ្នកវិនិយោគនានា កំពុងព្រួយបារម្ភនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីដំណើរវិវត្តន៍ទៅមុខនៃស្ថានភាពនេះ និងបញ្ហាពាក់ព័ន្ធនានា។
ដោយឡែកលោក ត្រាំ វិញ បានលើកឡើងនៅគោលជំហរមួយ ដែលហាក់បីដូចជានឹងបំបាត់ឯករាជ្យភាព របស់ធនាគារកណ្តាលលើបញ្ហាសេដ្ឋកិច្ច។ លោកត្រាំ ដែលធ្លាប់បានបង្ហាញជំហរមិនពេញចិត្តនឹងចំណាត់ការសេដ្ឋកិច្ចរបស់លោក ជេរ៉ូម ផៅវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិកស្រាប់នោះ បានលើកឡើងថា លោកជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដូច្នេះការគិតរបស់លោកទំនងជាអាចល្អប្រសើរជាងមនុស្សដែលកំពុងបម្រើការនៅធនាគារកណ្តាល ឬសូម្បីប្រធានធនាគារកណ្តាលអាម៉េរិក។ លោកយល់ថា ប្រធានាធិបតីអាម៉េរិក គួរតែមានសិទ្ធិនៅក្នុងការនិយាយស្តីអំពីបញ្ហានានា ជាពិសេសបញ្ហាកំណត់អត្រាការប្រាក់៕
ដោយៈ សរ សុជាតិ